ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ចៅក្រម​បដិសេធ​សំណើ​នៅក្រៅ​ឃុំ​ របស់​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​ទាំង​៧​នាក់
18, May 2021 , 9:15 pm        
រូបភាព
សកម្មជនសិទ្ធិមនុស្សនិងបរិស្ថានទាំង៧។ (រូបភាពពី CYN)
សកម្មជនសិទ្ធិមនុស្សនិងបរិស្ថានទាំង៧។ (រូបភាពពី CYN)
​ភ្នំពេញ​៖ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ស​ម្រ​ច​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់​ក្រុមយុវជន​ខ្មែរ​ថាវរៈ​និង​សមាគមនិស្សិត​បញ្ញវ័ន្ត​ខ្មែរ​ទាំង​៧​នាក់ ដោយ​សំអាងថា​ការស្នើសុំ​នេះ​ពុំមាន​ហេតុផល​ច្បាស់លាស់​និង​រក្សា​ជនជាប់ចោទ​ដើ​ម្ប​បន្ត​នីតិវិធី​សវនាការ​ជា​បន្តបន្ទាប់​។ ករណីនេះ អ្នកតស៊ូ​មតិ​របស់​CYN បង្ហាញ​ការព្រួយបារម្ភ​ពី​ការបាត់បង់​សេរីភាព​និង​ការរក​យុត្តិធម៌​សកម្មជន​ទាំងនោះ​។

 
​នៅ​ថ្ងៃទី​១៨​ឧសភា​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បដិសេធ​លើ​សំណើសុំ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បន្ត​ឃុំខ្លួន រង់ចាំ​បើកសវនាការ​បន្តទៀត ដោយ​ពុំបាន​បញ្ជាក់ថា​ពេលវេលា​នោះទេ​។ ការបដិសេធ​របស់​ចៅ​ក្រ ម​ធ្វើឡើង​ក្រោម​ហេតុផល​ពីរ គឺ​សំណើសុំ​របស់​មេធាវី មិនមាន​ហេតុផល​ច្បាស់លាស់ និង​រក្សា​ជនជាប់ចោទ ទុក​ជូន​តុលាការ​សម្រាប់​បន្ត​សវ​នា​ការ​។ នេះ​បើតាម​លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) ដែល​បាន​ចូលរួម​ស្តាប់​សវនាការ​។ 
 
​លោក គីម​ហុង យល់ថា​ការសម្រេច​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិសេរីភាព​និង​ការរក​យុត្តិធម៌​របស់​សកម្មជន​ទាំង​៧​នាក់​។ ការរង​ផលប៉ះពាល់​នេះ ដោយសារ​ពួកគេ​រង​ការ​ចោទ ពីបទ​ញុះញង់​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម គឺ​ប្រឈម​នឹង​ជាប់ពន្ធនាគារ ពី​៦​ខែ ទៅ​២​ឆ្នាំ ខណៈដែល​ដំណើរការ​ស៊ើបសួរ បានអូសបន្លាយ​ប្រមាណ​ព​៩​ខែ​ទៅហើយ​។​
 
«​អប្បបរមា​នៃ​បទ​ចោទ​នេះ ៦​ខែ​ក្នុងការ​ជាប់ពន្ធនាគារ គឺ​ប៉ះពាល់​សិទ្ធិសេរីភាព និង​ការទទួលបាន​យុត្តិធម៌ របស់​ជនជាប់ចោទ​។ ដំណើរការ​សំណុំ​រឿងនេះ ៩​ខែ​ទៅហើយ ចៅក្រម​នៅតែ​មិនទាន់​ឃើញ​មាន​ពេល​ច្បាស់លាស់ ហើយនឹង​អាច​បន្ត​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សិទ្ធិសេរីភាព របស់​ជនជាប់ចោទ ដែល​គ្រាន់តែ​ចូលរួម​សកម្មភាព​អហិង្សា និង​បង្ហាញ​សេរីភាព​បញ្ចេញ​របស់​មតិ​របស់​ខ្លួន​»​។ នេះ​បើតាម​ការេ​លើកឡើង​របស់លោក គីម​ហុង​។ 
​ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​រូបនេះ​សង្កត់ធ្ងន់ថា តុលាការ គួរតែ​ព​ន្លឿ​ន​នីតិវិធី​លើ​សំណុំ​រឿងនេះ តាម​គោលការណ៍​យុត្តិធម៌ ដើម្បី​ឲ្យ​ក្រុម​សកម្មជន​ទាំង​៧​នាក់ ដឹង​ច្បាស់​ថា​ខ្លួន​ជាប់ចោទ ប្រព្រឹត្ត​ខុស ឬ​ត្រូវ​។ 
 
​សូមជម្រាប់ថា សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​ទាំង​៧​នាក់​នេះ​មាន លោក កើត សា​រ៉ា​យ​, លោក ហ៊ុន វណ្ណៈ​, កញ្ញា ឈឿន ដា​រ៉ាវី​, កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា​, លោក ថា ឡា​វី​, លោក មាន ព្រហ្ម​មុនី និង​លោក មួង សុភ័ក្ត្រ​។ ចំណោម​អ្នក​ទាំង​៧​នាក់​នេះ​មាន យុវជន​ខ្មែរ​ថាវរៈ​៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​អំឡុង​ខែសីហា ដល់​ខែកញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការចូលរួម​តវ៉ា ទាមទា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន​។ រីឯ សមាជិក​ទាំង​ពីររូប នៃ​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការជួបជុំ​ដោយ​សន្តិវិធី នៅ​ទីលាន​ប្រជាធិបតេយ្យ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com