ជាតិ
កេសរកូល «ព្រះទ្រហឹង» នៅកម្ពុជា ចាប់ផ្តើមចេញផ្កាហើយ
22, May 2021 , 8:59 am        
រូបភាព
ដើមកេសរកូលធំជាងគេលើពិភពលោក‌ ដែលមានវត្តមាននៅកម្ពុជារយៈពេលជិត១០ឆ្នាំ‌ បានចេញផ្កាលើកដំបូង‌ ក្នុងសួនកេសរកូលព្រៃ‌ នៃមជ្ឈមណ្ឌលស្រាវជ្រាវ‌ និងអភិរក្សកេសរកូល‌ សុខ‌ អាន‌ ភ្នំគូលែន‌ ក្នុងខេត្តសៀមរាប។‌ កេសរកូលប្រភេទនេះ‌ អាចលូតលាស់បានកម្ពស់រាប់រយម៉ែត្រ‌ និងរស់នៅបានរាប់រយឆ្នាំ។‌ នេះបើតាមក្រសួងបរិស្ថាន។‌


កេសរកូល‌ ដែលធំជាងគេលើពិភពលោកនេះ‌ មានឈ្មោះជាភាសាខ្មែរថា‌ ព្រះទ្រហឹង‌ ហៅឈ្មោះវិទ្យាសាស្រ្តហៅថា‌ Grammatophyllum។‌ ព្រះទ្រហឹង‌ ជាប្រភេទកេសរកូលព្រៃកម្រ‌ ដែលនៅកម្ពុជាមានដុះនៅតាមជួរភ្នំក្រវាញ ខេត្តកោះកុង‌ និងតំបន់ជួរភ្នំដងរែក ខេត្តព្រះវិហារ‌ និងសៀមរាប។  
 
បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ន‌ កេសរកូលព្រះទ្រហឹង‌ នៅក្នុងសួនកេសរកូលព្រៃ‌ នៃមជ្ឈមណ្ឌលស្រាវជ្រាវ‌ និងអភិរក្សកេសរកូល‌ សុខ‌ អាន‌ ភ្នំគូលែន‌ ក្នុងខេត្តសៀមរាប‌ កំពុងចេញផ្កាលើកដំបូងរបស់ខ្លួន។‌ កេសរកូលព្រះទ្រហឹងនេះ‌ អាចលូតលាស់បានកម្ពស់ចន្លោះពី០,៥ម៉ែត្រ‌ ដល់៣ម៉ែត្រ‌ និងអាចមានបណ្ដោយស្លឹកប្រវែង០,៧៥ម៉ែត្រ‌ ហើយអាចមានទម្ងន់២តោន ក្នុងមួយគុម្ព។‌


 
ក្រសួងបរិស្ថាន បញ្ជាក់ថា‌ កេសរកូលព្រះទ្រហឹង‌ អាចរីកផ្កាបានចន្លោះពី៨០‌ ទៅ១០០ផ្កាក្នុងមួយទង‌ ហើយក្នុងមួយគុម្ពអាចរីកផ្កាបានដល់ទៅ៧០០០ផ្កាឯណោះ។‌ ទងផ្ការបស់កេសរកូលព្រះទ្រហឹង អាចមានប្រវែង២ម៉ែត្រ។‌ នៅពេលផ្ការបស់វារីក‌ គឺអាចរីកបានរយៈពេលចន្លោះពី២ខែទៅ៣ខែ‌ ក្នុងមួយរដូវ។‌ 
 
លោក‌ សុខ‌ វិជ្ចា‌ អ្នកបច្ចេកទេសក្នុងសួនកេសរកូល‌ សុខ‌ អាន‌ ភ្នំគូលែន‌ បានលើកឡើងថា‌ កេសរកូលព្រះទ្រហឹងមួយគុម្ពនៅក្នុងសួនកេសរកូល‌ សុខ‌ អាន‌ ភ្នំគូលែននេះ‌ មានវត្តមាននៅទីនោះរយៈពេលជាង៧ឆ្នាំហើយ។‌ បច្ចុប្បន្នកេសរកូលមួយគុម្ពនេះ‌ លូតលាស់បានកម្ពស់២ម៉ែត្រ‌ ហើយកំពុងរីកផ្កាលើកដំបូងរបស់ខ្លួន។‌  
 
អ្នកបច្ចេកទេសរូបនេះ បញ្ជាក់ថា៖«គ្រប់ប្រភេទកេសរកូលទាំងអស់ គ្មានកេសរកូលណាធំជាងកេសរកូលព្រះទ្រហឹងទៀតទេ។ កេសរកូលធម្មតា តូចៗហើយមិនអាចលូតខ្ពស់បានកម្ពស់២-៣ម៉ែត្រ ដូចកេសរកូលព្រះទ្រហឹងឡើយ»។ លោក បន្តទៀតថា រដូវកាលដែលកេសរកូលរីកផ្កាគឺចាប់ពីខែមេសា៕
 
 

Tag:
 កេសរកូល‌
© រក្សាសិទ្ធិដោយ thmeythmey.com