ជាតិ
ក្រសួងកសិកម្មចាត់វិធានការទប់ស្កាត់ការរាលដាលជំងឺដុំពកស្បែកគោ ក្របី ដែលកំពុងផ្ទុះនៅថៃ
22, May 2021 , 12:26 pm        
រូបភាព
ដោយ:
ថ្មីៗនេះមានករណីផ្ទុះឡើងនូវជំងឺដុំពកស្បែកគោ ក្របី នៅប្រទេសថៃ ចំនួន១៧ខេត្ត-ក្រុង ដោយក្នុងនោះមានខេត្តចំនួន៤ មានព្រំប្រទល់ជាប់ប្រទេសកម្ពុជា។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ចូលក្នុងប្រទេសកម្ពុជា ក្រសួងកសិកម្ម បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងខេត្តជាប់ព្រំដែន ពង្រឹងការអនុវត្តជាងមុន និងចុះណែនាំពលរដ្ឋឲ្យអនាម័យកន្លែងសត្វឲ្យបានស្អាត។

 
ជំងឺដុំពកស្បែកគោ ក្របី ជាជំងឺបង្ករដោយវីរុសក្នុងក្រុម Poxbiridae នៃប្រភេទ Capripoxvirus ដែលបានផ្ទុះលើកដំបូងនៅឆ្នាំ១៩២៩ ក្នុងប្រទេសសំប៊ី។ ជំងឺនេះបានឆ្លងរាលដាលពាសពេញពិភពលោក រួមមានទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា អឺរ៉ុបអាគ្នេយ៍ អាស៊ីកណ្ដាល អាស៊ីខាងត្បូង និងប្រទេសចិន ហើយបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។
 
ជំងឺដុំពកស្បែកគោ ក្របី កើតឡើងដោយមានរោគសញ្ញាសំខាន់ៗដែលមានអត្រាសត្វឈឺពី ៥ ទៅ ៤៥ភាគរយ និងអត្រាស្លាប់តិចជាង ១០ភាគរយ។ យើងអាចសង្កេតរោគសញ្ញាជំងឺនេះ ដូចជាមានលក្ខណៈដុំពកតូចៗ ឬធំទៅតាមស្ថានភាពនៃជំងឺ ដែលគេឃើញនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្ដៅអាចឡើងដល់ ៤១អស្សា។ ហើយមេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយ តាមរយៈការប៉ះពាល់ ដោយផ្ទាល់ និងប្រយោល។
 


អគ្គនាយកដ្ឋានសុខភាពសត្វ ត្រូវតាមដាន និងស្រាវជ្រាវឲ្យបានហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វគោ ក្របី ទូទាំងប្រទេស និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាព អនាម័យ នៅគ្រប់កន្លែងចិញ្ចឹម កន្លែងប្រមូលផ្ដុំ និងទីផ្សារ។ ពង្រឹងការត្រួតពិនិត្យអនាម័យសាច់ និងផលិតផលសត្វ ក៏ដូចជាផ្សព្វផ្សាយឲ្យបានទូលាយពីជំងឺដុំពកស្បែកគោ ក្របី ដល់ប្រជាពលរដ្ឋ។ អាជ្ញាធរ ត្រូវទប់ស្កាត់ការនាំចូលគោ ក្របីរស់ និងផលិតផលគោ ក្របី ទឹកមេជីវិតបង្កក គ្រប់ប្រភេទដែលខុសច្បាប់។
 
មន្ត្រីរបស់ក្រសួង ត្រូវចុះអប់រំប្រជាពលរដ្ឋ  ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹម ឲ្យអនុវត្តវិធានការអនាម័យ កន្លែងរស់នៅរបស់សត្វ ការថែទាំ និងចំណីឲ្យបានត្រឹមត្រូវ ព្រមទាំងផលប៉ះពាល់ ដែលបណ្ដាលពីជំងឺដុំពកស្បែកគោ ក្របី។ ពលរដ្ឋត្រូវលុបបំបាត់ភ្នាក់ងារចម្លងមេរោគ ដូចជាប្រភេទសត្វបឺតជញ្ជក់ឈាម(មូស,រុយ,តាបោម,ដង្កែ) និងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី ក្នុងករណីចាំបាច់។
 
ជាមួយគ្នានេះ ក្រសួង ក៏បង្កើនការត្រួតពិនិត្យរាល់ការចរាចរណ៍សត្វគោ ក្របីរស់ ទឹកមេជីវិតបង្កក និងផលិតផលសាច់គោ ក្របី ដែលនាំចូលត្រូវមានវិញ្ញាបនបត្រអនាម័យពីប្រទេសនាំចេញ។ ក្រសួង នឹងសហការឲ្យបានល្អ និងជិតស្និទ្ធជាមួយភាគីវៀតណាម និងថៃក្នុងការផ្លាស់ប្ដូរព័ត៌មានជុំវិញជំងឺដុំពកស្បែកគោ ក្របី ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com