COVID-19
ជាតិ
ផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ត្រូវដាក់ជាតំបន់ក្រហម
14, May 2021 , 5:19 pm        
រូបភាព
ដោយ:
ផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្តូង ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ត្រូវបានរដ្ឋបាលខេត្តកណ្តាល កំណត់ជាតំបន់ក្រហម ខណៈតំបន់ផ្សេងៗទៀតជាតំបន់លឿងទុំ និងលឿង។ ក្រៅពីបន្តបែងចែកតំបន់នេះ អាជ្ញាធរខេត្ត ក៏នឹងបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍ទៀតដែរ គឺរហូតដល់ថ្ងៃទី២១ឧសភា។


ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកណ្តាល បានសម្រេចបន្តអនុវត្តវិធានការរដ្ឋបាល និងបែងចែកតំបន់ក្រហម,លឿងទុំ និងលឿងរយៈពេល១សប្តាហ៍ទៀត។ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល វិធានការបែងចែកតំបន់ និងអនុវត្តវិធានការរដ្ឋបាល នឹងបន្តដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។  
 
ទោះយ៉ាងណា តំបន់ក្រហមនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក៏បានរួមតូច ដូចនឹងរាជធានីភ្នំពេញដែរ។ បច្ចុប្បន្ន មានតែផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្តូង ក្នុងឃុំបែកចាន ស្រុកអង្គស្នួលប៉ុណ្ណោះ ដែលនៅជាតំបន់ក្រហម ខណៈកាលពីមួយសប្តាហ៍មុន ៥ភូមិតំបន់ក្រហមក្នុងស្រុកអង្គស្នួលមានដល់ទៅ៥ភូមិ ហើយតំបន់អាគារវប្បធម៌ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក៏ជាតំបន់ក្រហមដែរ។
 
តំបន់ក្រហមពីមុន បានប្រែមកជាតំបន់លឿងទុំ ឬលឿង  ហើយតំបន់ខ្លះ ដែលធ្លាប់ជាតំបន់លឿងទុំ ក៏បានប្រែមកជាតំបន់លឿងផងដែរ។ 
សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២១៤៩៩នាក់ហើយ ដោយករណីនាំចូលមាន៦១៤ករណី, អ្នកជាសះស្បើយ៩៨៦៧នាក់។ ចំណែកអ្នកស្លាប់ដោយសារកូវីដ-១៩ កើនឡើង១៤៧នាក់៕ 
 

Tag:
 តំបន់ក្រហម
 លឿងទុំ
 អង្គស្នួល
 កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com