ជាតិ
សុខភាព
អភិបាលខេត្តកណ្តាល សម្រេចបិទខ្ទប់ភូមិជ្រៃធំ ​ក្នុងឃុំសំពៅពូន ដោយកំណត់តំបន់ក្រហម និងលឿង
23, May 2021 , 10:42 am        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ រូបថត៖ ទំព័រហ្វេសប៊ុក លោក គង់ សោភ័ណ្ឌ
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ រូបថត៖ ទំព័រហ្វេសប៊ុក លោក គង់ សោភ័ណ្ឌ
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សម្រេចបិទខ្ទប់ភូមិជ្រៃធំ ស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២២ឧសភា ដល់ថ្ងៃទី៤មិថុនា ឆ្នាំ២០២១។ ក្នុងរយៈពេលបិទខ្ទប់ភូមិជ្រៃធំនេះ លោក គង់ សោភ័ណ្ឌ ក៏បានកំណត់ជាតំបន់ក្រហម និងតំបន់លឿងផងដែរ  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

 
ការបិទខ្ទប់ក្នុងភូមិសាស្ត្រភូមិជ្រៃធំនេះ ធ្វើឡើងបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ លើបុគ្គលិកបម្រើការងារនៅក្រុមហ៊ុន ហ្គ្រេនត្រាហ្គន (កាស៊ីណូ) ដែលស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ចំពោះបរិវេណនៃក្រុមហ៊ុននេះ គឺត្រូវបានអាជ្ញាធរ កំណត់ជាតំបន់ក្រហម។ 
 
លោកគង់ សោភ័ណ្ឌ មានប្រសាសន៍ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី២៣ឧសភា ដូច្នេះថា៖«បុគ្គលិកដែលបម្រើការនៅក្រុមហ៊ុននោះមានជិត១ពាន់នាក់ ហើយ យើងសម្រេចបិទខ្ទប់នេះ គឺដើម្បីធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័កអ្នកទាំងនោះ ដើម្បីបង្ការហានិភ័យក្នុងការរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍»។ 
 
បរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គន​ ជាទីតាំងតែមួយគត់ ស្ថិតក្នុងតំបន់ក្រហម ដោយ លោកអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រៅពីបរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គន​នេះ ទីតាំងផ្សេងៗនៃភូមិសាស្ត្រភូមិជ្រៃធំ  គឺជាតំបន់លឿង។
 
កាលពីថ្ងៃទី៩មីនា ឆ្នាំ២០២១ អភិបាល​ខេត្តកណ្តាល បានបិទការចេញចូលទីប្រជុំជនជ្រៃធំ ស្ថិតនៅ​ក្នុងឃុំសំពៅពូន ស្រុកកោះធំ មួយដងរួចហើយ ក្រោយរកឃើញជនបរទេសមានកូវីដ-១៩។ គិតត្រឹមថ្ងៃទី២៣ឧសភា ខេត្តកណ្តាល មានអ្នកឆ្លងកូវីដ-១៩ ជាង២ពាន់នាក់។ នេះតាមការលើកឡើងរបស់លោក គង់​ សោភ័ណ្ឌ៕ 
 
 

Tag:
 COVID-19
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com