COVID-19
ជាតិ
វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូស ដែលបញ្ជាទិញពីចិន មកដល់កម្ពុជាហើយ
23, May 2021 , 10:25 am        
រូបភាព
យន្តហោះដឹកវ៉ាក់សាំងស៊ីណូវ៉ាក់១លានដូស មកដល់កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ រូប៖ សហការី
យន្តហោះដឹកវ៉ាក់សាំងស៊ីណូវ៉ាក់១លានដូស មកដល់កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ រូប៖ សហការី
វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលរដ្ឋាភិបាលកម្ពុជា បញ្ជាទិញប្រទេសចិន បានមកដល់កម្ពុជាហើយ នៅព្រឹកម៉ោង១០ ថ្ងៃទី២៣ ខែសភា ឆ្នាំ២០២១។ គិតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងសរុបប្រមាណ៦លានដូសហើយ តាមរយៈការទិញនិងតាមរយៈការផ្តល់ជំនួយរបស់បរទេសនានា ខណៈប្រជាជនកម្ពុជាកើនដល់ជាង២,២លាននាក់ ដែលបានចាក់វ៉ាក់សាំង។



វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសនេះ នឹងជួយឲ្យកម្ពុជា បន្តមានលទ្ធភាពចាក់ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល។ លើសពីនេះ កម្ពុជា ក៏នៅសល់វ៉ាក់សាំងស៊ីណូវ៉ាក់ ១,៥លានដូស ដែលក្រុមហ៊ុនស៊ីណូវ៉ាក់ កំពុងពិចារណារៀបចំកិច្ចសន្យា ដើម្បីផ្តល់ជូនជាបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ កម្ពុជា បានបញ្ជាទិញវ៉ាក់សាំងបន្ថែមពីក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) និង ស៊ីណូវ៉ាក់ (Sinovac) ដែលនឹងមកដល់នៅខែមិថុនា ឆ្នាំ២០២១។ ស្ថិតក្នុងពិធីទទួលវ៉ាក់សាំងនៅព្រលានយន្តហោះភ្នំពេញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ថា៖«យើង កំពុងតែមមាញឹកក្នុងការធ្វើការជាមួយអង្គការដៃគូរ ដែលសង្ឃឹមថា កូវ៉ាក់ (COVAX) នឹងផ្តល់ជូននូវវ៉ាក់សាំងបន្ថែម ដែលជាជំនួយ»។

សូមជម្រាបថា ប្រជាពលរដ្ឋកម្ពុជាចំនួន ២ ២២៦ ៤៤៦នាក់ហើយ (ជាង២,២លាននាក់) បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចំនួននេះ គឺស្មើរនឹងអត្រា ២២,២៦ភាគរយនៃប្រជាពលរដ្ឋសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល៕

Tag:
 COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com