ជាតិ
មហោស្រពភាពយន្តខ្លីចតុមុខ បន្តទទួលស្នាដៃប្រកួតប្រជែងរហូតដល់ថ្ងៃទី៨ ខែមិថុនា
22, May 2021 , 2:39 pm        
រូបភាព
ភ្នំពេញ៖ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) បានបើកប្រកាសទទួលរឿងខ្លី ចាប់តាំងពីដើមខែមីនាកន្លងទៅ។ មហោស្រពនេះនឹងឈប់ទទួលស្នាដៃ ត្រឹមថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះហើយ។មហោស្រពភាពយន្តខ្លីឆ្នាំទី១០នេះ នឹងត្រូវរៀបចំឡើងដោយក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Alliance [SFA])។



CSFF នឹងជ្រើសរើសភាពយន្តខ្លី ដែលលេចធ្លោ សម្រាប់ឆ្នាំទី១០នេះ ក្នុងពាក់កណ្ដាលខែកក្កដាខាងមុខ។ ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោចជា៤ប្រភេទ មានភាពយន្តខ្លីឆ្នើមរបស់កម្ពុជា, ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា, រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក, និងរង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ។ 
 
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការដាក់ភាពយន្តចូលប្រកួតប្រជែងក្នុងមហោស្រព អាចទទួលបានគុណប្រយោជន៍ជាច្រើន ដូចជាស្នាដៃនោះ ត្រូវបានបង្ហាញជាផ្លូវការ មានការទទួលស្គាល់ពីមហាជន និងបង្កើតបណ្ដាញជាមួយសមិទ្ធករដទៃទៀត។ 
 
ក្នុងករណីស្នាដៃជាប់ជម្រើសផ្ដាច់ព្រ័ត្រ រឿងខ្លីនោះ អាចមានឱកាស បានយកទៅបញ្ចាំងក្នុងមហោស្រពក្រៅប្រទេស។ បន្ថែមពីនោះ ស្នាដៃដែលបានចាក់បញ្ចាំងក្នុងមហោស្រព អាចជាស្ពានភ្ជាប់ទំនាក់ទំនងលើវិថីភាពយន្ត ឱ្យកាន់តែទូលំទូលាយ។ ពិសេស ពួកគេអាចពង្រីកបណ្ដាញក្នុងវិស័យភាពយន្ត ក៏ដូចជាបានផ្លាស់ប្ដូរបទពិសោធជាមួយផលិតករបរទេសផងដែរ។
 
លោក ស៊ុំ ស៊ីថែន បន្ថែមថា ក្នុងឆ្នាំ២០២១នេះ មហោស្រពភាពយន្តខ្លីចតុមុខ ក៏នឹងទទួលស្នាដៃ MV បទចម្រៀង ទាំងបទ Cover និងបទនិពន្ធថ្មីផងដែរ ដោយបទចម្រៀងទាំងនោះត្រូវមានលក្ខណៈជាសាច់រឿង។ បន្ថែមពីនោះភាពយន្តឯកសារ និងរឿងគំនូរជីវចល ក៏ត្រូវបានទទួលផងដែរ។ 
លោក ស៊ុំ ស៊ីថែន ពន្យល់ដូច្នេះ៖«រឿងប្រឌិត និងរឿងគំនូរជីវចល យើងប្រកួតដើម្បីជ្រើសរើសជ័យលាភី ចំណែកភាពយន្តឯកសារ យើងមិនដាក់ប្រកួតទេ ដោយយើងចាក់បញ្ចាំងតែម្ដង។ សម្រាប់ MV វិញ យើងដាក់ប្រកួត ដាច់ដោយឡែកពីរឿងខ្លីបែបប្រឌិត។ អ្នកដែលគាត់ថតទូរសព្ទ ក៏អាចដាក់ស្នាដៃចូលរួមប្រកួតប្រជែងបានផងដែរ»។
 
កាលពីឆ្នាំ២០២០ ស្នាដៃរឿងខ្លីត្រូវបានដាក់ចូលរួមប្រកួតប្រជែង ប្រហែលជា៧០រឿង ដោយក្នុងនោះ រឿងខ្លីខ្មែរមានប្រមាណ២៥រឿង។ សម្រាប់លោក ស៊ីថែន ចំនួនរឿងខ្លីដាក់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពនេះ គឺនៅតិចតួចនៅឡើយ ដោយលោកថា ក្នុងចន្លោះពី៣០ទៅ៤០រឿង ទើបអាចជាចំនួនច្រើន។ ទោះជាយ៉ាងណា សម្រាប់ការរំពឹងទុក ក្នុងឆ្នាំ២០២១នេះ រឿងខ្លីដែលដាក់ចូលរួមប្រកួតប្រជែងអាចប្រហាក់ប្រហែលនឹងឆ្នាំ២០២០កន្លងទៅដែរ។
 
«យើងជ្រើសរើសរឿងខ្លីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ៦រឿង ហើយ៦រឿងផ្សេងទៀត យើងជ្រើសរើសសម្រាប់ចាក់បញ្ចាំងតែម្ដង។ កាលពីឆ្នាំ២០២០ យើងលើកពេលប្រកួតរឿង ព្រោះតែកូវីដ-១៩ ដូច្នេះឆ្នាំនេះ យើងបូកបញ្ជូលរឿងទាំងពីរឆ្នាំតែម្ដង។ ឆ្នាំនេះយើងអាចគិតលក្ខខណ្ឌផ្សេង គឺបញ្ចាំងភាពយន្តលើសពី៦រឿង តែទោះជាយ៉ាងណា យើងត្រូវពិភាក្សាគ្នាសិន»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុំ ស៊ីថែន។  
  

លោក ស៊ុ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ

មហោស្រពធំ គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែតុលាឆ្នាំ២០២១នេះ បន្ទាប់ពីកម្មវិធីមានប្រយោជន៍ជាបន្តបន្ទាប់ដូចជា«យល់ដឹងពីកុនចតុមុខ» «ជំរំភាពយន្តឈូករ័ត្ន» យុទ្ធនាការផ្សព្វផ្សាយតាមសាលា សន្និសីទសារព័ត៌មាន ប្រសិនបើស្ថានការណ៍អំណោយផល។
 
សូមរំលឹកថា ភាពយន្តខ្លីឆ្នើមចតុមុខ កាលពីឆ្នាំ២០១៩ មានចំណងជើងថា «មុនមេឃភ្លៀង» ដឹកនាំរឿងដោយលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព។ រឿងនេះនិយាយពីយុវតី ជាសិស្សរួមថ្នាក់២រូប ដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ រហូតមានម្នាក់ត្រូវបាត់បង់ជីវិត។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺស្នាដៃនេះ ត្រូវបានចាក់បញ្ចាំងនៅមហោស្រពជាដៃគូនៅក្រៅប្រទេស ដូចជា Busan Arthouse International Film Festival និង Asia for Peace Film Festival ជាដើម។ 
 
សម្រាប់ផលិតករដែលមានចំណាប់អារម្មណ៍ អាចផ្ញើរឿងខ្លីរបស់លោកអ្នកទៅកាន់មហោស្រព តាមរយៈ https://filmfreeway.com/CSFFhttp://csff.co/submission/ ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលោក ស៊ុំ ស៊ីថែន ប្រធានមហោស្រព លេខ ០១៥ ២២៦ ៦០២, ០១២ ៦៨៤ ៩៥៥ និង អ៊ីមែល [email protected]
 

Tag:
 ភាពយន្ត
  មហោស្រពភាពយន្ត
  សិល្បៈ
 កុន
 ប្រកួតប្រជែង
© រក្សាសិទ្ធិដោយ thmeythmey.com