COVID-19
ជាតិ
សុខភាព
COVID-19៖ ភ្នំពេញ មានអ្នកឆ្លងថ្មី២៥០នាក់ ភាគច្រើនជាកម្មករសំណង់នៅការដ្ឋាន Booyong
23, May 2021 , 6:29 pm        
រូបភាព
នារសៀលថ្ងៃទី២៣ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានី បានប្រកាសពីចំនួនថ្មីនៃករណីឆ្លងកូវីដ-១៩ ដែលមានរហូតដល់២៥០នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំងនេះ មាន៩៣នាក់ ជាកម្មករសំណង់ របស់ក្រុមហ៊ុន Booyong ដែលមានការដ្ឋាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

 
បន្ទាប់ពីកម្មករសំណង់របស់ការដ្ឋានក្រុមហ៊ុន Booyong ដែលមានចំនួនឆ្លងកូវីដ-១៩ ច្រើនជាងគេហើយនោះ  គឺមានកម្មករោងចក្រ ដែលស្ថិតនៅក្នុងស្ទឹងមានជ័យ២និងស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងចំណោមមនុស្សសរុប២៥០នាក់ខាងលើ ក៏មានបុគ្គលិករបស់ក្រុមហ៊ុនទឹកសុទ្ធហាធិច, អាជីវករ, អ្នកដឹកជញ្ជូន, អ្នករត់ម៉ូតូឌុប និងពលរដ្ឋមួយចំនួនទៀតផងដែរ។ 
 
របាយការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា  អ្នកឆ្លងជំងឺកូវីដ-១៩ខាងលើ ភាគច្រើនជាអ្នកដែលរស់នៅក្នុង ខណ្ឌសែនសុខ និងខណ្ឌមានជ័យ។  ចំណែក ខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ក៏មិនទាន់ស្រាកស្រាន្តដែរ ខណៈខណ្ឌជាច្រើនទៀត រួមមាន ទួលគោក, ដង្កោ, ដូនពេញ, ចំការមន, ជ្រោយចង្វារ, ច្បារអំពៅ, បឹងកេងកង, និងខណ្ឌកំបូល ក៏បន្តមានករណីឆ្លងកូវីដ-១៩ ជារៀងរាល់ថ្ងៃ ផងដែរ។
 
គិតត្រឹមថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុប ដល់ទៅ២៥,២០៥នាក់ តែបានជាសះស្បើយវិញ ១៧,៧០១នាក់ហើយ ដោយនៅសល់៧,៥០៤នាក់ ដែលកំពុងសម្រាកព្យាបាល។ ចំណែកអ្នកស្លាប់ ដោយសារជំងឺនេះ កើនដល់១៧៦នាក់៕ 
 

Tag:
 កម្មករសំណង់
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com