កីឡាជាតិ
ជាតិ
មីយ៉ាន់ម៉ាប្រារព្ធពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការ ក្រោយរង់ចាំអស់៤៤ឆ្នាំ ក្រោយរង់ចាំអស់រយៈពេល៤៤ឆ្នាំ ប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការនៅថ្ងៃពុធ ទី១១ ខែធ្នូ នេះ នៅកីឡដ្ឋាន Wunna Theikdi ក្នុងទីក្រុងណៃពីដរ ជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យ។
អត្តពលិក និងមន្ត្រីប្រមាណជាង៦០០០នាក់មកពី១១ប្រទេសក្នុងតំបន់ ទទួលបាននូវភាពរីករាយយ៉ាងខ្លាំងនាពិធីបើកព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់លោកប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sien។
នេះជាការរៀបចំលើកទីពីររបស់មីយ៉ាន់ម៉ា បើគិតចាប់តាំងពីឆ្នាំ១៩៦៩មក ខណៈដែលពេលនោះ ព្រឹត្តិការណ៍ពីរឆ្នាំម្តងមួយនេះ ត្រូវបានគេហៅថា «កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍»។ ព្រឹត្តិការណ៍ប្រកួតដែលដំណើរចាប់តាំងពីថ្ងៃទី៤ ខែធ្នូ មក នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែធ្នូ ខាងមុខ។
តាមរយៈគណនីហ្វេសប៊ុកផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧ មីយ៉ាន់ម៉ាបានថ្លែងអំណរគុណដល់សមាជិកគ្រួសារទាំងអស់នៅក្នុងតំបន់អាស៊ានដែលផ្តល់ទំនុកចិត្តដល់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍នេះ ស្របពេលដែលប្រទះមួយចំនួនកំពុងជួបបញ្ហានៅឡើយ។
អ្នកចូលរួម និងអ្នកតាមដានព្រឹត្តិការណ៍មកពីប្រទេសជាសមាជិកភាគច្រើន បានសម្តែងការអបអរសាទរចំពោះការរៀបចំរបស់មីយ៉ាន់ម៉ា ជាពិសេសទស្សនីយភាពដ៏អស្ចារ្យនាពិធីបើកផ្លូវការនេះតែម្តង ដែលវាបង្ហាញពីកិត្យានុភាពនៃប្រទេសមីយ៉ាន់ម៉ា។
ទស្សនីយភាពដ៏រំភើបបែបនេះ នឹងមាននៅកម្ពុជានារយៈពេល១០ឆ្នាំខាងមុខទៀត ពោលគឺឆ្នាំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ។ វានឹងក្លាយជាឱកាសលើកទីមួយរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីឱកាសកាលពីឆ្នាំ១៩៦៣ ត្រូវបានខកខាន៕
រូបថតទាំងអស់ផ្តល់ដោយ NagaWorld/ លោក កឹម សុវណ្ណា © រក្សាសិទ្ធិដោយ thmeythmey.com