COVID-19
ជាតិ
អាជ្ញាធរ បន្តចាក់វ៉ាក់សាំងឲ្យពលរដ្ឋ ក្នុងខណ្ឌចំការមន ៧មករា និងច្បារអំពៅ
24, May 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសយុទ្ធនាការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។


សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងក្នុងខណ្ឌទាំង៣នេះ នឹងចាប់ផ្តើមសម្រាប់ដូសទី១ នៅថ្ងៃទី២៥ ខែឧសភា រហូតដល់ ថ្ងៃទី៧ ខែមិថុនា។ សម្រាប់ការចាក់ដូសលើកទី២ នឹងចាប់ផ្តើមចាក់នៅថ្ងៃទី៣ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចា់វ៉ាក់សាំងគ្រប់គ្នាៗ ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។
 
ចំពោះទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌចំការមន សង្កាត់ផ្សារដើមថ្កូវ នឹងមានទីតាំងសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បឹងត្របែកខាងត្បូង និង វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ។ ចំពោះ សង្កាត់ទូលទំពូងទី១ មានទីតាំងនៅវិទ្យាល័យ ទូលទំពូង ប៉ែកខាងត្បូង។ សង្កាត់ទូលទំពូងទី២ មានទីតាំងនៅសាលាបឋមសិក្សា អ្នកឧកញ្ញ៉ាមហាភក្តីហ៊ុន នាង ទូលទំពូងទី២។ សង្កាត់បឹងត្របែក នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បឹងត្របែកខាងកើត។ ចុងក្រោយ សង្កាត់ទន្លេបាសាក់នៅសាលាបឋមសិក្សាសុធារស និង វិទ្យាល័យបឹងត្របែក។
 
សម្រាប់ ខណ្ឌ៧មករា ក្នុងសង្កាត់បឹងព្រលឹត សង្កាត់វាលវង់ និងសង្កាត់មនោរម្យ ពលរដ្ឋអាចទៅចាក់នៅសាលាបឋមសិក្សាសំពៅមាស។ សង្កាត់អូរឫស្សីទី២ និងសង្កាត់អូរឫស្សីទី៣ ទីតាំងចាក់វ៉ាក់សាំងស្ថិតនៅសាលាបឋមសិក្សាបាក់ទូក មណ្ឌល១។ សង្កាត់អូរឫស្សីទី១ អូរឫស្សីទី៤និងសង្កាត់មិត្តភាព មានទីតាំងនៅ សាលាបឋមសិក្សាបាក់ទូក មណ្ឌល២។ 
 
ចំណែក ខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ទីតាំងចាក់វ៉ាក់សាំងស្ថិតនៅសាលាបឋមសិក្សាច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ នៅវត្តពោធិព្រះបាទ(វត្តច្បារអំពៅ)។ សង្កាត់វាលស្បូវ ស្ថិតនៅសាលាបឋមសិក្សាវាលស្បូវ និងសង្កាត់ព្រែកប្រា នៅអនុវិទ្យាល័យព្រែកប្រាលើ។ សង្កាត់និរោធ មាន៣ទីតាំងដូចជា វិទ្យាល័យច្បារអំពៅ, ទីលានកីឡា បុរី ប៉េង ហួត និងសាលា បឹងឈូកប្រជុំវង្ស។ សង្កាត់ព្រែកឯង មានទីតាំងនៅវិទ្យាល័យព្រែកឯង។ សង្កាត់ក្បាលកោះ មានទីតាំងនៅសាលាបឋមសិក្សាយកបាត្រ និងសង្កាត់ព្រែកថ្មី នៅវីទ្យាល័យព្រែកថ្មី។ 
 
ចំពោះ ទីតាំងខណ្ឌទាំង៣ ដែលមានសង្កាត់ចំនួន២១ និងទីតាំងចាក់វ៉ាក់សាំងចំនួន ២០កន្លែង អាជ្ញាធរមូលដ្ឋាននឹងពិនិត្យមើលបន្ថែមទីតាំងផ្សេងទៅតាមស្ថានភាពជាក់ស្តែង៕
 
 

Tag:
 ថ្មីៗ
  វ៉ាក់សាំងកូវីដ-១៩
  អាយុ១៨ឆ្នាំឡើង
  រដ្ឋបាលរាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com