ជាតិ
ខ្មែរ​អាមេរិកាំង​កើន​ចំនួន ​ប៉ុន្តែ​ជីវភាព​របស់​ពួកគេ​នៅ​តែ​ទាប​ ធៀប​នឹង​អាស៊ី​អាមេរិកាំង​ទូទៅ​
18, May 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ បុរសនិងស្ត្រីជនជាតិអាស៊ីថតរូបរួមគ្នានៅមុខអគារមួយដែលមានដាក់ផ្លាកសញ្ញា «ស្វាគមន៍មកកាន់ទីក្រុង Las Vegas នៃរដ្ឋ Nevada» នៅតំបន់ទីប្រជុំជន Las Vegas កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០។ Photo: AP
រូបឯកសារ៖ បុរសនិងស្ត្រីជនជាតិអាស៊ីថតរូបរួមគ្នានៅមុខអគារមួយដែលមានដាក់ផ្លាកសញ្ញា «ស្វាគមន៍មកកាន់ទីក្រុង Las Vegas នៃរដ្ឋ Nevada» នៅតំបន់ទីប្រជុំជន Las Vegas កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០។ Photo: AP
ដោយ: VOA
វ៉ាស៊ីនតោន — ចំនួន​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើនឡើង​ជាងពាក់​កណ្តាល​ក្នុង​រយៈពេល​ ២០ ឆ្នាំ​ចុងក្រោយ​នេះ​ ប៉ុន្តែ​ស្ថានភាព​ជីវភាព​របស់​ពួកគេ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​នៅឡើយ ​បើ​ប្រៀបធៀប​នឹង​សហគមន៍​អាស៊ី​អាមេរិកាំង​ទាំងមូល។

 
លទ្ធផល​វិភាគ​របស់​មជ្ឈមណ្ឌលស្រាវជ្រាវ​ Pew ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុងខែ​មេសា ​បង្ហាញ​ថា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រហូតដល់ ​៤២% ​នៅតែ​រស់នៅ​ជុំគ្នា​ក្នុង​ផ្ទះ​តែ​មួយ ដែល​មាន​សមាជិក​ក្រុមគ្រួសារ​ច្រើន​ជំនាន់​ដែល​មាន​ដូច​ជា​ជីដូន​ជីតា​និង​បងប្អូន​ពូមីង។
 
ដោយឡែក ​ជនជាតិ​ដទៃ​ទៀត​ដែល​មកពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែរ​ គឺមិនសូវ​រស់នៅ​កកកុញ​ទេ។ ឧទាហរណ៍​វៀតណាម​និង​ហ្វីលីពីន​ មាន​ ៣៤% ​ភូមា​ ២៤% និង​ឥណ្ឌូនេស៊ី​ ២០%​ ជាដើម។ ស្ថានភាព​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នេះ​ស្ទើរ​តែ​នៅ​បាត​ក្រោម​គេ ​ដែល​ខ្ពស់​ជាងជនជាតិ​ប៊ូតង់​អាមេរិកាំង​បន្តិច​ដែល​មាន​ចំនួន ​៥៦%។
 
ដោយឡែក​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​វិញ​ គឺ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​ក្នុង​ ១ គ្រួសារ​ចំនួន​ ៦៧.០០០​ ដុល្លារ​ ដែល​ទាប​ជាង​ចំណូល​មធ្យម​របស់​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ ដែល​មាន​ជិត​ ៨៦.០០០ ដុល្លារ។
 
ស្ថិតិ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​ ២០២០ ​បង្ហាញ​ថា ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ទាំងអស់​មាន​ចំនួន​សរុប​ ២៣,២​ លាន​នាក់​ ដោយ​ក្រុមជនជាតិ​ចំនួន​ ៦ ​គឺ​ ចិន ​ឥណ្ឌា ​ហ្វីលីពីន​ វៀតណាម ​ជប៉ុន ​និង​កូរ៉េ បាន​គ្របដណ្តប់​អស់​ ៨៥%។
 
ដោយឡែក​សមាជិក​សហគមន៍​ខ្មែរ​អាមេរិកាំង​ មាន​ចំនួន​ ៣៣៩.០០០​ នាក់ ​ក្នុងនោះ​អ្នក​ដែល​បាន​កើត​នៅ​ប្រទេស​កម្ពុជា​មាន​រហូតដល់​ ៥៦%។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​កើនឡើង​ចំនួន​ ៦៤%​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០០០​ ដែល​មាន​តែ​ចំនួន ​២០៦.០០០ នាក់។

 
 


ចំនួនពលរដ្ឋខ្មែរអាមេរិកាំងនៅសហរដ្ឋអាមេរិក បានកើនឡើងប្រមាណ ៦៤% ពីចំនួន ២០៦.០០០ នាក់ នៅឆ្នាំ ២០០០ ដល់ ៣៣៩.០០០​ នាក់ នៅឆ្នាំ ២០២០។
 
 
មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew​ បាន​បន្ត​ថា ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ គឺ​ជា​ក្រុម​ដែល​ជោគជ័យ​លើ​ផ្នែក​ការងារ​ ការសិក្សា​អប់រំ និង​ការរកប្រាក់​ចំណូល ​និង​ជាក្រុម​ដែល​រីកលូតលាស់​លឿន​ជាង​គេ​បំផុត ​បើប្រៀបធៀប​នឹង​សាសន៍​ដទៃ។ បច្ចុប្បន្ន​ ពលរដ្ឋ​អាស៊ី​អាមេរិកាំង​មាន​ចំនួន ​៧% ​នៃ​ពលរដ្ឋ​ទាំងអស់​នៅ​សហរដ្ឋ​អាមេរិក ​និង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ​នឹង​កើនឡើង​ដល់​ច្រើន​ជាង​ ៤៦ ​លាននាក់​នៅ​ឆ្នាំ​ ២០៦០។
 
ប៉ុន្តែ​ ការស្រាវជ្រាវ​ក៏​បាន​ទទួលស្គាល់​ដែរ​ថា ​របាយនៃ​ជោគជ័យ​នេះ​ក៏​មិន​បាន​ស្មើ​គ្នា​ទេ​ ជាពិសេស​នៅ​សហគមន៍​តូចៗ​ ដូចជា​សហគមន៍​ខ្មែរ​អាមេរិកាំង​ជាដើម។
 
លោក​ Neil G. Ruiz​ នាយក​រង​ផ្នែក​ស្រាវជ្រាវ​ជាតិពន្ធុ​នៃមជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​នៅ​ក្នុង​ពេល​បង្ហាញ​របាយការណ៍​ថា៖
 
«លើ​ការខុស​គ្នា​ផ្នែក​សេដ្ឋកិច្ច​ គឺ​គេ​គ្រប់គ្នា​មើល​មក​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ជាក្រុមធំ​ ឃើញ​ថា​ចំណូល​មធ្យម​ក្នុង​ ១ គ្រួសារ ​គឺ​ប្រហែល ​៨៦.០០០ ដុល្លារ ​ហើយ​គេ​គិត​ថា ​យើង​សម្រេច​បាន​ល្អ។ ប៉ុន្តែ​បើ​យើង​បំបែក​ជាក្រុម​តូច​ យើងឃើញ​ថា ​ពលរដ្ឋ​ឥណ្ឌា​អាមេរិកាំង​មាន​ចំណូល​មធ្យម​ខ្ពស់​ ក្នុង​ចំនួន​ប្រហែល​ ១១៩.០០០ ដុល្លារ ​ប៉ុន្តែ​ភូមា​អាមេរិកាំង​មាន​ចំណូល​ទាប​ជាង»។
 
លោក​ Neil G. Ruiz បន្ថែម​ថា​ ឋានៈ​ដែល​ពួកគេ​ត្រូវ​ជ្រើសរើស​ឲ្យ​មក​នៅ​សហរដ្ឋ​អាមេរិក ​គឺ​កំណត់​ជោគជ័យ​របស់​ពួកគេ​ផងដែរ៖ «ឥណ្ឌា​អាមេរិកាំង​ត្រូវ​ជ្រើសរើស​តាម​ទិដ្ឋាការ​ H1B​ ដែលមាន​កម្រិតសិក្សា​ពី​ថ្នាក់​វិទ្យាល័យ​ឡើង។ ខណៈ​ពេល​ដែល​ពលរដ្ឋ​ភូមា​ចូលមក​ភាគច្រើន​ជាជន​ភៀសខ្លួន»។
 
«យើង​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​អាស៊ី ​ក៏​ពិតមែន ​ក៏​ប៉ុន្តែប្រាក់​ខែ​ប្រាក់​ចំណូល​របស់​យើង ​នៅ​តិចណាស់។ ចំណែក​លើ​ផ្នែក​សុខភាព​ផ្នែក​ការសិក្សា​អប់រំ​ក៏​តិច ។ល។ និង។ល។ រឿង​ទាំងអស់​នេះ​ យើង​កម្រ​លើក​មកដោះស្រាយ ​និង​និយាយ​ណាស់»
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគច្រើន​ គឺ​ជាជនភៀសខ្លួន​ដែល​បាន​មក​នៅ​សហរដ្ឋ​អាមេរិក​ ក្រោយពី​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម​ នៅ​ខែមករា ​ឆ្នាំ ​១៩៧៩។ ពួកគេរស់នៅ​តាម​រដ្ឋ​នានា ​ដែល​មាន​ពលរដ្ឋ​អាស៊ី​រស់នៅ​ច្រើន​ដែល​មាន​ដូចជា​រដ្ឋកាលីហ្វញ៉ា (California) ​ម៉ាស្សាឈូសិត (Massachusetts) ​ផឹនស៊ីលវេនៀ (Pennsylvania) ​ចរចា (Georgia) វ៉ាស៊ីនតោន​ (Washignton State) មីនីសូតា (Minnesota) ​និង​រដ្ឋ​រ៉ូដអាយឡឹន (Rhode Island)។
 
មេដឹកនាំ​សហគមន៍​ខ្មែរ​បាន​ក្រើន​រំលឹក​ឲ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការបញ្ចូល​សហគមន៍​តូចតាច​ ដូច​ជា​សហគមន៍​ខ្មែរ​អាមេរិកាំង​ ទៅ​ក្នុង​ចង្កោម​នៃ​ក្រុម​ដែល​ទទួលបាន​ជោគ​ជ័យ​ ដែល​មាន​ដូច​ជា​ឥណ្ឌា ​ចិន​ ជប៉ុន​ និង​កូរ៉េ។
 
លោក ​វាសនា ​នួន​ សមាជិក​ក្រុមប្រឹក្សា​ទីក្រុង​ឡូវែល​រដ្ឋម៉ាស្សាឈូសិត​ បាន​ថ្លែង​ថា ​ការប្រើ​ពាក្យ​អាស៊ី​អាមេរិកាំង​នេះ ​គឺ​ក្នុង​ន័យ​នយោបាយ ​ដើម្បី​ទាមទារ​ផលប្រយោជន៍​រួម ​ដែល​មាន​ដូចជា​ការប្រឆាំង​នឹង​អំពើ​ហិង្សា​និង​ការរើសអើង។​ ប៉ុន្តែ​បើ​បំបែក​ជា​ក្រុមតូចៗ​ដោយ​ឈរ​លើ​កត្តា​សេដ្ឋកិច្ច​ គឺ​ពលរដ្ឋ​ខ្មែរ​ដែលមក​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពីក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម ​គឺ​ក្នុង​នាម​ជា​ជនភៀសខ្លួន​ និង​មិន​បាន​យក​ទ្រព្យសម្បត្តិ​អ្វី​មក​ជាមួយ​ទេ។
 
លោក ​វាសនា​ នួន បានបញ្ជាក់ប្រាប់​វីអូអេ​ថា៖ «យើង​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​អាស៊ី ​ក៏​ពិតមែន ​ក៏​ប៉ុន្តែប្រាក់​ខែ​ប្រាក់​ចំណូល​របស់​យើង ​នៅ​តិចណាស់។ ចំណែក​លើ​ផ្នែក​សុខភាព​ផ្នែក​ការសិក្សា​អប់រំ​ក៏​តិច ។ល។ និង។ល។ រឿង​ទាំងអស់​នេះ​ យើង​កម្រ​លើក​មកដោះស្រាយ ​និង​និយាយ​ណាស់»។
 
មជ្ឈមណ្ឌល​ស្រាវជ្រាវ ​Pew រកឃើញ​ថា ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រក​ប្រាក់​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​ក្នុង​ម្នាក់ៗ​បាន​តែ​ជាង ​៣ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ ខណៈ​អត្រា​មធ្យម​ក្នុង​ម្នាក់​របស់​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​មាន​ចំនួន​ ៤០.០០០ ​ដុល្លារ​ និង​សម្រាប់​អ្នកធ្វើការ​ពេញ​ម៉ោង​គឺ​មាន​រហូត​ដល់ ​៦០.០០០​ ដុល្លារ។
 
 


ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូសិត​ មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រហែលជាង ​៣ ម៉ឺន​នាក់ ​ហើយ​ពួកគេ​ប្រហែល​ ៨០% ​គឺ​ជា​អ្នកធ្វើការ​ដោយ​ប្រើកម្លាំង​កាយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ​វាសនា នួន។
 
ពួកគេ​ងាយរងគ្រោះ​ក្នុង​គ្រា​ដែល​មាន​វិបត្តិ​កើត​ឡើង។ ជាឧទាហរណ៍​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​ឆ្លង​រាតត្បាត​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩​ នេះ​ គឺ​មាន​ផលប៉ះពាល់​ខ្លាំង ព្រោះ​ពួកគាត់​មួយចំនួន​រស់នៅ​ក្នុង​ផ្ទះ​ដែល​ចង្អៀត​ ហើយ​មិន​អាច​រក្សាគម្លាត​ពីគ្នា​បាន។ ក្មេងៗរៀនតាម​អនឡាញ​ក៏​ជួប​ការលំបាក​ ដោយ​សារឪពុកម្តាយ​មួយ​ចំនួន​មិន​បាន​យល់ដឹង​ ហើយ​ក្មេង​ៗ​មិនបាន​ចូលរៀន​ ដែល​នាំ​ឲ្យគ្រូ​ត្រូវ​រាយការណ៍​ដល់​មន្ទីរ​អប់រំ​អំពី​កង្វះ​ខាត​នេះ។
 
លោក ​វាសនា ​នួន​ ទទួលស្គាល់​ថា ​ក្រុមគ្រួសារ​ខ្មែរ​ខ្លះ​ដែល​ជោគជ័យ ​គឺ​ដោយសារ​ការតស៊ូ​របស់ឪពុក​ម្តាយ​មួយ​ចំនួន ​ដែល​សុខចិត្ត​លះបង់​ដើម្បី​ឲ្យ​កូនៗ​ បាន​រៀនសូត្រ ​ក្នុង​ពេល​ដែល​គ្រួសារ​ខ្លះ​មិន​បាន​វិនិយោគ​លើ​ផ្នែក​នេះ​ទេ។​ លោកបន្ថែម​ថា ​ពលរដ្ឋ​ខ្មែរ​ដែលមកដល់​នៅ​ពេល​ក្រោយៗ​នេះ ​ក្នុង​ឋានៈ​ជា​ជនអន្តោប្រវេសន៍​ មាន​ការរៀនសូត្រ​បាន​ខ្លះ​ ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​រហ័ស​រហួន​ក្នុង​ការងារ​និង​ការសិក្សា។
 
មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew ​បាន​បង្ហាញ​ថា ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ទទួលបាន​សញ្ញាបត្រ​បរិញ្ញាប័ត្រមាន​តែ ​១៦% ប៉ុណ្ណោះ​ បើ​ប្រៀបធៀប​នឹង​អាស៊ី​អាមេរិកាំង​ ដែល​មាន​ចំនួន ​៣០%។ ចំនួន ៥៥%​ នៃ​ខ្មែរ​អាមេរិកាំង​ បាន​រៀនចប់​ត្រឹម​ថ្នាក់​វិទ្យាល័យ ​ឬ​ទាប​ជាងនោះ។
 
ទីក្រុង​ឡូស​អាន់ជឺឡេស (Los Angeles) នៃ​រដ្ឋ​កាលីហ្វញ៉ា ​ដែល​គ្រប​ដណ្តប់​លើ​ទីក្រុង​ឡុងប៊ិច (Long Beach) មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាងគេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ ដែលមាន​ចំនួន​ជាង​ ៤១.០០០ ​នាក់។ នៅ​ទីនេះ​ ខ្មែរ​អាមេរិកាំង​នៅតែ​ងាយរងគ្រោះ នៅ​ពេល​ដែល​មាន​វិបត្តិ​កើត​ឡើង​ ដោយសារ​តែ​មិន​ទាន់​មាន​មូលដ្ឋាន​រឹងមាំ​នៅឡើយ។ ពួកគេប្រឈម​នឹង​បញ្ហា​ជាច្រើន​លើ​ផ្នែក​សេដ្ឋកិច្ច​ ការងារ​ សុខាភិបាល ​និង​ការសិក្សា។ នេះ​បើតាម​ការលើកឡើង​របស់​ថ្នាក់​ដឹកនាំ​មូលដ្ឋាន។
 
លោកស្រី​ ស៊ូលី សារ៉ូ សមាជិក​ក្រុមប្រឹក្សា​ទីក្រុង​ឡុងប៊ិច​និង​ជា​ចៅ​សង្កាត់​លេខ​ ៦​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា វិបត្តិ​សុខភាព​បង្កឡើង​ដោយ​ជំងឺ​កូវីដ១៩​ បាន​ប៉ះពាល់​ដល់​សហគមន៍​ខ្មែរ​ជាខ្លាំង​។
 
 


រូបឯកសារ៖ អ្នកស្រី​ ស៊ូលី សារ៉ូ (Suely Saro) ក្រុមប្រឹក្សា​ចៅសង្កាត់​លេខ៦ នៅពេលចូលរួមសកម្មភាពឃោសនារកសំឡេងឆ្នោតនៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ាដែលមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេបង្អស់នៅសហរដ្ឋអាមេរិក។ (រូបថតដោយ Suely Saro)

 
«សេដ្ឋកិច្ច​គឺ​យើង​ត្រូវ​ដោះស្រាយ​ ដោយសារ​មនុស្ស​គ្រប់​គ្នា​អត់​មាន​ការងារ​ធ្វើ ​អ្នករកស៊ី​ក៏​ពិបាក​បើក​ទ្វា។ ឥឡូវ​យើង​ខំ​និយាយ​ជួយ​មនុស្ស​ ដើម្បី​មាន​ការងារ​ ជួយ​អ្នករកស៊ី​ ជួយ​អ្នកគ្មាន​លុយកាក់​ដោះស្រាយ​បញ្ហា​ពេល​ត្រូវ​បិទទ្វារ»។
 
លោកស្រី​ ស៊ូលី ​យល់​ថា ​គេ​មិន​អាច​យក​សហគមន៍​ខ្មែរ​ទៅ​ប្រៀបធៀប​នឹង​សហគមន៍​ចិន​បាន​ទេ​ ព្រោះពួកគេ​មករស់នៅ​យូរហើយ។ អ្នកខ្លះ​កើត​នៅ​ទីនេះ​ជាច្រើន​ជំនាន់​ ដែល​ប្រៀប​ដូចជា​ប្រទេស​កំណើត​របស់​ពួកគេ។ ប៉ុន្តែ​លោកស្រី​ទទួលស្គាល់​ថា​ មាន​សមាជិក​សហគមន៍​ខ្មែរ​ខ្លះ​ ក៏​បោះជំហាន​ទៅមុខ​លើ​ការប្រកប​អាជីវកម្ម​ខ្លះ​ដែរ។
 
ខ្មែរ​អាមេរិកាំង​ចំនួន​ ១៣% រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ គឺ​ខ្ពស់​ជាង​អត្រា​នៃភាព​ក្រីក្រ​ក្នុង​ចំណោម​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ ដែល​មាន​ចំនួន​ ១០% ​និង​ស្មើ​នឹងអត្រា​ភាពក្រីក្រ​ជាមធ្យម​ថ្នាក់​ជាតិ​ ដែល​មាន​រហូតដល់​ ១៣%។
 
នៅ​រដ្ឋ​ចរចា ​មាន​សហគមន៍​ខ្មែរ​អាមេរិកាំង​តូច​មួយ ​ដែល​មាន​ពលរដ្ឋ​ជាង ​១០.០០០ ​នាក់​ ប៉ុន្តែ​កំពុងតែ​កើនឡើង​ជាលំដាប់។ នៅ​ទីនេះ​ ពលរដ្ឋ​ខ្មែរ​ធ្វើការ​លើ​ផ្នែក​តូចតាច​នៅឡើយ ​ដូចជា​បើក​អាជីវកម្ម​ហាង​លាបក្រចក ហាងនំ​ដូណាត់​ បើក​យានដ្ឋាន​ជួសជុល​រថយន្ត​ និង​បើក​រថយន្ត​ដឹកទំនិញ​ជាដើម។​
 
លោក រែនឌី មុត គឺ​ជានាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​អង្គរ ​(Angkor Resource Center)​ ដែល​ជា​អង្គការ​មិន​យក​កម្រៃ​ជួយ​ពលរដ្ឋ​ក្នុង​សហគមន៍។ លោក​យល់​ថា​ ឪពុក​ម្តាយ​មួយ​ចំនួនមិនបានយល់​ពីសារៈសំខាន់​នៃ​ការសិក្សា​អប់រំ​របស់​កូនៗ​ទេ​ ដោយសារ​ពួកគាត់​មិន​សូវ​មានចំណេះ​ដឹង ​ពេល​មុន​មក​នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​នាម​ជាជន​ភៀសខ្លួន។
 
ការណ៍​នេះ​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​វដ្ត​នៃ​ភាព​ក្រីក្រ​ ដោយ​ពិបាក​ចេញរួច។ លោកសង្កេតឃើញ​ថា​ បញ្ហា​អតីតកាល​នៅតែ​ដិតដាម​ជាប់​លើ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​មករស់នៅ​សហរដ្ឋ​អាមេរិក​នៅ​អំឡុង​ទសវត្សរ៍​ ១៩៨០​ ដោយ​ពួកគាត់​តែង​តែ​បាក់​ទឹកចិត្ត។
 
ការវាយតម្លៃ​ថា​ សហគមន៍​អាស៊ី​កំពុង​ឈានឡើង​ដោយ​មិន​គិត​បែងចែក​ឲ្យ​ច្បាស់​ពី​សហគមន៍​តូចតាច​ដូច​កម្ពុជា ​គឺ​មានផលប៉ះពាល់​ដល់​សកម្មជន​ថ្នាក់​មូលដ្ឋាន ​ដូចលោក។ មជ្ឈមណ្ឌល​ធនធាន​អង្គរ​បាន​ដំណើរការ​ជាង ​១០ ​ឆ្នាំ​ហើយ ​នៅតែមិនមាន​មូលនិធិ​គ្រប់គ្រាន់ ​ដើម្បី​ជួយ​សង្គម​ខ្មែរ​តាម​ដែល​ចង់បាន​ទេ។ រាល់​ពេល​ដាក់​សំណើ​ទៅ​ថ្នាក់ក្រុង​ ឬ​មូលនិធិ​នានា ​គឺ​តែងតែ​ត្រូវ​បដិសេធ​ដោយ​លើក​ហេតុផល​ថា ​សហគមន៍​បាន​ល្អ​ប្រសើរ​ហើយ ​និង​មិនស្ថិត​នៅ​ក្នុង​ក្រុម​អាទិភាពទេ។
 
លោក​ រែនឌី មុត ​បាន​បន្ថែម​ថា៖ «អីចឹង​បាន​ន័យ​ថា​ ខាងខ្ញុំ​នេះ​មិន​អាច​ធ្វើអ្វី​ពេញលេញ​ចំពោះ​សង្គម​ខ្មែរ​យើង​មកពី​ខ្វះ​ថវិកា​ ដើម្បី​ជួល​បុគ្គលិក​ដែល​មាន​ជំនាញ​សម្រាប់​បម្រើ​សង្គម​យើង​ដិតដល់»។
 
«ចំណែក​រឿង​នយោបាយ​ រឿង​ចេញ​ទៅ​បោះឆ្នោត​គឺ​យើង​នៅខ្ចី​ណាស់​ប៉ុន្តែ​យើង​មាន​ភាព​ជោគជ័យ​ច្រើន​ទោះបី​ជាយើង​នៅខ្ចី​ក៏ដោយ។ យើង​មក​៣០​ឆ្នាំ​ហើយ។ អ្នកមកមុនគេ​បង្អស់​គឺ​ជាង​៣០ឆ្នាំ​ហើយ​ប៉ុន្តែ​បើ​យើង​មើល​ទៅសាសន៍​ដទៃ​ដែល​មក​មុន​យើង​គឺ​ជោគជ័យ​របស់​គេ​អត់បាន​ប្រហែល​យើងទេ»។
មជ្ឈមណ្ឌល​ធនធាន​អង្គរ​បាន​ជួយ​ពលរដ្ឋ​ខ្មែរ​ប្រហែល​ជា​មធ្យម​ ១.៥០០ នាក់ ​ក្នុង​មួយឆ្នាំ ទាំង​អ្នកនៅ​ក្រៅ​រដ្ឋចរចា​ ជាពិសេស​អ្នកដែល​នៅ​សង្កាត់​ដាច់​ស្រយ៉ាល។
 
ប៉ុន្តែ​អ្វី​ដែល​ជា​សញ្ញា​វិជ្ជមាន ​គឺ​ពលរដ្ឋ​ខ្មែរ​ដែល​ទើបតែមកថ្មី​ជា​ជនអន្តោប្រវេសន៍​ តាម​រយៈ​អាពាហ៍​ពិពាហ៍​ ឬ​ការធានា​របស់​បងប្អូន ​គឺ​ពួកគេមិន​ជួប​បញ្ហា​ដូចអ្នកមុន​ទេ។ ពួកគេ​ទទួល​បាន​ក្រដាស​ស្នាម​ហើយ​ក៏​ប្រញ៉ាប់​ប្រញ៉ាល់សុំ​ចូល​សញ្ជាតិ​ ដែល​ខុសពី​អ្នកចាស់​ដោយ​អ្នកខ្លះ​មិន​ទាំង​ចង់​ចូល​សញ្ជាតិ​អាមេរិកាំង​ផង​ និង​ចូលចិត្ត​ពឹង​លើ​ជំនួយ​ពី​រដ្ឋ។
 
លោក រែនឌី មុត បាន​បន្ថែម​ថា៖ «ពួកអ្នកមកថ្មី​ខិតខំ​រៀន​អង់គ្លេស​បន្ថែម។ អ្នកខ្លះ​ខិតខំ​ពង្រឹង​ជំនាញ​ដើម្បី​ប្រកប​របរ​ដោយខ្លួន​ឯង។
 
ដោយឡែក​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ហាក់មាន​ជីវភាព​គ្រាន់បើ​ច្រើន​ បើប្រៀបធៀប​នឹង​ស្ថានភាព​របស់​ពួកគេ​នៅ​ដែនដី​កម្ពុជា​ក្រោម​ ដែល​ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម។ អ្នកខ្លះ​ប្រឹងប្រែង​រៀនសូត្រ​រហូតដល់​យ៉ាងហោចណាស់​បាន​ចប់​វិទ្យាល័យ​ និង​អ្នកខ្លះ​បាន​ចប់​បរិញ្ញាប័ត្រ។ រីឯ​អ្នកខ្លះ​សន្សំ​ប្រាក់​បាន​បើក​អាជីវកម្ម​ខ្នាតតូច​ ឬ​ខិតខំ​ធ្វើការ​តិចតួចនានា។ នេះ​បើតាម​ការ​លើកឡើង​របស់​មេដឹកនាំ​សហគមន៍។​
 
លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​សហព័ន្ធខ្មែរ​កម្ពុជា​ ក្រោម​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ជាទូទៅ​ខ្មែរ​ក្រោម​មិន​មាន​អ្នក​ដែល​គ្មាន ទីលំនៅ​ដេក​តាម​ចិញ្ចើម​ថ្នល់​សុំទាន​គេ​កាន់ស្លាក​សុំ​ទាន​គេ​ គឺ​អត់​មាន​ទេ។ ហើយ​បើ​ធ្លាក់​ខ្លួន​បំផុត​ក៏​ទៅសុំ​វត្ត​ខ្មែរ​ក្រោម​ស្នាក់នៅ។ វត្ត​នៅ​ទូទាំង​អាមេរិក​គឺ​ក្រៅ​ពី​ថែរក្សា​វប្បធម៌​គឺ​ថែរក្សា​អ្នកក្រីក្រ​លំបាក»។
 
លោក ប្រាក់ សេរីវុឌ្ឍ​ យល់​ថា ​ការតស៊ូ​លំបាក​ក្នុង​សម័យ​វាល​ពិឃាត​ខ្មែរ​ក្រហម​បាន​បង្រៀន​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចេះ​តស៊ូ​លត់ដំ​ ហើយ​អាច​ប្រឈម​នឹង​ការលំបាក​នានា ​ក្នុង​សហរដ្ឋ​អាមេរិក។ ដោយឡែក​ខ្មែរ​ កម្ពុជា​ក្រោម ​បើទោះបី​ជា​មិន​ដែល​ឆ្លងកាត់​របប​ខ្មែរ​ក្រហម ​ក៏​ប៉ុន្តែ​ការប្រឹងប្រែង​រស់​ក្រោម​ការដឹកនាំ​របស់​របប​កុម្មុយនីស្ត​វៀតណាម ​ក៏​ជួយ​បង្រៀន​ពួកគេ​បាន​ខ្លះ​ដែរ។
 
លោក ប្រាក់ សេរីវុឌ្ឍ​ បាន​បន្ថែម​ថា៖ «ហើយ​បើ​និយាយ​ពី​សង្គម​ខ្មែរ​ក្រោម​វិញ​ បើសិន​ជា​ប្រទេស​វៀតណាម​គេ​មិនគាប​សង្កត់​ មាន​សេរីភាព​កាប់បំផ្លាញ​អ្នកចេះ ​យកដី​ស្រែ​ចម្ការ​អស់​ខ្មែរ​ក្រោម ​ក៏​មិនចាញ់​វៀតណាម​ប៉ុន្មាន​ដែរ ​ក្នុង​ការកសាង​ជីវភាព​រស់នៅ ​ក៏ប៉ុន្តែ​គេគាប​យើង​ខ្លាំង​ពេក​ឡើង ក្រិន​អស់​ហើយ​រាប់​សិបឆ្នាំ ដល់​បាន​មក​អាមេរិក​តស៊ូ​យ៉ាង​ត្រឡាប​ត្រដួស​បាន​ប៉ុណ្ណឹង​ឃើញ​ថា ​មានជីវភាព​គ្រាន់​បើ»។
 
 


រូបឯកសារ៖ លោក វាសនា នួន និងកូនស្រី នៅពេល​ធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោត។ កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក​ នួន វាសនា ត្រូវបាន​ជ្រើសតាំង​ឲ្យ​ក្លាយ​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូវែល ដោយ​លោក​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​បង្អស់។
 
 
យ៉ាងណា​ក៏ដោយ​ សហគមន៍​ខ្មែរ​ក៏​ចាប់ផ្តើម​ទទួល​បាន​ជោគជ័យ​ក្នុង​ផ្នែក​នយោបាយ​មូលដ្ឋាន​ផងដែរ។​ ដូចជា​នៅ​ទីក្រុង​ឡូវែល​ រដ្ឋម៉ាស្សាឈូសិត ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ជោគជ័យ​ជាង​សហគមន៍​ខ្មែរ​នៅ​តាម​រដ្ឋ​ដទៃ ​និង​អាច​ប្រសើរ​ជាង​សហគមន៍​អាស៊ី​មួយ​ចំនួន​នៅ​ទីនោះ​ផងដែរ។​ការណ៍​នេះ​ដោយសារ​តែ​ខ្មែរ​មាន​អ្នកតំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​ចំនួន​ ២ នាក់ ​និង​ក្រុមប្រឹក្សា​ក្រុង​ចំនួន​២នាក់។
 
លោក ​វាសនា ​នួន​ សមាជិក​ក្រុមប្រឹក្សា​ក្រុង​បាន​បញ្ជាក់​ថា៖ «ចំណែក​រឿង​នយោបាយ​រឿង​ចេញ​ទៅ​បោះឆ្នោត​ គឺ​យើង​នៅខ្ចី​ណាស់​ប៉ុន្តែ​យើង​មាន​ភាព​ជោគជ័យ​ច្រើន​ ទោះបី​ជាយើង​នៅខ្ចី​ក៏ដោយ។ យើង​មក​ ៣០ ​ឆ្នាំ​ហើយ។ អ្នកមកមុនគេ​បង្អស់​គឺ​ជាង​ ៣០ ឆ្នាំ​ហើយ ​ប៉ុន្តែ​បើ​យើង​មើល​ទៅសាសន៍​ដទៃ​ ដែល​មក​មុន​យើង​គឺ​ជោគជ័យ​របស់​គេ​អត់បាន​ប្រហែល​យើងទេ»។
 
រីឯ​នៅ​ទីក្រុង​ឡុងប៊ិច​ គឺ​អ្នកបោះឆ្នោត​ទើប​តែ​ជ្រើសរើស​បាន​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ដំបូង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ផងដែរ៕
 
សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com