ជាតិ
កម្មករជាង៨ពាន់នាក់ ដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល
22, May 2021 , 9:29 am        
រូបភាព
ភ្នំពេញ៖ កម្មករនិយោជិតចំនួន៨៦៩៣នាក់ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវព្យួរកិច្ចសន្យាការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ការឧបត្ថម្ភនេះ នឹងបើកជូនជាប្រាក់រៀល ដោយអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ។ កម្មនិយោជិត នឹងទទួលបានសារតាមទូរសព្ទ ហើយត្រូវទៅបើកមុនរយៈពេលផុតកំណត់ចំនួន១០ថ្ងៃ។



ក្រសួងការងារ និងបណ្តុះបណ្តាល បានជូនដំណឹងស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រ សហគ្រាសទាំង៤៩ ក្នុងវិស័យកាត់ដេរចំនួន១៣កន្លែង និងវិស័យទេសចរណ៍៣៦កន្លែង។ សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃទៅ ១០ថ្ងៃ នឹងទទួលបានចំនួន ៦០៧៥០រៀល (១៥ដុល្លារអាមេរិក)។ ការព្យួកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ទៅ ២០ថ្ងៃ នឹងទទួលបាន ១២១ ៥០០រៀល (៣០ដុល្លារអាមេ រិក)។ សម្រាប់រយៈពេល ២១ថ្ងៃ ដល់ ១ខែ នឹងទទួលបាន ១៦២ ០០០រៀល (៤០ ដុល្លារអាមេរិក)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
 
ធានាគាឯកទេសវីង នឹងផ្ញើរសារអំពីការបើកប្រាក់ឧបត្ថម្ភនេះតាមរយៈលេខទូរសព្ទ ដែលកម្មករនិយោជិតផ្តល់ឲ្យរដ្ឋបាលរោងចក្រ សហគ្រាសកន្លងមក។ ធនាគារ នឹងបង្វិលប្រាក់នោះជូនរាជរដ្ឋាភិបាលវិញ បើកម្មករនិយោជិត ខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ ក្រោយទទួលបានសារពីធនាគារ៕
 

Tag:
 ថ្មីៗ
  កម្មករនិយោជិត
  ប្រាក់ឧបត្ថម
  ក្រសួងការងារ
© រក្សាសិទ្ធិដោយ thmeythmey.com