ជាតិ
ធ្វើដូចម្ដេចទើបដាំម្ទេសបានផលល្អ?
23, May 2021 , 10:19 pm        
រូបភាព
ភ្នំពេញ៖ លោក សាន សំណាង ជាកសិករម្នាក់ក្នុងខេត្តសៀមរាប ដែលដាំម្ទេសបានទិន្នផលល្អ។ កសិកររូបនេះ នឹងប្រាប់ពីបច្ចេកទេសនៃការដាំដំណាំម្ទេស ដើម្បីទទួលបានផលច្រើន និងម្ទេសមានសុខភាពល្អ។ លោក សាន សំណាង ត្រូវភ្ជួរដីឲ្យបាន ២ទៅ៣ដង។ បន្ទាប់មក លោករើសស្មៅឲ្យស្អាត និងហាល ចោលចំនួន ១សប្ដាហ៍។ ខាងក្រោមនេះ ជាបច្ចេកទេសដែលកសិកររូបនេះ ដាំបានទិន្នផលល្អ។


 
ក្រោយហាលដី ១សប្ដាហ៍ យើងត្រូវរៀបចំធ្វើរង ដែលមានទទឹង ១ម៉ែត្រ និងទុកចន្លោះពីរងមួយទៅរងមួយទៀត កន្លះម៉ែត្រ។ យើងត្រូវលើកកម្ពស់រងនីមួយៗឲ្យបានកម្ពស់ពី ២០ ទៅ ២៥ សង់ទីម៉ែត្រ ក្នុងរដូវប្រាំង។ បើក្នុងរដូវវស្សា យើងត្រូវលើកវាឲ្យបានកម្ពស់ចន្លោះពី ២៥ ទៅ ៣០ សង់ទីម៉ែត្រ។ ក្នុងអំឡុងពេលធ្វើរង យើងត្រូវដាក់ជីកំប៉ុសទ្រាប់បាតដីក្នុងបរិមាណ ២ទៅ៣គីឡូក្រាម ក្នុង១ម៉ែត្រការ៉េ។
 
បន្ទាប់ពីការរៀបចំរង និងដាក់ជីកំប៉ុស យើងត្រូវស្រោចទឹកលើរងទាំងនោះឲ្យជោកល្មម។ បន្ទាប់មក យើងត្រូវរកវត្ថុធាតុដើមដូចជា ចំបើង ឬស្លឹកឈើពុកផុយ ដើម្បីគ្របពីលើរង ហើយទុកវា១សប្ដាហ៍ទៀត។ ការគ្របរងបែបនេះ អាចរក្សាបាននូវសំណើមដែលវាអាចជួយឲ្យពពួកអតិសុខុមប្រាណមានប្រយោជន៍ក្នុងដីមួយចំនួន ជួយដំណាំឲ្យលូតលាស់បានល្អ និងការពារពីជំងឺផ្សេងៗ។ 
 
ការជ្រើសរើសពូជម្ទេស៖ យើងត្រូវជ្រើសរើសកូនម្ទេសណាដែលមានអាយុចាប់ពី ២២ថ្ងៃ ទៅ ២៧ថ្ងៃ។ យើងអាចចំណាំបានតាមរយៈការមើលស្លឹក បើវាមានបែកស្លឹក ៥ឬ៧សន្លឹក បញ្ជាក់ថាយើងអាចយកវាទៅដាំបានហើយ។ 
 
នៅពេលដាំកូនម្ទេសបានរយៈពេល ១០ ទៅ១៥ថ្ងៃ យើងត្រូវជីករណ្តៅចម្ងាយពីគល់ចន្លោះ ៨ទៅ១០សង់ទីម៉ែត្រ ដើម្បីដាក់ជីកំប៉ុសបំប៉នក្នុងនោះ។ សម្រាប់ម្ទេស ដែលដាំបានរយៈពេល ៣សប្តាហ៍ ទៅ ៣០ថ្ងៃ យើងត្រូវជីករណ្តៅចម្ងាយពីគល់ម្ទេស ២០ទៅ ២៥សង់ទីម៉ែត្រ។ 
ការដាក់ជី៖ ប្រសិនបើដីមិនសូវមានជីវជាតិ យើងគួរដាក់ជីឲ្យបានទៀងទាត់ក្នុងចន្លោះ ៧ទៅ១០ថ្ងៃម្តង។ នៅពេលដាក់ជី យើងមិនត្រូវដាក់វានៅពេលថ្ងៃក្តៅទេ ជៀសវាងការប៉ះពាល់ពីពន្លឺថ្ងៃ ដែលធ្វើឲ្យអាម៉ូញាក់នៃជីវាឆួលប៉ះ ដង ដើម និងស្លឹក របស់ដំណាំ។ ហើយយើងត្រូវស្រោចទឹកភ្លាមៗ បន្ទាប់ពីការដាក់ជីរួច។
 
ការស្រោចទឹក៖ លោក សាន សំណាង ណែនាំដល់កសិករក្នុងការប្រើប្រាស់ប្រព័ន្ធដំណក់ទឹក ព្រោះវាចំណេញពេលវេលា និងសន្សំសំចៃទឹកបានច្រើន។ យើងត្រូវស្រោចទឹក ក្នុងមួយថ្ងៃម្តង នៅពេលព្រឹក។ យើងអាចសម្គាល់ថាទឹកដែលយើងស្រោចល្មមគ្រប់គ្រាន់ នៅពេលវាមានសំណើមនៅខាងក្រោមជើងរង។ 
 
ការដាំណាំម្ទេស ជាធម្មតាតែងមានជំងឺ ផ្សិត បាក់តេរីអុជ ច្រោះស្លឹក ស្រពោនដើម និងលឿងស្លឹក ដែលវានឹងធ្វើឲ្យម្ទេសលូតលាស់មានការថយចុះ និងទទួលបានផលតិច។ ដូច្នេះ ដើម្បីទប់ស្កាត់ជំងឺទាំងនេះ យើងត្រូវដាំដំណាំផ្សេងទៀតឲ្យបាន ២ទៅ៣មុខ។ ហើយត្រូវបាញ់ថ្នាំការពារ ដែលផ្សំឡើងពីធម្មជាតិដូចជា ស្លឹកល្ហុង ស្លឹកស្ដៅ បណ្ដូលពេជ្រ និងថ្នាំជក់ជាដើម។ ប្រសិនបើមិនអាចការពារបាន យើងត្រូវប្រើប្រភេទថ្នាំកសិកម្មបាញ់ដំណាំនៅពេលព្រឹកព្រលឹម ឬមេឃត្រជាក់។ 
 
កសិករ រស់នៅភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងរូបនេះ ក៏បានលើកទឹកចិត្តដល់កសិករដាំដំណាំឲ្យបាន៣មុខយ៉ាងតិច ដើម្បីជួយឲ្យវាអាចលូតលាស់តាមគោលការណ៍ធម្មជាតិ កាត់បន្ថយកត្តាសត្វល្អិ និងការពារជំងឺផ្សេងៗផងដែរ៕
 
 
 
 

Tag:
 បច្ចេកទេសដាំម្ទេស
  លោក សាន សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com