COVID-19
ជាតិ
កូវីដ-១៩៖ ភ្នំពេញមាន១៩២នាក់ទៀត ដោយភាគច្រើននៅខណ្ឌមានជ័យ និងពោធិ៍សែនជ័យ
21, May 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស ១៩២នាក់បន្ថែមទៀត មានតេស្តវិជ្ជមាន នៅរាជធានីភ្នំពេញនៅថ្ងៃទី២០ ឧសភា ក្នុងនោះពលរដ្ឋរស់នៅខណ្ឌសែនសុខ ពោធិ៍សែនជ័យ មានអ្នកឆ្លងច្រើនជាងគេ។  នេះបើតាមរបាយការណ៍អ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទី២០ ឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានឱ្យដឹងទៀត ក្នុងចំណោមអ្នកឆ្លងថ្មី មានទារក និងកុមារ ៩នាក់។

 
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មានមនុស្សចំនួន១៩២នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២០ឧសភា ដែលភាគច្រើនជាកម្មកររោងចក្រ និងកម្មករសំណង់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ មានទារក និងកុមារអាយុក្រោម ១៥ឆ្នាំ សរុប ៩នាក់។ 
 
តាមរបាយការណ៍អ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃទី២០ ឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញ  ភាគច្រើនជាអ្នកដែលរស់នៅក្នុងខណ្ឌមានជ័យ និងពោធិ៍សែនជ័យ។ ខណ្ឌសែនសុខ និងឫស្សីកែវ ក៏នៅមិនទាន់ស្រាកស្រាន្តដែរ ដ្បិតតែតួលេខឆ្លងប្រចាំថ្ងៃធ្លាក់ចុះបន្តិច ខណៈខណ្ឌជាច្រើនទៀត រួមមាន ទួលគោក,ដង្កោ, ដូនពេញ,ចំការមន,ជ្រោយចង្វារ,ច្បារអំពៅ និងខណ្ឌកំបូល ក៏បន្តមានឆ្លងជារៀងរាល់ថ្ងៃដែរ។ 
 
ក្រៅពីនេះ មានពលរដ្ឋ៤នាក់ ដែលមានអាសយដ្ឋាននៅស្រុកពញាឮ ខេត្តកណ្តាល និង២នាក់ នៅស្រុបាធាយ ខេត្តកំពង់ចាម ក៏មានតេស្តវិជ្ជមានកូវីដ-១៩ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ឧសភាដែរ។  
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៤ ១៥៧នាក់ ក្នុងនោះ៦៥៥នាក់ ជាករណីនាំចូល។ អ្នកសះស្បើយមាន ១៦ ៥២៤ នាក់ និងស្លាប់កើនដល់១៦៥នាក់៕
 

Tag:
 ភ្នំពេញ
 កម្មករសំណង់
 កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com