COVID-19
ជាតិ
សង្គមជាតិ
ភូមិដំណាក់ធំ២ក្នុងខណ្ឌមានជ័យ មានករណីច្រើនជាងគេក្នុងចំណោម១៤៤ករណីថ្មីនៅភ្នំពេញ
16, May 2021 , 5:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានចេញរបាយការណ៍អ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៤៤នាក់។ ពលរដ្ឋក្នុងភូមិដំណាក់ធំ២ ក្នុងខណ្ឌមានជ័យ មានច្រើនជាងគេ ក្នុងចំណោមខណ្ឌចំនួន១០ផ្សេងទៀត ទូទាំងរាជធានី។


 
តាមរបាយការណ៍អ្នកឆ្លងកូវីដ-១៩របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ខណ្ឌចំនួន១១នៅតែទទួលរងឥទ្ធិពលនៃការឆ្លងកូវីដ-១៩ ដែលមានខណ្ឌចំការមន ទួលគោក មានជ័យ សែនសុខ ពោធិ៍សែនជ័យ បឹងកេងកង ឫស្សីកែវ ដង្កោ ៧មករា ដូនពេញ និងជ្រោយចង្វារ។ 
 
ខណ្ឌមានជ័យ៖ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៦១នាក់ ដែលចំនួននេះគឺច្រើនជាងគេ បើធៀបនឹងខណ្ឌចំនួន១០ផ្សេងទៀត។ អ្នកជំងឺកូវីដថ្មីក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ភាគច្រើនជាកម្មកររោងចក្រ ស្ថិតក្នុងភូមិដំណាក់ធំ២ បន្ទាប់មកអ្នកភូមិដំណាក់ធំ៣។
 
ខណ្ឌសែនសុខ៖ អ្នកឆ្លងកូវីដ-១៩ថ្មី មានចំនួន១៨នាក់ ដោយ១១នាក់ កម្មកររោងចក្រឡាក់គីសាន់នី ក្នុងសង្កាត់ក្រាំងធ្នុង។ ចំណែកឯ ៧នាក់ផ្សេងទៀត ខ្លះក្នុងសង្កាត់ទឹកថ្លា ឃ្លួញ និងភ្នំពេញថ្មី។
 
ខណ្ឌបឹងកេងកង និងខណ្ឌពោធិ៍សែនជ័យ៖ ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង មានវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៣នាក់ ភាគច្រើនជាពលរដ្ឋក្នុងសង្កាត់ទំនប់ទឹក និងមួយចំនួនក្នុងសង្កាត់បឹងកេងកង២។ ចំណែកឯ ខណ្ឌពោធិ៍សែនជ័យវិញ មានអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១១នាក់ ដោយ១នាក់រស់នៅក្នុងសង្កាត់ចោមចៅ១ ១នាក់ក្នុងសង្កាត់កាកាប១ ៦នាក់ក្នុងសង្កាត់ចោមចៅ៣ និង៣នាក់ទៀតក្នុងសង្កាត់ចោមចៅ២។ 
 
ខណ្ឌឫស្សីកែវ និងខណ្ឌដង្កោ៖ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩នាក់រៀងខ្លួន។ ដោយខណ្ឌឫស្សីកែវ ភាគច្រើនជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែ១ ហើយមួយចំនួនទៀតនៅសង្កាត់ទួលសង្កែ២ សង្កាត់ច្រាំងចំរះ២។ រីឯអ្នកជំងឺកូវីដ-១៩ថ្មី ៩នាក់ក្នុងខណ្ឌដង្កោ ភាគច្រើននៅក្នុងសង្កាត់ដង្កោ និងមួយចំនួននៅសង្កាត់ព្រៃស,ជើងឯក និងស្ពានថ្ម។
 
ខណ្ឌចំការមន៖ មានអ្នកឆ្លងថ្មី៦នាក់ ៤នាក់ក្នុងសង្កាត់ទន្លេបាសាក់ ១នាក់សង្កាត់បឹងត្របែក និង១នាក់ទំនប់ទឹក។ ខណ្ឌដូនពេញ៖ មានអ្នកឆ្លងថ្មីចំនួន៥នាក់ ក្នុងសង្កាត់ផ្សារចាស់២នាក់សង្កាត់ស្រះចក ២នាក់ ម្នាក់ទៀតក្នុងសង្កាត់ជ័យជំនះ។ ខណ្ឌ៧មករា៖ មានអ្នកឆ្លងកូវីដថ្មី៣នាក់ ដោយក្នុងសង្កាត់វាលវង់មាន២នាក់ និងសង្កាត់អូរឫស្សី៣ មាន១នាក់។ ចុងក្រោយគឺខណ្ឌជ្រោយចង្វារ៖ មានវិជ្ជមានកូវីដ-១៩ចំនួន២នាក់ សុទ្ធតែជាពលរដ្ឋក្នុងសង្កាត់កោះដាច់ទាំង២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com