កីឡាអន្តរជាតិ
អន្តរជាតិ
Buffon លើកពាន Coppa Italia ជាមួយឪពុកកូនត្រកូល Chiesa ខុសគ្នា២១ឆ្នាំ
22, May 2021 , 8:29 am        
រូបភាព
អ្នកចាំទី Gianluigi Buffon បានលើកពាន Coppa Italia ជាលើកទី៦ក្នុងអាជីពរបស់ខ្លួន។ កំណត់ត្រាដែលគួរឲ្យកត់សម្គាល់នោះ គឺគេបានឈ្នះជាមួយ Enrico Chiesa ពេលនៅក្លិប Parma កាលពីឆ្នាំ១៩៩៩ ហើយ២១ឆ្នាំក្រោយមក អ្នកចាំទីវ័យ៤៣ឆ្នាំអ៊ីតាលីរូបនេះ បានឈ្នះពានដដែលជាមួយកូនរបស់ Enrico គឺ Federico Chiesa នៅក្លិប Juventus។

 
«នៅមុនការប្រកួត ខ្ញុំបាននិយាយទៅ Gigi [Buffon] ថា គាត់បានឈ្នះពានជាច្រើន ជាពិសេសគឺឈ្នះជាមួយឪពុករបស់ខ្ញុំ។ ល្ងាចនេះ យើងត្រូវព្យាយាមឈ្នះរួមគ្នាឲ្យបាន»។ Federico Chiesa ដែលជាអ្នកស៊ុតបាល់បញ្ចូលទីគ្រាប់ទី២ ដែលនាំជ័យជម្នះ ២-១ លើ Atalanta បាននិយាយរៀបរាប់ប្រាប់ទូរទស្សន៍ RAI ក្រោយឈ្នះពាន Coppa Italia។
 
Gianluigi Buffon ជាអ្នកចាំទីដ៏ជោគជ័យនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អ៊ីតាលី ដោយឈ្នះ World Cup ជាមួយក្រុមជម្រើសជាតិកាលពីឆ្នាំ២០០៦ និងបានពានរង្វាន់ជាច្រើនក្នុងលីគអាជីព ដោយចាប់ផ្តើមជាមួយក្លិប Parma ហើយបន្តលេងឲ្យ Juventus បានជាង៦៥០ប្រកួត ក្នុងនោះ៥០៩ប្រកួតក្នុង Serie A មុននឹងផ្លាស់ទៅ Paris Saint-Germain។


 
Buffon បានវិលត្រឡប់ទៅកាន់ Juventus សារជាថ្មីនៅឆ្នាំ២០១៩ ដោយបានឈ្នះពាន Serie A កាលពីរដូវកាលមុន ហើយមានឱកាសលើកពាន Coppa Italia ជាលើកទី៦នារដូវកាលនេះ ដោយ១លើកជាមួយ Parma និង៥លើកជាមួយ Juventus។
 
Federico Chiesa បានលើកឡើងថា កីឡាករទាំងអស់នឹងមានការនឹករលឹក Buffon យ៉ាងខ្លាំង បន្ទាប់ពីវីរបុរសរូបនេះ បានប្រកាសពីការចាកចេញពីក្លិបនៅចុងរដូវកាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com