ជាតិ
លោក ម៉ុង ឬទ្ធី បង្កើតចម្ការព្រីង ៦៤ហិកតា ក្រោយព្រីងលើទីផ្សារមានតម្លៃខ្ពស់
× លោក ម៉ុង ឬទ្ធី ចាប់ផ្ដើមដាំព្រីង លើផ្ទៃដី ៦៤ហិកតា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មូលហេតុដែលឧកញ៉ារូបនេះ ដាំព្រីងច្រើនហិកតា ព្រោះដើមព្រីងមានអត្ថប្រយោជន៍ច្រើនដល់បរិស្ថាន និងសត្វ។ ម្យ៉ាង លោកចង់ឱ្យអ្នកចូលចិត្តហូបផ្លែព្រីង ទទួលបានតម្លៃមួយសមរម្យ ក្រោយទីផ្សារផ្លែព្រីង នាពេលបច្ចុប្បន្នមានតម្លៃខ្ពស់។
ក្រៅពីចម្ការព្រីងដែលដាំដុះលើផ្ទៃដី ៦៤ហិកតា លោក ម៉ុង ឬទ្ធី ក៏បានដាំដំណាំកសិ-ឧស្សាហកម្មរយៈពេលវែងមួយចំនួន ដូចជា ដើមល្ម៉ើ, មៀន, ឫស្សីផ្អែម និងដូងក្រអូប ជិត ២០០ហិកតា ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក ម៉ុង ឬទ្ធី បញ្ជាក់ថា ការដាំដើមព្រីងនេះ មិនត្រឹមជួយបំពេញទីផ្សារ ក្នុងស្រុកនោះទេ តែវាក៏ផ្ដល់អត្ថប្រយោជន៍ដល់បរិស្ថានផង។
ឧកញ៉ាប្រឡូកក្នុងវិស័យកសិកម្មរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ខ្ញុំមើលឃើញថាផ្លែព្រីងដែលដាក់លក់នៅតាមទីផ្សារ មានតម្លៃរហូត ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះជិតស្មើទៅនឹងព្រីងលក់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក»។
បើតាមលោក ម៉ុង ឬទ្ធី ដើមព្រីងជាប្រភេទដំណាំមានរយៈពេលយូរ ផ្ដល់នូវម្លប់ និងអាចជាចំណីសម្រាប់សត្វបក្សី ដែលនៅតំបន់នោះផង។ ចម្ការព្រីងលើផ្ទៃដី ៦៤ហិកតានេះ លោក ម៉ុង ឬទ្ធី ទើបចាប់ផ្ដើមដាំកូនព្រីង បានចំនួន ៥ពាន់ដើមប៉ុណ្ណោះ ហើយនឹងដាំជាបន្តបន្ទាប់ទៀត។
សម្រាប់ចម្ការព្រីង ១ហិកតា អាចដាំកូនព្រីងបានចំនួន ៤០០ដើម ដែលយកពូជមកពីប្រទេសម៉ាឡេស៊ី។ ក្នុងផ្ទៃដី ៦៤ហិកតាខាងលើ លោក ម៉ុង ឬទ្ធី នឹងដាំកូនព្រីង ២៥,៦០០ដើម ដែលនឹងអាចទទួលផល ក្នុងរយៈពេល ៣ឆ្នាំក្រោយ ប្រសិនបើថែទាំបានដិតដល់។
ចំពោះកម្ពុជា ផ្លែព្រីង ដែលលក់នៅលើទីផ្សារបច្ចុប្បន្ន មិនមានការដាំដុះបានត្រឹមត្រូវនោះទេ ភាគច្រើនជាដើមព្រីងដុះដោយខ្លួនឯង នៅតាមទីជនបទ។ ទោះជាបែបនេះក្ដី គេសង្កេតឃើញថា ព្រីងនៅលើទីផ្សារហាក់មានតម្លៃខ្ពស់ ព្រោះចំនួនដើមព្រីងនៅតាមជនបទ និងតំបន់មួយចំនួន កាន់តែថយចុះ៕
រូបទាំងអស់ពីហ្វេសប៊ុកលោកឧកញ៉ា ម៉ុង ឬទ្ធី
Tag:
សេដ្ឋកិច្ច
ព្រះសីហនុ
ព្រីង
© រក្សាសិទ្ធិដោយ thmeythmey.com