ជាតិ
សុខភាព
កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋសម្រេចបានជិត២២ភាគរយហើយ
21, May 2021 , 9:29 pm        
រូបភាព
 គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ភ្នំពេញ៖ កម្ពុជាមានពលរដ្ឋសរុប២,១៩៨,៥៤៧នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-191(COVID-19)។ ចំនួននេះ គឺស្មើនឹងអត្រា២១,៩៨ភាគរយនៃមនុស្សសរុប១០លាននាក់ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជិត១,៤លាននាក់ ចាក់នូវដូសទី២រួចហើយ។

 
របាយការណ៍ពីក្រសួងសុខាភិបាលនាថ្ងៃទី២១ឧសភា បានបង្ហាញថា ពលរដ្ឋទូទាំងប្រទេសជិត២,២លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានពលរដ្ឋ១,១៣២,៤៥២នាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac, ពលរដ្ឋ៩០៩,២០៨នាក់ បានចាក់វ៉ាក់សាំងរបស់Sinopharm និង១៥៧,១៧៥នាក់ទៀត បានចាក់វ៉ាក់សាំងCovishield(Astra Zeneca)។ កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។
 
ដោយឡែក ក្នុងចំណោមមនុស្សជិត២,២លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺមាន៧៥៣,៤០នាក់ ជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃភូមិសាស្រ្តរាជធានីភ្នំពេញ មានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។ ពលរដ្ឋទាំងនេះបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាប់ពីថ្ងៃទី១ឧសភា ឆ្នាំ២០២១មក។ 
 
គិតត្រឹមថ្ងៃទី២១ឧសភានេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៧លានដូស និងវ៉ាក់សាំងរបស់Sinovac ចំនួន៣លានដូស ខណៈវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត  នឹងមកដល់កម្ពុជា នៅថ្ងៃទី២៣ឧសភា ឆ្នាំ២០២១៕ 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com