ជាតិ
ឯកអគ្គរដ្ឋទូតអាមេរិក និងរុស្ស៊ី ចូលរួមរំលឹកទិវាចងចាំ ២០ឧសភា
20, May 2021 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈបណ្តាញសង្គមរបស់ខ្លួន ឯកអគ្គរដ្ឋទូតអាមេរិក និងរុស្ស៊ី បានចូលរួមរំលឹកទិវាជាតិនៃការចងចាំ ២០ឧសភា ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ដូចជាឆ្នាំមុនៗដែរ សម្តេច ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ រួមគ្នាទប់ស្កាត់កុំឲ្យរបបនេះវិលត្រឡប់មកវិញ តាមរយៈការថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស។

 
ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy បានបង្ហោះរូបថត៣សន្លឹកនៅលើ Twitter ខ្លួន ដោយមានរូបថតសារមន្ទីប្រល័យពូជសាសន៍ជើងឯក រូបថតអនុស្សាវីយ៍ជាមួយលោក ជុំ ម៉ី អតីតអ្នកជាប់ឃុំនៅមន្ទីរស-២១ (គុកទួលស្លែង) និងរូបថតលោកអុជធូបរំលឹកវិញ្ញាណក្ខន្ធដល់ជនរូបគ្រោះ។
 
«នាទិវាជាតិនៃការចងចាំនេះ យើងសូមចូលរួមជាមួយប្រជាជនកម្ពុជាដើម្បីរំលឹកដល់ជនរងគ្រោះរាប់លាននាក់ក្នុងរបបប្រល័យពូជសាសន៍ អំពើទារុណកម្ម ទាសភាព និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផ្សេងទៀត ក្រោមដៃក្រុមខ្មែរក្រហម»។ លោក Murphy បានសរសេរយ៉ាងដូច្នេះ ដោយភ្ជាប់ Hashtag ថា #NeverAgain (សូមកុំឲ្យកើតឡើងសាជារថ្មី)។


 
ចំណែកឯ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ឯណោះវិញ បានលើកឡើងថា៖ «ប្រទេសកម្ពុជាបានឆ្លងសោកនាដកម្មមួយនៅក្នុងប្រវត្តិសាស្ត្រ ហើយថ្ងៃនេះ [ទិវាជាតិនៃការចងចាំ] យើងសូមរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម»។
 
លោក Borovik ក៏បានកោតសរសើរផងដែរចំពោះការពង្រឹងសាមគ្គីភាពជាតិ ការបង្រួបបង្រួមជាតិ និងឯកជនជាតិរបស់ប្រជាជនកម្ពុជា។
 
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលសម្លាប់ជីវិតមនុស្សជាង៣លាននាក់ រួមទាំងការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។


 
«មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ»។ សម្តេចបានបន្ថែមយ៉ាងដូច្នេះ។
 
ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ប្រមុខរដ្ឋាភិបាលបានអំពាវនាវឲ្យរួមគ្នាថែរក្សាការពារសន្តិភាព ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ។

 

 
កាលពីឆ្នាំ១៩៨៣ សភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកំណត់ថ្ងៃ២០ ឧសភា ជា «ទិវាចងកំហឹង» ដោយសារថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ 
 
ដោយសារស្ថានភាពវិវត្តនៃកម្ពុជា ថ្ងៃ២០ឧសភាក៏ត្រូវបានប្តូរមកជា ថ្ងៃរម្លឹកខួបវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហមវិញ ដោយហៅថា «ទិវាជាតិនៃការចងចាំ»។ កាលពីឆ្នាំ២០១៨ ទិវានេះ ធ្លាប់ជាថ្ងៃឈប់សម្រាកសារធារណៈ ប៉ុន្តែក្រោយមក ទិវានេះ ត្រូវបានប្តូរទៅជាថ្ងៃធម្មតាវិញក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ។
 
នៅមុនការវាយលុកកូវីដ-១៩ បណ្តារាជធានី-ខេត្ត បានរៀបចំទស្សនីយភាពផ្សេងៗទាក់ទងនឹងទិវានេះ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ពិសេសនៅទីតាំងនៃការធ្វើទារុណកម្ម ដូចជាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងរាជធានីភ្នំពេញ ជាដើម៕
 
 
 
 
 

Tag:
 ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com