ជាតិ
អបអរសាទរ! វត្តមានកូនផ្សោតទី៣ ក្នុងទឹកដីខេត្តក្រចេះ
22, May 2021 , 8:19 pm        
រូបភាព
ភ្នំពេញ៖  ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផលនិងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានរកឃើញវត្តមានកូនផ្សោតថ្មី១ក្បាលទៀត អាយុជាង១០ថ្ងៃ ដែលកំពុងហែលជាមួយហ្វូងសត្វផ្សោតធំចំនួន៧ក្បាល ក្នុងតំបន់អន្លង់សត្វផ្សោតកាំពីនៃខេត្តក្រចេះ។ នេះជាកូនផ្សោតទីប៣ហើយ ដែលក្រុមជំនាញបានរកឃើញប្រចាំឆ្នាំ២០២១ ចាប់តាំងពីខែមករាដល់ខែឧសភានេះ។

 
កូនផ្សោតទី៣ ក្នុងតំបន់អន្លង់សត្វផ្សោតកាំពីខេត្តក្រចេះនោះ ត្រូវបានអ្នកជំនាញ រកឃើញកាលពីថ្ងៃទី១៦ឧសភា។ ថ្វីដ្បិត ការរកឃើញវត្តមានកូនផ្សោតទី៣នេះ ជារឿងគួរឱ្យអបអរសាទរ ប៉ុន្តែចំនួនដែលរកឃើញនេះ គឺបានធ្លាក់ចុះអស់៣ក្បាល បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន៦ក្បាល។ 
 
បើតាមរបស់របាយការណ៍របស់អង្គការ WWF ការរកឃើញចំនួនកូនផ្សោតមានការថយចុះ  ពីសំណាក់ក្រុមអ្នកជំនាញនេះ គឺដោយសារភាពចាំបាច់នៃការអនុវត្តវិធានការបម្រាបគោចរ ដើម្បីបង្ការការរីករាលដាលនៃកូវីដ-១៩។ WWF បានបញ្ជាក់ថា៖ «ក្រុមស្រាវជ្រាវខកខានមិនបានចុះតាមដានស្ថានភាពសត្វផ្សោត នៅក្នុងខែមីនា និងមេសា ដែលជារយៈពេលសំខាន់នៃកំណើតរបស់ផ្សោត»។
 
នាយកអង្គកា រWWF ប្រចាំកម្ពុជា លោក សេង ទៀក បានពន្យល់ថា រាល់កំណើតរបស់កូនផ្សោតថ្មី១ក្បាលៗ មានសារៈសំខាន់ណាស់សម្រាប់ការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ ដែលមានចំនួនសេសសល់តិចតួច កំពុងរស់នៅក្នុងទីជម្រកធម្មជាតិ។ លោកបានបន្តថា រីឯ ការការពារសត្វផ្សោតពេញវ័យឱ្យជៀសផុតពី កត្តាគំរាមកំហែងដោយសកម្មភាពមនុស្ស គឺរឹតតែមានភាពចាំបាច់ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់ របស់ថនិកសត្វទឹកសាបដ៏សំខាន់ជាសកលមួយប្រភេទនេះ។
 
ក្នុងឆ្នាំ២០២១ ទន្ទឹមនឹងការសាទរចំពោះវត្តមានថ្មីរបស់កូនផ្សោតចំនួន៣ក្បាលដែលបានរកឃើញនោះ ក៏មានការសោកស្តាយចំពោះការបាត់ជីវិតរបស់ផ្សោតចំនួន៤ក្បាលផងដែរ ដោយសារតែមានវ័យចាស់ និង ជាប់នឹងមងនេសាទ។ នេះបើយោងតាមរបាយការណ៍របស់អង្គការWWF។
 
ផ្អែកលើអត្រានៃការស្លាប់ក្នុងចំនួនដូចគ្នា ដែលត្រូវបានកត់ត្រាទុកនៅចន្លោះខែមករានិងឧសភាឆ្នាំ ២០២០ អ្នកវិទ្យាសាស្ត្ររបស់អង្គការ WWF បានបញ្ជាក់ថា អត្រាស្លាប់នេះជានិន្នាការមួយដ៏គួរឱ្យបារម្ភ យ៉ាងខ្លាំងបំផុត ដោយបានអំពាវនាវយ៉ាងទទូចអំពីភាពចាំបាច់ក្នុងការរួមសហការគ្នាឱ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
 
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជបំផុត។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និង អង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា៕
 
 
 

Tag:
 ផ្សោត
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com