ជាតិ
របៀបផលិតថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិតបំផ្លាញដំណាំរបស់កសិករនៅសៀមរាប
17, May 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖  ដើម្បីឱ្យដំណាំទទួលបានទិន្នផលល្អ កសិករត្រូវយកចិត្តទុកដាក់ពីកត្តាសត្វល្អិតបំផ្លាញដាំណាំ។ អ្នកស្រី សុខ សុផល កសិករនៅខេត្តសៀមរាប បានប្រាប់ពីរបៀបធ្វើថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ ដែលអាចបណ្ដេញពពួកសត្វល្អិតយ៉ាងមានប្រសិទ្ធភាព ពិសេសគឺងាយធ្វើ និងចំណាយលុយតិច។


 
ដើម្បីជ្រាប់ច្បាស់សូមលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

អ្នកស្រី សុខ សុផល ប្រាប់ពីបច្ចេកទេសនៃការផលិតថ្នាំពុលធម្មជាតិ ដោយរួមមានវត្ថុធាតុផ្សំដូចជា  ដើមស្លឹកគ្រៃ ៣គីឡូ យកទៅហាន់ ហើយបុកឲ្យល្អិតបន្តិច, ស្លឹកទន្រ្ទានខែត្រ ១គីឡូ ហាន់ ឬចិញ្រ្ចាំ ឲ្យល្អិតបន្តិច, ម្ទេស ១ខាំ បុកឲ្យបែកបន្តិច, ទឹកនោមគោ ១ទៅ២ លីត្រ (បើមាន), ទឹកធម្មតា ១០លីត្រ, ធុងប៉េត្រូ ១ និងថងស្បៃ១ សម្រាប់ច្រកវត្ថុធាតុផ្សំ។ 
 
អ្នកស្រីបានរៀបរាប់បន្ថែមថា ក្រោយរៀបចំវត្ថុធាតុផ្សំខាងលើរួចហើយ យើងត្រូវយកវាដាក់លាយគ្នាក្នុងថង់ស្បៃ។ បន្ទាប់មក យកថង់ស្បៃនោះដាក់ក្នុងធុងប៉េត្រូ រួចចាក់ទឹកដែលត្រៀមរួចចូល ហើយគ្របទុករយៈពេល ១៥ថ្ងៃទើបអាចប្រើប្រាស់បាន។ 
 
បើតាមកសិកររូបនេះ ថ្នាំសម្លាប់ល្អិតនេះ មានសុពលភាពចំនួន ៧ថ្ងៃ ក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្រោយ៧ថ្ងៃ ប្រសិទ្ធភាពថ្នាំនេះនឹងចុះខ្សោយ។«យើងត្រូវបាញ់ថ្នាំនេះ មុនពេលមានសត្វល្អិតមកបំផ្លាញ ដំណាំ។ រៀងរាល់១អាទិត្យម្តង ត្រូវយកទឹកថ្នាំ ១លីត្រ លាយចូលគ្នាជាមួយទឹកធម្មតា ២លីត្រ ដើម្បីបាញ់លើបន្លែធំៗ។ ចំពោះ កូនបន្លែតូចៗ យើងត្រូវយកទឹកថ្នាំ ១លីត្រ លាយជាមួយទឹកធម្មតា ៣លីត្រ»។
 
កសិករ រស់នៅក្នុងភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម រូបនេះ ក៏បានលើកទឹកចិត្តដល់កសិករផ្សេងទៀតគួរងាកមកប្រើប្រាស់ថ្នាំពុលធម្មជាតិវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី និងដើម្បីសុខភាពអ្នកដាំ និងអ្នកហូបទាំងអស់គ្នាផងដែរ៕
 

Tag:
 Thmeythmey25
  កសិកម្ម
  វីធីផលិតជីធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com