ជាតិ
មន្ត្រីប្រៃសណីយ៍ ជំរុញឱ្យផលិតវីដេអូស្របតាមគោលការណ៍ Youtube ដើម្បីឆាប់បានប្រយោជន៍វិញ
18, May 2021 , 10:29 pm        
រូបភាព
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖  ដើម្បីអាចទទួលបានពាណិជ្ជកម្មមកវិញ អ្នកផលិតវីដេអូនៅលើ YouTube  ត្រូវផលិតវីដេអូដែលមានភាពទាក់ទាញ មានគំនិតឆ្នៃប្រឌិត ផ្តល់ប្រយោជន៍ដល់អ្នកមើល និងអត្ថប្រយោជន៍សម្រាប់សង្គម ដែលស្របតាមគោលការណ៍Youtube។ អ្នកនាំពាក្យក្រសួងប្រៃសណីយ និងទូរគមនាគមន៍ លោក សូវីទ្ធិ បានបញ្ជាក់បែបនេះ ស្របពេលដែល ក្រុមហ៊ុនYouTube កំពុងតែពិនិត្យ និងពិភាក្សាផ្ទៃក្នុង ដើម្បីផ្ដល់ផលប្រយោជន៍ដល់ការផ្សព្វផ្សាយលើYouTube នៅកម្ពុជាវិញ។



លោក សូ វិសុទ្ធី បានបញ្ជាក់ថា ក្រុមហ៊ុនYouTube កំពុងកែប្រែ និងរៀបចំប្រព័ន្ធត្រួតពិនិត្យឱ្យច្បាស់ជាងមុន ទើបពួកគេផ្អាកការផ្សាយពាណិជ្ជកម្ម ឬការផ្ដល់ភាគលាភដល់អ្នកធ្វើវីដេអូនៅកម្ពុជា និងប្រទេសជាង៩០ទៀត។ ម្យ៉ាងវិញទៀត កម្ពុជាក៏មិនទាន់មានកិច្ចសហការ« ភាពជាដៃគូ» ជាក្រុមហ៊ុននេះដែរ។
 
បើតាមអ្នកនាំពាក្យក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដែលទទួលបានដំណឹងបឋមពីភាគីតំណាងក្រុមហ៊ុន YouTubeនោះ គឺក្រុមហ៊ុនYouTube អាចនឹងប្រើពេលយូរ ដើម្បីពិនិត្យ និងពិភាក្សាផ្ទៃក្នុង មុននឹងផ្តល់ចម្លើយជាក់លាក់ និងដំណោះស្រាយត្រឡប់មកក្រសួងវិញ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សូ វិសុទ្ធី បានបញ្ជាក់ដូច្នេះថា៖« យើងក៏កំពុងរង់ចាំចម្លើយពីគេដូចគ្នា ដូច្នេះពិតជាពិបាកក្នុងការសន្និដ្ឋានណាស់។ ប៉ុន្ដែយើងគិតថា មិនដល់មួយឆ្នាំទេ »។ 
 
ក្នុងអំឡុងពេលក្រសួងកំពុងឆ្លើយឆ្លងសារជាមួយតំណាង YouTube  ពួកគេក៏បានបញ្ជាក់ថា ទីផ្សារកម្ពុជាមានលក្ខណល្អច្រើន ក្នុងការទទួលបាន« កម្មវិធីភាពជាដៃគូ» ។ ដោយសារឭទទួលបានចម្លើយបែបវិជ្ជមាននេះ លោក សូ វិសុទ្ធី ជំរុញឱ្យអ្នកផលិតវីដេអូទាំងអស់ ខិតខំប្រឹងប្រែងបង្កើនសកម្មភាពរបស់ខ្លួន ដោយបង្កើតវីដេអូដែលមានប្រយោជន៍ និងទាក់ទាញត្រូវតាមគោលការណ៍ដែលYouTube ចង់បាន ដើម្បីបង្កលក្ខណងាយស្រួល និងឆាប់ទទួលសិទ្ធ និងភាគលាភពីក្រុមហ៊ុនមួយនេះ។
 
« ការដាក់ពាណិជ្ជកម្មលើវីដេអូ អាស្រ័យទៅលើសិទ្ធរបស់ក្រុមហ៊ុនYouTube ទាំងស្រុង។ បច្ចុប្បន្ន ក្រសួងកំពុងទាក់ទង និងស្វែងរកនិតិវិធីច្បាស់លាស់ណាមួយ ដើម្បីសហការណ៍ជាមួយគ្នា ប៉ុន្តែក្រុមហ៊ុននេះមិនទាន់បានផ្ដល់ចម្លើយមកវិញនៅឡើយទេ»។ នេះជាការពន្យល់របស់លោក សូ វិសុទ្ធី។ 
 
សូមបញ្ជាក់ថា ក្រុមហ៊ុនYouTube បានបញ្ឈប់កាដាក់ថ្នាលផ្សាយពាណិជ្ជកម្មនៅលើវីដេអូYouTube នៅកម្ពុជា ក្នុងអំឡុងខែមីនា ឆ្នាំ២០២១៕ 
 
 

 
 

Tag:
 YouTube
  ពាណិជ្ជកម្ម
  អ្នកផលិត
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com