COVID-19
ជាតិ
ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានថ្មី២នាក់ និងស្លាប់ម្នាក់ ក្រុមគ្រូពេទ្យកំពុងលើកសាកសពអ្នកជំងឺកូវីដ១៩ ទៅបូជា ដែលស្លាប់នៅព្រឹកថ្ងៃទី១៤ ឧសភា ឆ្នាំ ២០២១។ រូបភាព៖ ប្រធានមន្ទីរសុខាភិបាល លោក ក្រុស សារ៉ាត់
× សៀមរាប៖ នៅថ្ងៃទី១៤ ឧសភា ខេត្តសៀមរាបបានបន្តរកឃើញអ្នកវិជ្ជមានថ្មីចំនួន២ករណីទៀត ដែលជាគ្រួសារទើបវិលត្រឡប់មកពីខេត្តបន្ទាយមានជ័យ។ ក្រៅពីនេះ ក៏មានករណីស្លាប់ម្នាក់ទៀត ដែលជាករណីស្លាប់ទី២ សម្រាប់អ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាបផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបនាយប់ថ្ងៃទី១៤ ឧសភា អ្នកវិជ្ជមានថ្មីចំនួន២ករណី គឺជាប្ដីប្រពន្ធ ដែលប្ដីឆ្លងពីប្រពន្ធ ទើបវិលត្រឡប់មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះរួមមាន ទី១ឈ្មោះ លាង ស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១០ ខែឧសភា តាមរយៈរថយន្តឈ្នួល ម៉ាក់ ស៊ីណា។
ទី២ ឈ្មោះ តេង រ៉ាវីត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវជាស្វាមីរបស់ឈ្មោះ លាង ស្រីលីន។
ករណីខាងលើនេះ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវី-១៩ របស់រដ្ឋបាលខេត្តកំពុងបន្តតាមដាន និងស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដដែល។
ចំណែកករណីស្លាប់វិញ គឺអ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ ឈ្មោះ ម៉ាក ភា ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលតេស្ដវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ឧសភា និងដោយអ្នកជំងឺមានជំងឺរុំាំរ៉ៃជាប់កាយផង។
សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី១៤ ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨១នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់២នាក់ និង៥៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com