កីឡាអន្តរជាតិ
អន្តរជាតិ
“Sir Alex Ferguson: Never Give In” ភាពយន្តរៀបរាប់ខ្សែជីវិតរបស់លោក Ferguson
23, May 2021 , 10:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ភាពយន្តឯកសារដែលមានចំណងជើងថា Sir Alex Ferguson: Never Give In ត្រូវបានដាក់បញ្ចាំងដំបូងនៅថ្ងៃទី២១ ខែឧសភា ដោយឆ្លុះបញ្ចាំងដំណើរជីវិតរបស់គ្រូបង្វឹកដ៏អស្ចារ្យបំផុតក្នុងវិស័យបាល់ទាត់ពិភពលោក លោក Sir Alex Ferguson ។



នេះជាខ្សែភាពយន្តដែលបង្ហាញពីចំណងរវាងឪពុក និងកូនដែលបានស្វែងយល់ពីភាពជាអ្នកដឹកនាំ ភាពតានតឹងផ្លូវចិត្ត និងការអបអរអាជីពក្នុងវិស័យកីឡាបាល់ទាត់ដ៏អស្ចារ្យបំផុតមួយ។ ខ្សែភាពយន្ត Sir Alex Ferguson: Never Give In ជាស្នាដៃដឹកនាំដោយ Jason Ferguson កូនប្រុសរបស់លោក Sir Alex Ferguson ផ្ទាល់ ហើយមានការចូលរួមសម្តែងដោយវីរបុរសបាល់ទាត់របស់ក្រុមបិសាចក្រហមមាន Aric Cantona, Ryan Giggs,និង Gordan Strachan រួមទាំងលោក Sir Alex Ferguson ផ្ទាល់ ។ 


 
ភាពយន្តឯកសារនេះនិពន្ធដោយលោក Mark Monreo ដែលជាអ្នកនិពន្ធភាពយន្តឯកសារ និងជាអ្នកដឹកនាំរឿងដ៏ល្បីរបស់អាមេរិក ហើយលោកក៏ជាអ្នកសរសេរព័ត៌មាននៅស្ថាប័នព័ត៌មានដ៏ល្បីក្នុងពិភពលោក CNN ។
 
ក្រោយពីបានជាសះស្បើយពីជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលរួចមក លោក Ferguson បាននិយាយរៀបរាប់ពីដំណើរជីវិតរបស់លោក និងរឿងរ៉ាវអំពីការងារជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតរយៈពេល២៦ ឆ្នាំនៅក្លឹប Manchester United របស់លោកទៅកាន់កូនប្រុសរបស់លោក រួចចាប់ផ្ដើមការថត។


 
 
រឿង Sir Alex Ferguson: Never Give In បានរៀបរាប់យ៉ាងច្បាស់ការចងចាំដ៏មានន័យបំផុតរបស់លោក Sir Alex Ferguson ក្នុងវិស័យបាល់ទាត់។ លោក Ferguson បានរំឭកការចងចាំរាល់ការឈ្នះពានរង្វាន់ ទាំងការចាញ់ការប្រកួត រួមទាំងកីឡាករដែលលោកបានគ្រប់គ្រង។ ព្រឹត្តិការណ៍នានាចាប់ពីពេល លោកនៅជាកីឡាករនៅស្កុតឡែន ហើយក្លាយជាគ្រូបង្វឹកនៅក្លិប Aberdeen  រួចបន្តមកកាន់ទឹកដី Old Trafford ជាកន្លែងចុងក្រោយ។ 
 
លោក Sir Alex Ferguson បានដឹកនាំក្រុមបិសាចក្រហម Manchester United ឈ្នះពាន Premier League ចំនួន ១៣លើក រួមទាំងពាន FA Cup ចំនួន៥លើកនិងពាន UEFA Champion League ២លើក និងពានរង្វាន់ផ្សេងជាច្រើនទៀត៕
 

Tag:
 Sir Alex Ferguson”Never Give In”
© រក្សាសិទ្ធិដោយ thmeythmey.com