COVID-19
ជាតិ
កូវីដ-១៩៖ បន្ទាយមានជ័យ បន្តរកឃើញ៨២នាក់ កំពង់ចាម៥០នាក់ និង តាកែវ៤៨នាក់
23, May 2021 , 7:46 pm        
រូបភាព
មណ្ឌលចត្តាឡីស័កមួយកន្លែង ក្នុងខេត្តកំពង់ចាម។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ចាម។
មណ្ឌលចត្តាឡីស័កមួយកន្លែង ក្នុងខេត្តកំពង់ចាម។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ចាម។
ដោយ៖ ស៊ុល រ៉វី 
 
រដ្ឋបាលខេត្តបន្ទាយមានជ័យ កំពង់ចាម និងតាកែវ បន្តរកឃើញពលរដ្ឋសរុប១៨០នាក់ទៀត ឆ្លងកូវីដ-១៩។  ក្នុងនោះខេត្តកំពង់ចាម ៥០នាក់ ខេត្តតាកែវ ៤៨នាក់ ខណៈខេត្តបន្ទាយមានជ័យ មាន៨៣នាក់។

 
អ្នកជំងឺកូវីដ-១៩ចំនួន៥០នាក់ ដែលរដ្ឋបាលខេត្តកំពង់ចាមរកឃើញថ្មី គឺសុទ្ធតែជាកម្មការិនីរោងចក្រ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ការរកឃើញវិជ្ជមានកូវីដ-១៩ លើកម្មការិនីទាំង៥០នាក់នេះ គឺស្ថិតនៅក្នុងចំណោមកម្មករ និងកម្មការិនី ចំនួន៣,២២៩នាក់ ដែលបានធ្វើតេស្តរកកូវីដ-១៩។ 
 
ការរកឃើញអ្នកឆ្លងថ្មី៥០នាក់នេះ បានធ្វើឲ្យខេត្តកំពង់ចាម កើននូវចំនួនអ្នកឆ្លងកូវីដ-១៩ ដល់៤០៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ 
 
សម្រាប់ខេត្តតាកែវ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់នោះ ភាគច្រើន គឺជាអាជីវករនៅផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខណៈអ្នកជំងឺ៥នាក់នៅស្រុក ព្រៃកប្បាស និង ម្នាក់នៅស្រុកកោះអណ្ដែត។  
 
ដោយឡែកខេត្តបន្ទាយមានជ័យ ដែលប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨២នាក់ គឺមាន៧៣នាក់ ជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត,  ៤នាក់នៅស្រុកថ្មពួក, ៣នាក់នៅក្រុងសិរីសោភ័ណ ខណៈម្នាក់ទៀត នៅស្រុកស្វាយចេក។
 
ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តនីមួយៗ បានអំពាវនាវយ៉ាងទទូចដល់ កម្មកររោងចក្រ អាជីវករ និងពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងនឹងអ្នកកូវីដ-១៩ រួសរាន់ទៅផ្ដល់សំណាក ដើម្បីតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ 
 
គិតមកទល់ថ្ងៃ២៣ឧសភានេះ អ្នកឆ្លងកូវីដ-១៩នៅកម្ពុជា កើនដល់ ២៥,២០៥នាក់ ក្នុងនោះសះស្បើយបាន ១៧,៧០១នាក់ ដោយនៅសល់ ៧,៧០៤នាក់ ដែលកំពុងសម្រាកព្យាបាល។ រីឯអ្នកស្លាប់វិញ មានចំនួន ១៧៦នាក់៕
 

Tag:
 កំពង់ចាម
  តាកែវ
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com