ជាតិ
សង្គមជាតិ
ម្ចាស់ក្លិបនិងបុគ្គលិកចិន១១នាក់ ត្រូវបញ្ជូនទៅតុលាការ ខណៈភ្ញៀវ ត្រូវបង់៥លានរៀលក្នុងម្នាក់ៗ ដោយសារល្មើសបម្រាមទប់ស្កាត់កូវីដ-១៩
22, May 2021 , 2:39 pm        
រូបភាព
ជនជាតិចិន១១នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ។ (រូបពី នគរបាលជាតិ)
ជនជាតិចិន១១នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ។ (រូបពី នគរបាលជាតិ)
ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនជនជាតិចិនម្នាក់ ជាម្ចាស់ក្លិបកម្សាន្តមួយកន្លែង និងបុគ្គលិកជនជាតិចិនទាំងអស់១១នាក់ ទៅតុលាការភ្នំពេញ ឯភ្ញៀវ៣៤នាក់ទៀត ដែលបានចូលកម្សាន្ត ត្រូវរងការពិន័យ៥លានរៀល ក្នុងម្នាក់ៗ។  នេះបើតាមការចេញផ្សាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ 


នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបញ្ជូនសំណុំរឿង ម្ចាស់ក្លិបនិងបុគ្គលិជនជាតិចិន១១នាក់ទៅតុលាការ ក្រោយកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបកាលពីយប់ថ្ងៃទី១៨ឧសភា នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការចុះបង្ក្រាបនេះ គឺឃាត់បានមនុស្ស៤៥នាក់ ក្នុងនោះមានភ្ញៀវ៣៤នាក់ ដែលភាគច្រើន ជាជនជាតិចិន វៀណាម ខ្មែរ ហើយមានម្ចាស់ក្លិបជនជាតិចិនម្នាក់ រួមទាំងបុគ្គលិកចិន១០នាក់។ សមត្ថកិច្ចក៏រកឃើញសារធាតុញៀនមួយចំនួនផងដែរ។ 
 
សូមជម្រាប់ថា អាជ្ញាធរសម្រេចផ្អាកដំណើរការអាជីវកម្មក្លិបកម្សាន្ត កន្លែងម៉ាស្សា ក្លិបហាត់ប្រាណ ជាដើម ចាប់តាំងពីមានការរីករាលដាលកូវីដ-១៩នៃព្រឹត្តិការណ៍២០កុម្ភៈមក ដើម្បីទប់ស្កាត់ឆ្លងរាលដាល។ លើសពីនេះ កាលពីថ្ងៃទី២១ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចមិនទាន់អនុញ្ញាតឲ្យអាជីវកម្មប្រភេទទាំងនេះ ដំណើរការរឡើងវិញនៅឡើយទេ បើទោះបីបំរាមគោចរត្រូវបានបិទបញ្ចប់ក៏ដោយ។ 
 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរបានបិទបញ្ចប់បំរាមគោចរអនុញ្ញាតឲ្យបើកភោជនីយដ្ឋាន និងអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងឡើងវិញ ហើយអ្វីដែលមិនមានចែងនៅក្នុងសេចក្តីសម្រេចនេះ គឺនៅបន្តហាមឃាត់ដដែល។ លោកសង្កត់ថា អាជីវកម្មក្លិបកម្សាន្ដគ្រប់ប្រភេទ មានអាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម-សេវាកម្មផ្សេងទៀត មិនទាន់មានគោលការណ៍អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះទេ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com