រថយន្ត
អន្តរជាតិ
កាលពីខែមេសា ទីផ្សារយានយន្តនៅវៀតណាមលោតឡើងដល់៧៥ភាគរយ
17, May 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
ទីផ្សារយានយន្តនៅវៀតណាម មានកំណើនគួរឲ្យកត់សម្គាល់ ដោយឡើងដល់ទៅ៧៥ភាគរយកាលពីខែមេសា ខណៈដែលវិបត្តិកូវីដ-១៩នៅប្រទេសមួយនេះ មានសភាពធូរស្បើយ។ នេះបើតាមរបាយការណ៍របស់សមាគមរោងចក្រផលិតយានយន្តវៀតណាម (VAMA)។

 
ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំដែលញាំញីដោយវិបត្តិកូវីដ-១៩ វៀតណាម លក់រថយន្តកើនពី១០ ៨១៦ ទៅ១៨ ៩៤១គ្រឿងនាអំឡុងខែមេសា ពោលគឺកើនឡើង៧៥ភាគរយ។ កត្តានេះ បង្ហាញឲ្យឃើញពីការរើបឡើងវិញខ្លះនៃសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសដំបូង ជាពិសេសកំណើននៃការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។
 
របាយការណ៍ដែលផ្សាយនៅលើគេហទំព័រ just-auto.com បង្ហាញថា ការលក់យានយន្តនៅរយៈពេល៤ខែដំបូងមានកំណើនជិត៥៣ភាគរយផងដែរពី ៦០ ៨២៥ ទៅ៩២ ៩៨២គ្រឿង ដែលក្នុងនោះ៥៣ភាគរយជារថយន្ដដឹកអ្នកដំណើរ និងជាង៤៩ភាគរយ ជារថយន្តប្រភេទពាណិជ្ជកម្ម។
 
ក្រុមហ៊ុន Truong Hai (Thoco) ដែលភ្នាក់ងារចែកចាយដ៏ធំមួយនៅវៀតណាម បានបង្ហាញឲ្យឃើញថា រថយន្ត Kia មានកំណើនលក់ចេញដល់ទៅ១១៥ភាគរយ Mazda កើនក្នុងរង្វល់៤៥ភាគរយ សម្រាប់រយៈពេល៤ខែដំបូង។
 
ទិន្នន័យ VAMA បានបន្ថែមពីកំណើតលក់រថយន្ត Toyota, Mitsubishi Motors, Honda, Ford, Suzuki ប៉ុន្តែមិនមានរបាយការណ៍ទាក់ទងនឹង Vinfast ដែលជាផលិតផលក្នុងស្រុករបស់វៀតណាមនោះឡើយ។
 
កាលពីឆ្នាំ Vinfast បញ្ចេញរថយន្តជិត៣០ម៉ឺនគ្រឿងនៅលើទីផ្សារ។ ក្រុម Start-up មួយនេះ បានអះអាងពីកំណើនលក់ចេញជិត១៧ភាគរយ ក្នុងខែមេសា ពោលគឺមានចំនួន២៧១៧គ្រឿង ដែលធ្វើចំនួនសរុបដែលបានលក់ចេញឡើងដល់៩៥៦៦គ្រឿង។
 
ក្រោយស្ងប់ស្ងាត់ប្រមាណ៨ខែ វៀតណាម មានករណីកូវីដ-១៩ឡើងជាបន្តបន្ទាប់នាអំឡុងខែឧសភា ដោយគិតត្រឹមថ្ងៃទី១៧ ខែឧសភា នេះ វៀតណាមមានសរុប៤២៤២ករណី ក្នុងនោះស្លាប់៣៧នាក់ និងសះស្បើយ២៦៦៨នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com