កីឡាអន្តរជាតិ
អន្តរជាតិ
សកម្មជនសិទ្ធិមនុស្ស ស្នើអត្តពលិកធ្វើពហិការកីឡាអូឡាំពិកនៅប៉េកាំង
19, May 2021 , 10:29 pm        
រូបភាព
ក្រុមសកម្មជនសិទ្ធិមនុស្សនៅថ្ងៃទី១៨ ខែឧសភា បានអំពាវនាវ ឱ្យអត្តពលិកធ្វើពហិការចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ នៅប្រទេសចិន និងដាក់សម្ពាធលើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការផ្តល់សិទ្ធិឱ្យប៉េកាំងរៀបចំព្រឹត្តិការណ៍កីឡានេះ។


ក្រោយបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡារដូវរងា ក្រុងប៉េកាំងគ្រោងនឹងចាប់ផ្តើមការប្រកួតពីខែកុម្ភៈ ឆ្នាំ ២០២២។ យ៉ាងណាចិន មិនទទួលបានការគាំទ្រពេញលេញក្នុងនាមជាម្ចាស់ផ្ទះឡើយ ព្រោះរងការចោទប្រកាន់អំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅទឹកដីខ្លួន។
 
ជុំវិញករណីនេះ សូម្បី IOC ក៏ប្រឈមនឹងការរិះគន់ជុំវិញការសម្រេចចិត្តផ្តល់ការរៀបចំកីឡាលំដាប់ពិភពលោកទៅឱ្យក្រុងប៉េកាំង ពីសំណាក់ក្រុមសិទ្ធិមនុស្ស និងអ្នកនយោបាយមួយចំនួនផង។
 
ទោះមានការលើកឡើងយ៉ាងនេះក្តី IOC មិនបានឆ្លើយតបភ្លាមៗនោះទេ។ ស្ថានប័នគ្របគ្រងអូឡាំពិកពិភពលោកមួយនេះ ធ្លាប់អះអាងកន្លងមកថា ខ្លួនជាអង្គការមិនមែននយោបាយនោះទេ។
 
ពាក់ព័ន្ធសិទ្ធិមនុស្សនៅស៊ីនជាំង ទីដែលត្រូវបានគេជឿជាក់ថាមានមនុស្សប្រមាណ១លាននាក់កំពុងជាប់ឃុំឃាំង ក្រុមប្រទេសលោកខាងលិច បានទាមទារឱ្យចិនបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពួកគេទាំងអស់នោះ។
 
អង្គការដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស បានចោទប្រកាន់ រដ្ឋាភិបាលស៊ីនជាំងថា បានរំលោភសិទ្ធិជនជាតិភាគតិចវីហ្គ័រ និងជជាតិនភាគតិចផ្សេងទៀតនៅឯជំរំនានាក្នុងខេត្តភាគខាងលិចប្រទេសចិននេះ។ ចិន ក៏តែងបកស្រាយវិញថា វាជាជំរំបណ្តុះបណ្តាលវិជ្ជាជីវៈ និងជម្រុះភាពជ្រុលនិយមសាសនារបស់ជនជាតិភាគតិចតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្រុមសិទ្ធិមនុស្សមកទល់ពេលនេះ បានអះអាងថា ខ្លួនគ្មានអ្វីក្រៅពីស្នើអត្តពលិកធ្វើពហិការចូលរួមការប្រកួតកីឡាអូឡាំពិកនៅប៉េកាំង ដើម្បីប្រឆាំងនឹងទង្វើរបស់ចិនឡើយ។ លោក Lhadon Tethong អ្នកតំណាងសមាជជនជាតិវីហ្គ័រពិភពលោក និងវិទ្យាស្ថានសកម្មភាពទីបេ លើកឡើងថា នៅពេលនេះមានតែអត្តពលិកទេ ដែលមានថាមពលដ៏អស្ចារ្យ និងជាវេទិកាសំខាន់ដើម្បីផ្លាស់ប្តូរពិភពលោក។
 
«ប្រសិនបើពួកគេ [អត្តពលិក] អាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងការរស់នៅដោយការគាបសង្កត់ និងភ័យខ្លាច…នោះបញ្ហាជាច្រើនអាចនឹងមានការផ្លាស់ប្តូរឡើងវិញ។ ខ្ញុំគ្រាន់តែសុំឱ្យពួកគេធ្វើពហិការដើម្បីដាក់សម្ពាធចិន»។ នេះជាការបញ្ជាក់របស់ Tethong៕
 
 

Tag:
 វីហ្គ័រ
  Olympic
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com