ជាតិ
លោក សុខឡេង គ្រោងបង្កើតតំបន់កសិ-ទេសចរណ៍ ដើម្បីជំរុញសក្ដានុពលទេសចរណ៍ខេត្តត្បូងឃ្មុំ
23, May 2021 , 9:39 am        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក ខៀវ សុខឡេង
រូបភាពពីហ្វេសប៊ុក លោក ខៀវ សុខឡេង
លោក ខៀវ សុខឡេង ជាម្ចាស់ចម្ការទុរេនជាង២០ហិកតា ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ កសិកររូបនេះ គ្រោងកែប្រែចម្ការទុរេនខ្លួនទៅជាតំបន់កសិ-ទេសចរណ៍ ដើម្បីជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកកំណើតខ្លួន ពិសេសនៅរដូវប្រមូលផលដំណាំ។



ស្ថិតក្នុងភូមិក្រសាំង ឃុំទឹកជ្រៅ លោក ខៀវ សុខឡេង មានចម្ការជាង២០ហិកតា ដែលមានដាំទុរេនជាង២ពាន់ដើម និងផ្លែឈើមួយចំនួនទៀតដូចជា មង្ឃុត សាវម៉ាវ និងស្វាយចន្ទី។ ទន្ទឹមនឹងការដាំដំណាំច្រើនប្រភេទ កសិករវ័យ៥៥ឆ្នាំរូបនេះ ក៏មានគំនិតចង់កែប្រែចម្ការធម្មតា ទៅជាតំបន់កសិ-ទេសចរណ៍ ដើម្បីជំរុញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅខេត្តកំណើតខ្លួន និងភ្លក់រសជាតិផ្លែឈើធម្មជាតិ នារដូវកាលប្រមូលផលផងដែរ។
 
ការបង្កើតតំបន់កសិ-ទេសចរណ៍ ជាបំណងប្រាថ្នារបស់អ្នកស្រុកតំបែររូបនេះ តាំងពីលោក ចាប់ផ្ដើមធ្វើចម្ការលើកដំបូងមកម្ល៉េះ ព្រោះលោក ចង់ឲ្យភ្ញៀវទេសចរដើរកម្សាន្តក្នុងស្រុក ជាងចេញទៅកម្សាន្តនៅបរទេស។ ម្យ៉ាងវិញទៀត នៅពេលមានតំបន់កសិ-ទេសចរណ៍បែបនេះ វាក៏ជាផ្នែកមួយជំរុញសក្តានុពលទេសចរណ៍ក្នុងខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយអ្នកទេសចរឲ្យបានស្គាល់ និងភ្លក់រសជាតិផ្លែឈើខ្មែរធម្មជាតិផងដែរ។


រូបភាពពីហ្វេសប៊ុក លោក ខៀវ សុខឡេង 

បច្ចុប្បន្នចម្ការទុរេនរបស់លោក សុខឡេង មិនទាន់ក្លាយជាតំបន់កសិ-ទេសចរណ៍ទាំងស្រុងនោះទេ ព្រោះលោកកំពុងរៀបចំជាជំហាន បន្តិចម្ដងៗ ហើយនឹងបើកជាផ្លូវការនៅឆ្នាំក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ចម្ការរបស់បុរសវ័យ៥៥ឆ្នាំរូបនេះ នៅតែមានវត្តមានភ្ញៀវទេសចរទៅកម្សាន្តច្រើន រៀងរាល់ពេលប្រមូលផលដំណាំ អំឡុងខែមេសា។
 
«ឥឡូវហ្នឹង ខ្ញុំមិនទាន់បើកជាតំបន់កសិ-ទេសចរណ៍ទេ ប៉ុន្តែមនុស្សមកច្រើនណាស់រាល់ឆ្នាំ មិនដឹងមកពីខាងណាខ្លះទេ។ អ្នកខ្លះស្គាល់ចម្ការខ្ញុំតាមហ្វេសប៊ុក ហើយខ្លះទៀតស្គាល់តាមមិត្តភក្ដិខ្ញុំអ៊ីចឹងទៅ។ ប៉ុន្តែអ្នកមកហ្នឹងតែខែទុរេនទេ ពីខែមេសាទៅហ្នឹង»។ នេះជាការលើកឡើងរបស់លោក ខៀវ សុខឡេង។
 
កសិកររូបនេះ សង្ឃឹមថាតំបន់កសិ-ទេសចរណ៍របស់លោក ស្ថិតក្នុងខេត្តត្បូងឃ្មុំ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តច្រើន ទោះបីជាមិនស្ថិតនៅទីតាំងទេសចរណ៍គោលដៅក៏ដោយ៕


រូបភាពពីហ្វេសប៊ុក លោក ខៀវ សុខឡេង

 លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេន នៅខេត្តត្បូងឃ្មុំ

Tag:
 កសិ-ទេសចរណ៍
 ខេត្តត្បូងឃ្មុំ
 ចម្ការទុរេន
 ខៀវ សុខឡេង
© រក្សាសិទ្ធិដោយ thmeythmey.com