ជាតិ
ព្រីងទុំមានតម្លៃថ្លៃ និងងាយស្រួលដាំ
23, May 2021 , 9:39 pm        
រូបភាព
ដោយ:
តាកែវ៖ ព្រីង ជាផ្លែឈើមួយប្រភេទដែលក្នុងមួយឆ្នាំមានផ្លែម្ដង នៅចន្លោះខែមេសា និងខែមិថុនា។ រសជាតិ និងតម្លៃព្រីង មានភាពខុសគ្នាបន្តិចបន្តួច តាមប្រភេទនៃពូជរបស់វា។ ផ្លែឈើនេះលក់នៅលើទីផ្សារមានតម្លៃប្រមាណ ៣ម៉ឺនរៀលក្នុងមួយគីឡូ តែថា ការដាំព្រីងសម្រាប់លក់នោះ គឺមិនសូវមានច្រើននោះទេ។

 
ផ្លែខ្លះតូច ខ្លះធំ ផ្លែខ្លះពណ៌បៃតង ខ្លះក្រហម ខ្លះទៀតមានពណ៌ខ្មៅ បានបញ្ចេញរូបរាងឡើងនៅតាមមែករបស់ខ្លួនស្អេកស្កះ ដែលបញ្ជាក់ថា ព្រីងនេះ អាចប្រមូលផលហើយ។ ព្រីងមានច្រើនប្រភេទ ដូចជា ព្រីងចន្ទន៍, ព្រីងចន្លុះ, ព្រីងដោះក្របី និងព្រីងបាយជាដើម។ប្រជាពលរដ្ឋនៅតាមជនបទមួយចំនួន បានដាំដើមព្រីង សម្រាប់ទុកហូបផ្លែ និងដើម្បីទទួលបានម្លប់យ៉ាងត្រឈឹងត្រឈៃពីដើមព្រីង ដែលជាប្រភេទរុក្ខជាតិមានដើមធំៗ។ 
 
ព្រីង តែងផ្ដល់ផ្លែច្រើន។ អ្នកដាំ អាចយកផ្លែរបស់វាមកលក់ខ្លះ ក្រៅតែពីការបរិភោគ។ អ្នកស្រី ថៃ រ៉ុម ប្រជាពលរដ្ឋនៅក្បែរផ្សារត្រាំខ្នារ ខេត្តតាកែវ បានដាំដើមព្រីងចំនួន២ដើមក្បែរផ្ទះរបស់លោកស្រី ដើម្បីទទួលបានផ្លែសម្រាប់ បរិភោគ បន្ថែមពីនេះអ្នកស្រីក៏បានយកផ្លែព្រីងលក់ខ្លះដែរ ព្រោះទិន្នផលព្រីងមានច្រើនសមល្មម។


ចម្ការព្រីងរបស់គ្រួសារ លោក ឈី ពិសិទ្ធ ក្នុងខេត្តកំពង់ចាម 

ព្រីងរបស់អ្នកស្រី ថៃ រ៉ុម ជាប្រភេទព្រីងដោះក្របី ដែលមានផ្លែធំៗ និងរស់ជាតិផ្អែម។ អ្នកស្រីលក់ព្រីងបាន១កំប៉ុង ២០០០រៀល ដោយអ្នកស្រីលក់នៅជិតផ្ទះ។ ចំពោះព្រីងដោះក្របីនេះ គេអាចលក់បានរហូតដល់តម្លៃ៥០០០រៀលក្នុង១កំប៉ុង ឬ ១គីឡូក្រាម ៣០០០០រៀល នៅរាជធានីភ្នំពេញ។ 
 
ខុសពីអ្នកស្រី ថៃ រ៉ុម ដែលដាំព្រីងជាលក្ខណគ្រួសារ លោក ឈី ពិសិទ្ធ ដែលជាអ្នកស្រុកចម្ការលើ ខេត្តកំពង់ចាម គ្រួសាររបស់លោក បានដាំព្រីងជាលក្ខណចម្ការ លើផ្ទៃដីប្រមាណ១ហិកតា និងមានដើមព្រីងប្រមាណ១០០ដើម ជាប្រភេទព្រីងដោះក្របី។ នេះជាឆ្នាំដំបូងហើយដែលគ្រួសារ លោក ឈី ពិសិទ្ធ ប្រមូលផលផ្លែព្រីង។ 
 
ដ្បិតជាឆ្នាំដំបូងក្នុងការប្រមូលផល ប៉ុន្តែលោក ឈី ពិសិដ្ធ ជឿជាក់ថា ព្រីងរបស់លោកនឹងមិនពិបាករកទីផ្សារនោះទេ។ ម្ចាស់ចម្ការរូបនេះប្រាប់ថ្មីៗ២៥តាមទូរសព្ទដូច្នេះ៖ «សម្រាប់ទីផ្សារ បើខ្ញុំគិតមើលទៅវាអត់ពិបាកលក់ទេ ព្រោះបើតាមខ្ញុំដឹងនៅខ្មែរយើងអត់សូវមានអ្នកដាំច្រើន ភាគច្រើនគាត់ដាំតែលក្ខណគ្រួសារ អត់សូវមានអ្នកដាំជាចម្ការទេ។ ឥឡូវជារដូវផ្លែដំបូង។ អ៊ីចឹងក្នុងចម្ការ ឱ្យតែមានព្រីងដឹងតែមានអ្នកចាំទិញហើយ »។


លោក ឈី ពិសិទ្ធ 

លោក ឈី ពិសិដ្ធ អាចលក់ព្រីងបានក្នុងតម្លៃ ២៧០០០រៀល ទៅ ៣០០០០រៀលក្នុងមួយគីឡូក្រាម តាមអនឡាញ និងអ្នកមកទិញដល់ចម្ការផ្ទាល់ ដោយតម្លៃនេះគឺជាការសាកល្បងទីផ្សារក្នុងការប្រមូលផលដំបូងរបស់គ្រួសារលោក ពិសិដ្ធ។
 
រយៈពេលជិត៤ ឆ្នាំនៃការដាំព្រីងដំបូងរហូតទទួលបានផល លោក ពិសិដ្ធ អះអាងថា ដំណាំព្រីងមិនពិបាកថែទាំនោះទេ ដោយគ្រាន់តែត្រូវការស្រោចទឹកនៅពេលវានៅតូច។ នៅពេលវាចេញផ្លែ ការស្រោចទឹកមិនមានជាការចាំបាច់ទៀតទេ។ សម្រាប់អ្នកចង់ឱ្យព្រីងឆាប់ផ្លែ និងមានផ្លែច្រើនអាចប្រើប្រាស់ជីបន្ថែមបាន។
 
លោក ពិសិទ្ធ ណែនាំដល់មានបំណងចង់ដាំព្រីង គួរជ្រើសរើស ការដាំដោយការបណ្ដុះដោយគ្រាប់ ជៀសជាងការដាំដោយផ្សាំ ព្រោះព្រីងអាចមានអាយុកាលវែង ជាងការផ្សាំ។ បើសិនព្រីងរបស់លោកទទួលបានការគាំទ្រច្រើន និងមានទីផ្សារកាន់តែខ្ពស់ គ្រួសារលោក ពិសិទ្ធ នឹងពង្រីកការដាំព្រីងបន្ថែមទៀត៕
 


 
 

Tag:
 ព្រីង
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com