COVID-19
ជាតិ
តាកែវ កំពត និង ព្រៃវែង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦១នាក់ទៀត
22, May 2021 , 11:39 pm        
រូបភាព
(Front)សកម្មភាពតេស្តរកកូវីដ-១៩ លើកម្មការិនីរោងចក្រកាត់ដេរ ក្នុងក្រុងភ្នំពេញ បានទៅស្រុកកំណើតក្នុងស្រុកមេសាង ខេត្តព្រៃវែង និងរកឃើញវិជ្ចមានកូវីដ-១៩ កាលពីថ្ងៃទី ០៧ឧសភា ឆ្នាំ២០២១។ រូបភាពពី រដ្ឋបាលខេត្តព្រៃវែង។
(Front)សកម្មភាពតេស្តរកកូវីដ-១៩ លើកម្មការិនីរោងចក្រកាត់ដេរ ក្នុងក្រុងភ្នំពេញ បានទៅស្រុកកំណើតក្នុងស្រុកមេសាង ខេត្តព្រៃវែង និងរកឃើញវិជ្ចមានកូវីដ-១៩ កាលពីថ្ងៃទី ០៧ឧសភា ឆ្នាំ២០២១។ រូបភាពពី រដ្ឋបាលខេត្តព្រៃវែង។
ដោយ៖ ស៊ុល រ៉វី 
 
រដ្ឋបាលខេត្តតាកែវ កំពត និង ព្រៃវែង  នៅតែបន្តប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ នៅក្នុងខេត្តរៀងៗខ្លួន។ របាយការណ៍នៅថ្ងៃទី២១ឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងខេត្តទាំង៣នេះ​ មានសរុប ៦១ករណី​ ដោយក្នុងនោះ តាកែវ មាន៤១ករណី  កំពត មាន១០ករណី និង ១០ករណីទៀត នៅព្រៃវែង។

 
សម្រាប់ខេត្តតាកែវ ដែលរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤១នាក់នោះ ភាគច្រើន ជាអាជីវករផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ដែលមានរហូត២៥នាក់។ ក្រៅពីនេះ គឺជាពលករមកពីថៃ, កម្មកររោងចក្រ និងសិស្ស ដែលមានអាសយដ្ឋាននៅស្រុកត្រាកក់ ស្រុកគីរីវង់ ស្រុកសំរោង និង ស្រុកព្រៃកប្បាស។ គិតចាប់ពីថ្ងៃទី៩ ដល់២១ឧសភា ខេត្តតាកែវ មានអ្នកជំងឺកូវីដ-១៩សរុប ៤៧៣នាក់ ដោយភាគច្រើន គឺជាកម្មកររោងចក្រ។​
 
ដោយឡែក អ្នកជំងឺកូវីដ-១៩ថ្មីទាំង១០នាក់ នៅខេត្តព្រៃវែង មាន៧នាក់ជាអ្នកដំណើរពីភ្នំពេញ និង៣នាក់ទៀត ជាពលករមកពីប្រទេសថៃ។  
 
បើតាមរដ្ឋបាលខេត្តព្រៃវែង ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង១០នាក់នេះ មាន ២នាក់ មានអាសយដ្ឋាននៅស្រុកបាភ្នំ ខណៈនៅស្រុកស៊ីធរកណ្ដាលក៏មានអ្នកជំងឺ២នាក់ដែរ។ ក្រៅពីនេះ នៅស្រុកពាមរក៍, ពាមជរ, ពារាំង, ស្វាយអន្ទរ, ព្រះស្ដេច និង ស្រុកកំពង់ត្របែក  គឺសុទ្ធសឹងមាន វិជ្ជមានកូវីដ-១៩ ១ករណីរៀងៗខ្លួន។
 
គិតត្រឹមថ្ងៃទី២២ឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង មានឆ្លងកូវីដ-១៩ សរុប ២៣៤នាក់ ក្នុងនោះ មាន៤នាក់ស្លាប់។ 
ចំពោះអ្នកជំងឺកូវីដ-១៩ ចំនួន១០នាក់នៅខេត្តកំពតវិញ គឺមាន៦នាក់ មានអាសយដ្ឋាន ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ, ៣នាក់ទៀត មានអាសយដ្ឋានក្នុងភូមិសាមគ្គី ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខណៈម្នាក់ទៀត ជាពលករមកពីថៃ មានអាសយដ្ឋាន នៅភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ 
 
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្តនីមួយៗ បានអំពាវនាវយ៉ាងទទូចដល់កម្មកររោងចក្រ អាជីវករ និងពលរដ្ឋដែលធ្លាប់មានប្រាស្រ័យទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ-១៩ ប្រញាប់ទៅផ្តល់សំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ 
 
គិតមកដល់នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា កើនដល់២៤,៦៤៥ ដោយក្នុងនោះ មាន១៧,១៦៤នាក់ បានជាសះស្បើយ និង មាន១៦៧នាក់ទៀត បានបាត់បង់ជីវិត ខណៈ៧,៤៨១ កំពុងសម្រាកព្យាបាល៕ 
 

Tag:
 ThmeyThmey
  អ្នកវិជ្ជមានកូវីដ-១៩
  តាកែវ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com