កីឡាអន្តរជាតិ
អន្តរជាតិ
ឡាវ បន្តបិទខ្ទប់ប្រទេស ១៥ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
21, May 2021 , 3:10 pm        
រូបភាព
រូបថត AFP
រូបថត AFP
ឡាវ បានសម្រេច ពន្យារពេលបិទខ្ទប់ប្រទេសរយៈពេល១៥ថ្ងៃទៀត ស្របពេលជំងឺកូវីដ-១៩ បន្តរាលដាលខ្លាំងនៅក្នុងប្រទេស។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលឡាវ នៅថ្ងៃទី២០ ខែឧសភា។ ការបិទខ្ទប់ នៅទូទាំងប្រទេស នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៤ ខែមិថុនា។

 
 
ឡាវ នៅតែបន្តរកឃើញករណីឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ បើទោះមានការអនុវត្តវិធានរឹតបន្តឹង និងបិទខ្ទប់ប្រទេស។ នៅថ្ងៃទី២០ ខែឧសភា ឡាវបានរាយការណ៍ ករណីឆ្លងកូវីដ-១៩ ចំនួន ១៤ករណី។ ដោយពិនិត្យឃើញ ស្ថានការណ៍កូវីដ-១៩ មិនទាន់អាចគ្រប់គ្រងបាន រដ្ឋាភិបាល បានសម្រេចបន្ថែមរយៈពេលបិទខ្ទប់ ១៥ថ្ងៃទៀត។ 
 
តាមសេចក្តីប្រកាសនៅថ្ងៃទី២០ ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្រ្តីនៃការិយាល័យនាយករដ្ឋមន្រ្តីឡាវ លោកស្រី Thippakone Chanthavongsa បានបញ្ជាក់ថា រដ្ឋាភិបាល មិនទាន់អាចគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានទាំងស្រុងឡើយ។ ដោយកូវីដ-១៩ នៅតែបន្តរាលដាល ឡាវនឹងបន្តបិទខ្ទប់នៅក្នុងប្រទេសរហូតដល់ពាក់កណ្តាលយប់ ថ្ងៃទី៤ ខែមិថុនា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។ 
 
ទាក់ទិននឹងវិធានបិទខ្ទប់នេះ អ្នកនាំពាក្យរដ្ឋាភិបាលឡាវ ក៏បានសំណូមពរឱ្យប្រជាជនទាំងអស់យោគយល់ និងគោរពតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយករណីឆ្លងកូវីដ-១៩ និងឈានទៅរកការលើកចោលវិធានបិទខ្ទប់នេះ។ 
 
ក្នុងរយៈពេលអនុវត្តចំណាត់ការថ្មីនេះ រដ្ឋាភិបាលឡាវ បានបញ្ជាឱ្យបិទកន្លែងមួយចំនួនបន្ថែមទៀតរួមមាន ហាងអ៊ុតសក់, ហាងកាត់សក់, ហាងធ្វើសក់, បនល្បែង, និងកន្លែងលេងហ្គេមជាដើម។ ស្របគ្នានឹងវិធានការខាងលើ ស្រុកមួយចំនួន នៅក្នុងខេត្តឡាវទាំងអស់ ត្រូវបែងចែកជាបីតំបន់ ដូចជា តំបន់ក្រហម តំបន់លឿង និងតំបន់បៃតង។ 
 
តំបន់ទាំងបីនេះ មានការអនុវត្តខុសៗគ្នា ដោយតំបន់ក្រុមក្រហម ត្រូវបានរឹតបន្តឹងខ្លាំង ខណៈពេលតំបន់លឿង មានការបន្ធូរបន្ថយខ្លះ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការជួបជុំឡើយ។ ចំណែក តំបន់បៃតងវិញ មានការបន្ធូរបន្ថយច្រើនជាងគេ និងអនុញ្ញាតឱ្យមានការជួបជុំ មិនលើសពី ១០នាក់។ 
 
សាលារៀន ត្រូវអនុញ្ញាតឱ្យបើកក្នុងតំបន់ ដែលគ្មានករណីឆ្លងជាសហគមន៍រយៈពេល ១៤ថ្ងៃ។ ការធ្វើដំណើរឆ្លងខេត្ត អាចធ្វើបាន តែក្នុងតំបន់គ្មានករណីឆ្លងប៉ុណ្ណោះ ហើយការបរិភោគនៅក្នុងភោជនីយដ្ឋាន ត្រូវរឹតត្បិត។ សកម្មភាពកីឡា ឬលំហាត់ប្រាណត្រូវបានអនុញ្ញាត ខណៈការបើកកម្មវិធីកីឡា ត្រូវមានការឯកភាពពីអាជ្ញាធរ។ 
 
គិតត្រឹមថ្ងៃទី ២០ ខែឧសភា ឡាវមានករណីឆ្លងកូវីដ-១៩ សរុប១៧៥១ករណី និងអ្នកស្លាប់មានចំនួន ២នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៧៤០នាក់។ ប្រជាជនឡាវ ដែលទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ មួយដូសមានចំនួន ៥៣៣១៧២នាក់ និងអ្នកទទួលបានវ៉ាក់សាំង ពីរដូសមានចំនួន ៩០៤០៥នាក់។ ពេលនេះ ឡាវ កំពុងស្វះស្វែងរកវ៉ាក់សាំងបន្ថែមទៀត សម្រាប់ចាក់ឱ្យប្រជាជនខ្លួន។
 
គួររំលឹកថា ឡាវ បានដាក់ចេញវិធានបិទខ្ទប់នៅខែមេសាមកម្លេះ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ ក្នុងក្រុងវៀងចន្ទន៍ បានហក់ឡើងខ្ពស់៕ 
 

Tag:
 ឡាវ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com