ជាតិ
សម្ដេច ហ៊ុន សែន បានស្នើសុំវ៉ាក់សាំងកូវីដ-១៩ ពីអាមេរិក ៤លានដូស
20, May 2021 , 7:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា (រូបពី៖ ទទក)
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា (រូបពី៖ ទទក)
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជាបានស្នើសុំវ៉ាក់សាំងកូវីដ-១៩ ចំនួន៤លានដូសពីអាមេរិក ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ តួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ នៅថ្ងៃទី២០ ឧសភានេះ។

 
«...យើងខ្ញុំក៏បានស្នើសុំទៅអាមេរិកនូវវ៉ាក់សាំងផងដែរ គឺសុំ៤លានដូស។ ប៉ុន្តែមកដល់ម៉ោងនេះ យើងខ្ញុំអត់ទាន់ទទួលបានចម្លើយណាមួយសហរដ្ឋអាមេរិកទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេចរង់ចាំស្វាគមន៍ជានិច្ច រាល់វ៉ាក់សាំងពីបណ្ដាប្រទេសនានា ដែលចង់ជួយកម្ពុជា។
 
សម្ដេច ហ៊ុន សែន ក៏ស្នើឱ្យបណ្ដាប្រទេសលើពិភពលោក សម្លឹងមើលនយោបាយការបរទេសរបស់កម្ពុជា តាមរយៈឥរិយាបទសមរម្យមួយ ដោយកុំចោទប្រកាន់កម្ពុជាថា ពឹងផ្អែកតែលើចិន ឬអ្នកណាមួយខ្លាំង ។
 
 កាលពីថ្ងៃទី១៨ឧសភានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាដៃគូរឹងមាំនៅកម្ពុជា នៅអំឡុងពេលរាតត្បាតកូវីដ-១៩ ជាសាកលនេះ ដោយនឹងផ្តល់ថវិកាជាង ១១លានដុល្លារសម្រាប់កម្ពុជាផង។ ការផ្ដល់ជំនួយនេះ គឺទាក់ទងនឹងជំងឺកូវីដ-១៩ ដែលជាជំនួយបច្ចេកទេសសំខាន់ៗ ហើយបន្ថែមលើកម្មវិធីសហការជាដៃគូជាយូរ ក្នុងផ្នែកសុខាភិបាល។ 
 
លើសពីនេះ អាមរិកក៏បានផ្តល់ថវិកាជាង ៤ពាន់លានដុល្លារដល់បណ្ដាប្រទេសផ្សេងៗតាមយន្តការCOVAX របស់អង្គការសុខភាពពិភពលោក។ តាមរយៈកម្មវិធីនេះស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី១៨ ឧសភាថា ៖ «កម្ពុជានឹងទទួលបានវ៉ាក់សាំង១លាន១ សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត »។ 
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានចាក់វ៉ាក់សាំងឲ្យពលរដ្ឋបានជាង២លាន១សែននាក់ហើយ ស្មើនឹង២១ភាគរយនៃចំនួនពលរដ្ឋ១០លាននាក់ លើមនុស្សអាយុ១៨ឆ្នាំឡើងទៅ៕ 
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com