ជាតិ
សេដ្ឋកិច្ច
កម្ពុជា គាំទ្រអូស្រ្តាលីក្នុងការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមអេឡិចត្រូនិក រវាង AANZFTA
21, May 2021 , 8:59 am        
រូបភាព
 លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានគាំទ្រនូវគំនិតផ្គួចផ្តើមរបស់ប្រទេសអូស្រ្តាលី ក្នុងការប្រើប្រាស់នូវឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់(AANZFTA) ដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងតំបន់ ដែលស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩(COVID-19)។ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងដូច្នេះ ក្នុងជំនួបជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៨ឧសភា។

 
 
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់នេះ បានផ្តល់នូវការកាត់បន្ថយពន្ធយ៉ាងទូលំទូលាយ និងភាពជាក់លាក់កាន់តែច្រើនសម្រាប់អ្នកផ្គត់ផ្គង់សេវាកម្ម និងវិនិយោគិននៃប្រទេសជាដៃគូ។ កម្ពុជា និង អូស្ត្រាលី បានចូលកិច្ចព្រមពៀងរវាងទ្វេភាគី រវាងថ្នាក់តំបន់ និងពហុភាគីនេះ ជាធរមាននៅក្នុងខែមករា ឆ្នាំ២០១១។ 
 
តាមរយៈការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ត បានអះអាង ចំពោះលោក Pablo Kang  ថា រដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្រ្តាលី លើវិស័យពាណិជ្ជកម្មអន្តរជាតិ។ ជាពិសេស គឺបន្តជួយគាំទ្ររបស់អូស្ត្រាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជាទាំងទ្វេភាគី ទាំងថ្នាក់តំបន់ និងពហុភាគី។
 
បើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ ក្នុងក្របខណ្ឌតំបន់អាស៊ាន ប្រទេសអូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវគំនិតផ្តួចផ្តើមជំរុញការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលស្ថិតនៅក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀង AANZFTA ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលីកាន់តែងាយស្រួល។


 
«គំនិតផ្តួចផ្តើមរបស់ប្រទេសអូស្រ្តាលីនេះ  នឹងរួមចំណែកកាត់បន្ថយការចំណាយ ដោយសំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ និងក្រោយវិបត្តិនេះ»។ លោក ប៉ាន សូរស័ក្ត បានរៀបរាប់ដូច្នេះ។  
 
ក្នុងជំនួបពិភាក្សាការងារមួយ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជានេះ លោកប៉ាន សូរស័ក្ត ក៏បានលើកឡើង អំពីក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ ដោយបានពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍពាណិជ្ជកម្ មដែលស្ថិតក្រោមជំនួយរបស់អូស្ត្រាលី ផងដែរ។ គម្រោងអភិវឌ្ឍពាណិជ្ជកម្ម ដែលកម្ពុជាទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី មាន៖ ការពង្រឹង និងការកសាងសមត្ថភាពមន្ត្រីពាណិជ្ជកម្ម, ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ព្រមទាំងការបន្តអនុវត្តកម្មវិធីខ្សែច្រវាក់តម្លៃ កសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម។ 
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងអូស្រ្តាលី មានតម្លៃ ២១៣,៦៤លានដុល្លារ កើន ៣,៨២ ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់២០៥,៧៩ លានដុល្លារ។ របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងចំណោមទំហំពាណិជ្ជកម្មតម្លៃជាង២០០លានដុល្លារនេះ  គឺមាន ១៣៣,៩២លានដុល្លារ ជាតម្លៃទំនិញពីកម្ពុជា នាំទៅអូស្ត្រាលី និង៧៩,៧២ លានដុល្លារ ជាតម្លៃទំនិញរបស់ប្រទេសអូស្ត្រាលីនាំចូលកម្ពុជា៕  
 

Tag:
 ពាណិជ្ជកម្ម
  AAZFTA
© រក្សាសិទ្ធិដោយ thmeythmey.com