ជាតិ
សេដ្ឋកិច្ច
ផ្សារ​រដ្ឋ​ទាំងអស់​នៅ​ភ្នំពេញ អាច​ដំណើរការ​វិញ​បាន ចាប់ពី​ថ្ងៃទី​២៤​ឧសភា
20, May 2021 , 7:27 pm        
រូបភាព
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សម្រេច​ឱ្យ​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ បើក​ដំណើរការ​ឡើងវិញ​បាន ចាប់ពី​ថ្ងៃទី​២៤​ឧសភា ឆ្នាំ​២០២១ តទៅ​។ អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​បញ្ជាក់ថា ចំពោះ​ផ្សារ​មិន​រៀបរយ ដូចជា ផ្សារ​ក្រមួន ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​តាម​ចិញ្ចឹម​ផ្លូវ​ជាដើម​នោះ គឺ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ឡើយ​។

 
​ក្នុងអំឡុងពេល​នៃ​ការចាប់ផ្តើម​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់​ឡើងវិញ អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី និង​គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩(COVID-19)​។ 
 
​សេចក្តីសម្រេច​របស់លោក ឃួ​ង ស្រេង នា​ល្ងាច​ថ្ងៃទី​២០​ឧសភា​នេះ បាន​តម្រូវឱ្យ​អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី និង​គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​ទាំងអស់​នៅ​ភ្នំពេញ ត្រូវឱ្យ​អាជីវករ​លក់ដូរ​ទំនិញ​ណា​ដែលជា​តម្រូវការ​ចាំ​បាច់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ចំពោះ តូប​លក់​អាហារ និង​តូប​ភេសជ្ជៈ​ក្នុង​បរិវេណ​ផ្សារ មិនត្រូវ​ទទួល​អតិថិ​ជន​ទទួលទាន​នៅ​កន្លែង​ឡើយ​។ 
 
​ត្រូវ​កំណត់​ចំនួន​អតិថិជន​ចេញ​-​ចូល​ផ្សារ ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅនឹង​ទំហំ​ផ្សារ ដើម្បី​រក្សា​ឱ្យបាន​ជាដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​-​សង្គម និង​ដើម្បី​ធានាឱ្យមាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ដោយ​ត្រូវ​ចៀសវាង​ការ​ប្រជៀ​ត​គ្នា  ឬ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ដែលជា​ហានិភ័យ​នៃ​ការចម្លង​មេរោគ​កូ​វីដ​-១៩​។  គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​ទាំងអស់ ត្រូវ​គូស​គំនូស​សម្រាប់​អតិថិជន​ដើម្បី​រក្សា​គម្លាត ១​ម៉ែត្រ​កន្លះ ជា​ចាំបាច់ ក្នុង​បរិវេណ​ផ្សារ​នីមួយៗ​។ 
 
​ចំពោះ​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ អតិថិជន និង​ជន​ទាំងឡាយ ដែលមាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ  ត្រូវ​មានការ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ចាំបាច់​។ លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា ក្នុងករណី​មាន​បុគ្គល​មិន​ពាក់​ម៉ាស់​ឬ​ពាក់​ម៉ាស់​មិន​ត្រឹមត្រូវ​ឬ​មិន​រក្សា​គម្លាត​សុវត្ថិភាព អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី​និង​គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​ទាំងអស់ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្ត​ការផាកពិន័យ​ជាបន្ទាន់​ក្នុង​អន្តរការណ៍​ពី​២០​ម៉ឺន ដល់​១​លាន​រៀល និង​ពិន័យ​ចំនួន​២​លាន​រៀល ចំពោះ​អ្នក​ដែល​ជួបជុំ​ឬ​ប្រមូល​ផ្តុំគ្នា នៅក្នុង​បរិវេណ​ផ្សារ​។ 
 
​គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​ទាំងអស់ ត្រូវ​រៀបចំ​ច្រកចេញ​-​ចូល​ផ្សារ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ការចេញ​-​ចូល​របស់​អាជីវករ និង​អតិថិជន  និង​កំណត់​ច្រក​សុវត្ថិភាព​សម្រាប់​ការសង្គ្រោះ និង​គ្រប់គ្រង​ស្ថានភាព​អាសន្ន​។ តាម​ផ្សារ​នីមួយៗ តម្រូវឱ្យមាន​អ្នក​វាស់​កម្តៅ បាញ់​អាល់កុល និង​អនុវត្ត​ការ​ស្កេ​ន QR Code ឬ​(​ទប់ស្កាត់​កូ​វីដ​-១៩ _ Stop Covid) នៅតាម​បណ្តា​ច្រកចេញ​-​ចូល​ផ្សារ​។​
 
​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជាប្រចាំ​ក្នុង​បរិវេណ​ផ្សារ និង​ផ្នែក​ខាងក្នុង​ផ្សារ​។ គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​នីមួយៗ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន នៅពេល​ប្រមូល​សំរាម ដោយ​ត្រូវ​ដាក់ពង្រាយ​ធុងសំរាម​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រូវ​អនាម័យ​ជានិច្ច​ក្នុងពេល​ប្រមូល​សំរាម រួមទាំង​វិធាន​ទប់ស្កាត់​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មួយចំនួនទៀត​។  
 
​សូមជម្រាបថា  ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពី​ព្រឹត្តិការណ៍​២០​កុម្ភៈ បាន​បង្ខំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស​ម្រ​ច​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ កាលពី​យប់​ថ្ងៃទី​២៣​មេសា ឆ្នាំ​២០២១​មក​។ ផ្សារ​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ជិត​៣០​កន្លែង ដោយ​ក្នុងនោះ​មាន ផ្សារ​ទួល​ទំពូង ផ្សារ​អូរឫស្សី ផ្សារ​បឹងត្របែក ផ្សារ​ដើម​គ ផ្សារ​ប៉េសេ ផ្សារ​ដេប៉ូ ផ្សារ​នាគ​មាស ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​ធំថ្មី និង​ផ្សារ​ត្រពាំង​ថ្លឹង ជាដើម​៕ 
 
 
 
 

Tag:
 ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com