ជាតិ
សេវាកម្មដឹកជញ្ជូន៖ រហ័សទាន់ចិត្ត ឬរហ័សទាន់ហន់?
23, May 2021 , 12:01 pm        
រូបភាព
លិខិតមិត្តអ្នកអាន, លោក លឹម ពិសិដ្ឋ ពលរដ្ឋរាជធានីភ្នំពេញ

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជាពិសេស តាមម៉ូតូ មានការរីកចម្រើនគួរឲ្យកោតសរសើរ។ នេះ គឺជាសេវាកម្មជំនួញសម័យឌីជីថលដែលចូលរួមបង្កើតការងារ និងបង្កើនកំណើនសេដ្ឋកិច្ច។ ប៉ុន្តែ អ្នកបើកបរមួយចំនួនត្រូវបានគេរិះគន់។


បញ្ជារទិញភ្លាម ១០ ឬ១៥នាទី ឬ៣០នាទីក្រោយមក ទំនិញ ឬម្ហូបអាហារត្រូវបានគេដឹកយកមកឲ្យដល់គេហដ្ឋាន។ អតិថិជនដែលទទួលទំនិញសប្បាយចិត្ត ព្រោះសេវាកម្មដឹកជញ្ជូនធ្វើឡើងយ៉ាងឆាប់រហ័សមិនឲ្យភ្ញៀវខកចិត្តឡើយ។
 
សេវារហ័សទាន់ចិត្តមែន។ ប៉ុន្តែ ម៉ូយទាំងឡាយមិនដែលបានគិតដល់នូវអ្វីដែលបានកើតឡើងនៅពីក្រោយសកម្មភាពរហ័សទាន់ចិត្តឡើយ។ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិននិយាយចំពោះអ្នកដឹកជញ្ជូនទាំងអស់ទេ។ អ្នកដឹកជញ្ជូនសេវារហ័សទាន់ចិត្តមួយចំនួនណាមួយនោះ បានគោរពគោលការណ៍ច្បាប់ចរាចរណ៍រួចហើយដោយបើកបរយឺតល្មម និងមិនរញ៉េរញ៉ៃ។ ប៉ុន្តែ អ្នកបើកបរមួយក្តាប់តូច ដោយហេតុតែចង់បំពេញចិត្តអតិថិជន (អតិថិជនជាសេ្តច) បើកបរហួសលឿនកំណត់ និងចាក់គួរកាច់ចុះកាច់ឡើងដោយគ្មានខ្វល់ពីគ្រោះថ្នាក់ដល់ខ្លួនឯង និងដល់អ្នកដទៃបន្តិចណាសោះឡើយ។ 
 
បើផ្អែកលើទិដ្ឋភាពជាក់ស្តែង គេនៅមិនទាន់ឃើញមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនដែលបង្កឡើងដោយអ្នកបើកបរមិនគោរពច្បាប់ទាំងនោះមែន។ ប៉ុន្តែដើម្បីបង្ការកុំឲ្យសកម្មភាពនេះកាន់តែរីកធំឡើង ហើយឈានទៅបង្កបញ្ហាដល់អ្នកធ្វើដំណើរដទៃទៀត។ ខ្ញុំសូមមេត្តានគរបាលមានសមត្ថកិច្ចជួយត្រួតពិនិត្យអ្នកបើកបរដឹកជញ្ជូនសេវាកម្មទាន់ចិត្តមិនគោរពច្បាប់ រួមទាំងរថយន្តដឹកដី ឬឡានដឹកទំនិញធំៗផង។ 
 
ងាកមកនិយាយពីសេវាដឹកជញ្ជូនរហ័សទាន់ចិត្តដោយម៉ូតូវិញ ខ្ញុំសូមស្នើចំពោះអតិថិជន និងម្ចាស់អាជីវកម្មឲ្យដាក់កំហិតអ្នកដឹកជញ្ជូនដើម្បីចៀសវាងការប្រើប្រាស់សេវា«ទាន់ហន់»ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ខ្ញុំសូមអធ្យាស្រ័យចំពោះអ្នកពាក់ព័ន្ធ ប្រសិនបើសំណេរខ្ញុំបាទធ្វើឲ្យប៉ះពាល់អារម្មណ៍លោកអ្នក៕ 
 
 

Tag:
 ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com