ជាតិ
អ្នកនិយមបរិភោគត្រី និងអ្នកនេសាទខ្លះហៅ ត្រីរ៉ូហ៊ូ ថា «ត្រីត្រសក់»
21, May 2021 , 7:29 pm        
រូបភាព
ត្រីរ៉ូហ៊ូ ដែលអ្នកនេសាទចាប់បានក្នុងទន្លេមេគង្គ ដែលអ្នកនិយមបរិភោគត្រីខ្លះហៅថា៖ «ត្រីត្រសក់»។
ត្រីរ៉ូហ៊ូ ដែលអ្នកនេសាទចាប់បានក្នុងទន្លេមេគង្គ ដែលអ្នកនិយមបរិភោគត្រីខ្លះហៅថា៖ «ត្រីត្រសក់»។
 ដោយ៖ ឈុត ទូច

ដ្បិតតែប្រទេសកម្ពុជា មានត្រីរាប់រយប្រភេទរស់នៅក្នុងទន្លេមេគង្គ និងបឹងទន្លេសាប ប៉ុន្តែ តម្រូវការប្រូតេអ៊ីនពីសាច់ត្រី ហាក់ពីលើសកំណើនផលស្តុកត្រីនាពេលមច្ចុប្បន្ននេះ។ ជាក់ស្តែង យើងឃើញមានការនាំចូលត្រីពីក្រៅស្រុកជាច្រើនប្រភេទ យកមកចិញ្ចឹមតាមស្រះ តាមបែ ជាដើមឧទាហរណ៍ «ត្រីរ៉ូហ៊ូ»។



Rohu (Labeo rohita) «ត្រីរ៉ូហ៊ូ» គឺជាប្រភេទត្រីនាំចូលពីប្រទេសឥណ្ឌា យកមកចិញ្ចឹមតាមស្រះ និងបែ ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ យើងក៏ឃើញវាមានរស់នៅក្នុងបឹងទន្លេសាប និងទន្លេមេគង្គផងដែរ។ នេះ អាចជាការរួចចេញពីស្រះ និងបែ ដោយចៃដន់ តាមទឹកជំនន់ ហើយវាក៏ចូលទៅរស់នៅក្នុងក្នុងធម្មជាតិ។
 
ប្រជានេសាទមួយចំនួនដែលនេសាទវាបាននៅក្នុងទន្លេ បឹង បានហៅត្រីប្រភេទនេះថា៖ «ត្រីត្រសក់»។ ជាក់ស្តែង ដូចមានបង្ហាញក្នុងរូបភាពនេះស្រាប់ ត្រីរ៉ូហ៊ូ ត្រូវបានដាក់លក់នៅក្នុងផ្សារទំនើបមួយក្នុងក្រុងភ្នំពេញ បានសរសេរស្លាកថា៖ «ត្រីត្រសក់» តម្លៃ ២១០០០ រៀល ក្នុងមួយគីឡូក្រាម។ 
 


ត្រីរ៉ូហ៊ូ ត្រូវបានគេដាក់តាំងលក់នៅក្នុងផ្សារទំនើបមួយ ក្នុងក្រុងភ្នំពេញ។

ត្រីរ៉ូហ៊ូ វាអាចធំលួតលាស់ដល់ប្រវែងអតិបរមាសរុប ២០០សង់ទីម៉ែត្រ និងទម្ងន់អតិបរមា ៤៥គីឡូក្រាម។ ប៉ុន្តែ យើងអាចឃើញមានត្រីប្រភេទនេះលក់នៅទីផ្សារ មានទម្ងន់លើសពី ៥គីឡូក្រាមដោយកម្រ។ ទាំងនេះ អាចជាការតម្រូវទំហំតាមទីផ្សារ នៃអ្នកចិញ្ចឹមត្រីលក់។
 

ត្រីត្រសក់ ដែលជាត្រីធម្មជាតិ រស់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។
 
ដោយសារការហៅឈ្មោះដូចគ្នានេះហើយ អាចធ្វើឱ្យអ្នកនិយមបរិភោគត្រីខ្លះ យល់ច្រឡំ រវាង ត្រីរ៉ូហ៊ូ ជាមួយត្រីត្រសក់ ដែលជាប្រភេទត្រីធម្មជាតិ មានរស់ក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។ ទោះយ៉ាងណា ត្រីទាំងពីរប្រភេទនេះ មានរូបរាងមិនដូចគ្នាទេ ដូចមានរូបភាពបង្ហាញស្រាប់៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com