COVID-19
ជាតិ
វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសទៀត នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃ២៣ឧសភា
22, May 2021 , 7:39 pm        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដួស ដែលបញ្ជាទិញពីចិន នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងដែលបញ្ជាទិញជាលើកទី៥នេះ នឹងធ្វើឲ្យកម្ពុជាមានវ៉ាក់សាំងក្នុងដៃ សរុបប្រមាណ៦លានដូស។



ក្នុងការបញ្ជាទិញបន្ថែមនេះ កម្ពុជានឹងមានលទ្ធភាពចាក់ឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានទាំងអស់ ឬជិតគ្រប់ទាំងអស់។ កន្លងមក កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងចំនួន៤លើករួចមកហើយ ដោយលើកទី១ មានចំនួន ១,៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា, លើកទី៣ មានចំនួន ៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា, និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា។ 
 
វ៉ាក់សាំង គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ហេតុនេះ រដ្ឋាភិបានកម្ពុជាបានដាក់យុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ 



ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនិងទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។ 
 
សូមជម្រាបថា កម្ពុជា បានទទួលវ៉ាក់សាំងជាង ៤,៥លានដូសរួចមកហើយ រួមមាន ស៊ីណូហ្វាមចំនួន១,៧លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២,៥លានដូស ទិញពីចិន និង វ៉ាក់សាំងអាស្ត្រាហ្សេនីកាជាង៣២ម៉ឺនដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក៕
 




Tag:
 ថ្មីៗ
  វ៉ាក់សាំង១លានដួស
  ស៊ីណូវ៉ាក់
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com