ជាតិ
លោក W. Patrick Murphy៖ អាមេរិកជាដៃគូរឹងមាំជាប់លាប់របស់កម្ពុជានាអំឡុងកូវីដ-១៩
18, May 2021 , 9:29 pm        
រូបភាព
ដោយ: រួបរួម
ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីបញ្ហាទ្វេភាគី និងតំបន់។ ការរួមគ្នាដោះស្រាយបញ្ហាកូវីដ-១៩ និងការរួមចំណែកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាប្រធានបទនៃកិច្ចពិភាក្សារវាងទូតអាមេរិក និងរដ្ឋមន្ត្រីការបរទេសខ្មែរនៅទីស្តីការក្រសួង។

 
«សហរដ្ឋអាមេរិកគឺជាដៃគូរឹងមាំជាប់លាប់មួយរបស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនៃមេរោគកូវីដ-១៩»។ នេះជាការបញ្ជាក់របស់លោក W. Patrick Murphy ដោយលើកឡើងពីការផ្តល់ថវិកាដោយផ្ទាល់ជាង១១លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងជំនួយបច្ចេកទេសសំខាន់ៗ បន្ថែមលើកម្មវិធីសហការដែលមានស្រាប់ក្នុងផ្នែកសុខាភិបាល។
 
លោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានរំលឹកថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាជាង៤ពាន់លានដុល្លារអាមេរិកដែលច្រើនជាងគេក្នុងបណ្តាប្រទេសនានាលើពិភពលោក ដល់យន្តការ COVAX របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយវ៉ាក់សាំងដល់ប្រទេសចំណូលទាប និងចំណូលមធ្យមកម្រិតទាប ក្នុងនោះក៏មានកម្ពុជាផងដែរ។


 
តាមរយៈយន្តការកូវ៉ាក់ កម្ពុជាទទួលបានវ៉ាក់សាំង Covishield (AstraZeneca) ជាង៣សែនដូសរួចមកហើយ ក្នុងចំណោមប្រមាណ៦លាន៤សែនដូស។ «កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត»។ នេះជាការគូសបញ្ជាក់របស់លោក Murphy។
 
គិតត្រឹមថ្ងៃទី១៧ ខែឧសភា មនុស្សជាង២,១លាននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលក្នុងនោះជាង១,២លាននាក់បានចាក់ដូសទី២។ ក្រៅពី Covishield ដែលកម្ពុជាទទួលបានតាមរយៈយន្តការកូវ៉ាក់ កម្ពុជាប្រើប្រាស់វ៉ាក់សាំងពីរប្រភេទទៀត គឺ Sinopharm-Beijing (ជំនួយរដ្ឋាភិបាលចិន) និង Sinovac (ការបញ្ជាទិញពីចិន)។


 
នាជំនួបជាមួយលោក ប្រាក់ សុខុន ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានសម្តែងការសោកស្តាយចំពោះករណីស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជាផងដែរ ដោយគិតត្រឹមថ្ងៃទី១៨ ខែឧសភា នេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២២៨៨៩នាក់ សះស្បើយមាន១៤៣៤៣នាក់ និងស្លាប់កើនដល់ ១៥៦នាក់។
 
ក្រៅពីបញ្ហាកូវីដ-១៩ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងនឹងការជំរុញដំណើរការ និងស្ថាប័ននៃលទ្ធិប្រជាធិបតេយ្យ ហើយនិងនីតិរដ្ឋ នៅក្នុងតំបន់ ដោយរួមទាំងនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ «យើងសូមលើកទឹកចិត្តឲ្យសមាគមអាស៊ានចូលរួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ នៅប្រទេសភូមា ក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិបត្តិនេះ»។ នេះបើយោងតាមផ្សាយរបស់ស្ថានទូតអាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com