កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រើសជាតិអេស្ប៉ាញ៖ គ្មាន Ramos ប៉ុន្តែមាន Laporte ក្រោយប្តូរពីបារាំង
24, May 2021 , 5:58 pm        
រូបភាព
ដោយ: ថ្មីៗ
Sergio Ramos ប្រធានក្រុម Real Madrid មិនត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍ Euro 2020 ឡើយ ខណៈ Aymeric Laporte បានស្ថិតក្នុងជម្រើស២៤នាក់របស់លោក Luis Enrique ក្រោយពីខ្សែការពារ Manchester City រូបនេះ បានប្តូរពីជម្រើសជាតិបារាំង។



Ramos ដែលបានជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯកអឺរ៉ុបឆ្នាំ២០០៨ និងឆ្នាំ២០១២ មិនមានឈ្មោះក្នុងបញ្ជីនោះឡើយសម្រាប់យុទ្ធនាការ Euro 2020 ខាងមុខ ក្រោយបញ្ចប់រដូវកាលដ៏ខកចិត្តនៅ Real Madrid។ Sergio Busquets នៃក្លិប Barcelona បានក្លាយជាប្រធានក្រុមជម្រើសជាតិជំនួស។

ជាមួយគ្នានេះ Laporte ដែលកាលពីដើមខែឧសភា បានស្នើសុំប្តូរពីការលេងតំណាងជម្រើសជាតិបារាំង ទៅជម្រើសជាតិអេស្ប៉ាញ ត្រូវបានលោក Enrique កោះហៅក្នុងបញ្ជី២៤នាក់។ Laporte អាយុ៣៥ឆ្នាំ ធ្លាប់លេងឲ្យឈុតយុវជនបារាំង ប៉ុន្តែមិនដែលលេងឲ្យឈុតធំម្តងណានោះឡើយ។

លោក Enrique ដែលជាអតីតគ្រូ Barcelona ក៏បាន​ក្លាយជាគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញដំបូងផងដែរ ដែលជ្រើសរើសកីឡាករសម្រាប់ព្រឹត្តិការណ៍ប្រកួតសំខាន់ ដោយគ្មាន​វត្តមានសមាជិក Real Madrid។

ជម្រើសជាតិអេស្ប៉ាញ៖
អ្នកចាំទី: Unai Simon, David de Gea, Robert Sanchez;
ខ្សែការពារ: Jose Gaya, Jordi Alba, Pau Torres, Aymeric Laporte, Eric Garcia, Diego Llorente, Cesar Azpilicueta, Marcos Llorente;
ខ្សែបម្រើ: Sergio Busquets, Rodri, Pedri, Thiago, Koke, Fabian;
ខ្សែប្រយុទ្ធ: Dani Olmo, Mikel Oyarzabal, Alvaro Morata, Gerard Moreno, Ferran Torres, Adama Traore, Pablo Sarabia៕



© រក្សាសិទ្ធិដោយ thmeythmey.com