COVID-19
ជាតិ
សៀមរាប និងកំពង់ធំ ​មាន២៨នាក់ទៀតឆ្លងកូវីដ-១៩ ​ដោយមាន១៧នាក់ជាពលករមកពីថៃ
23, May 2021 , 12:29 pm        
រូបភាព
រដ្ឋបាលខេត្តកំពង់ធំ និងសៀមរាប បន្តរកឃើញមនុស្ស២៨នាក់ទៀត  ឆ្លងកូវីដ-១៩ (COVID-19) ដោយក្នុងខេត្តកំពង់ធំ មាន២២នាក់ និងសៀមរាប មាន៦នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តទាំង២នេះ អ្នកជំងឺកូវីដ-១៩ដែលទើបរកឃើញថ្មីនោះ មានអាយុពី៤ដល់៥៥ឆ្នាំ។

 
អ្នកជំងឺកូវីដ-១៩ ទាំង២២នាក់របស់ខេត្តកំពង់ធំ ដែលទើបរកបន្ថែម​ នាថ្ងៃទី២២ឧសភា​ នោះ គឺមាន១៧នាក់ ជាពលករមកពីប្រទេសថៃ​ និង៥នាក់ ជាកម្មការិនីរោងចក្រ មកពីស្គន់​ ខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា  ការរកឃើញវិជ្ជមានកូវីដ-១៩ លើមនុស្សចំនួន២២នាក់នេះ គឺស្ថិតក្នុងរយៈពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ របស់អ្នកទាំងនោះ។ 
 
ការរកឃើញនូវចំនួនអ្នកឆ្លងថ្មីបន្ថែមនេះ បានធ្វើឱ្យខេត្តកំពង់ធំ កើននូវអ្នកជំងឺកូវីដ-១៩ ដល់១៥៨នាក់ ។ ក្នុងនោះ មាន៥៤នាក់ បានជាសះស្បើយពីជំងឺនេះ។  
 
ដោយឡែក ខេត្តសៀមរាបវិញ ដែលរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៦នាក់ នាថ្ងៃទី២២ឧសភា ដែរនោះ  ភាគច្រើនគឺពលរដ្ឋត្រលប់ពីរាជធានីភ្នំពេញ និងខេត្តនានា។ 
 
រដ្ឋបាលខេត្តសៀមរាប បានរៀបរាប់ថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំង៦នាក់នៅ មានម្នាក់មកពីរាជធានីភ្នំពេញ, មាន២នាក់​មកពីខេត្តកំពង់ធំ,   មាន២នាក់ទៀតមកពីខេត្តបន្ទាយមានជ័យ ខណៈអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ជាអ្នករស់នៅក្នុងភូមិគោកត្នោត ឃុំ កណ្តែក ស្រុកបាគង។ បច្ចុប្បន្នជំងឺកូវីដ-១៩ ទាំងនោះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
 
ដល់ពេលនេះខេត្តសៀមរាប បានអ្នកជំងឺកូវីដ-១៩ ចំនួន៩២នាក់ ដោយជាសះស្បើយ៤៤នាក់។ ស្លាប់២នាក់ ខណៈ៤៦នាក់ទៀត កំពុងសម្រាកព្យាបាល។ 
 
គិតត្រឹមថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុប ដល់ទៅ២៥,២០៥នាក់ តែបានជាសះស្បើយវិញ ១៧,៧០១នាក់ហើយ ដោយនៅសល់៧,៥០៤នាក់ ដែលកំពុងសម្រាកព្យាបាល។ ចំណែកអ្នកស្លាប់ ដោយសារជំងឺនេះ កើនដល់១៧៦នាក់៕
 
 
 
 
 

Tag:
 COVID
  កំពង់ធំ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com