COVID-19
អន្តរជាតិ
សិង្ហបុរី អនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តកូវីដ-១៩ ដែលដឹងលទ្ធផលក្នុង១នាទី
25, May 2021 , 8:29 am        
រូបភាព
(ពីឆ្វេងទៅស្តាំ) វេជ្ជបណ្ឌិត  Jia Zhunan_លោក Du Fang និងលោកសាស្រ្តចារ្យFreddy Boey។ រូបភាព៖ NUS
(ពីឆ្វេងទៅស្តាំ) វេជ្ជបណ្ឌិត Jia Zhunan_លោក Du Fang និងលោកសាស្រ្តចារ្យFreddy Boey។ រូបភាព៖ NUS
អាជ្ញាធរវិទ្យាសាស្រ្តសុខាភិបាលសិង្ហបុរី (HSA) បានអនុញ្ញាតបណ្តោះអាសន្ន ឱ្យប្រើប្រាស់ប្រព័ន្ធធ្វើតេស្តតាមខ្យល់ដង្ហើមរកជំងឺកូវីដ-១៩ ។ បច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុក អាចផ្តល់លទ្ធផលធ្វើតេស្ត ត្រឹមតែរយៈពេល ១នាទីប៉ុណ្ណោះ។

 
BreFence Go COVID-19 ជាប្រព័ន្ធធ្វើតេស្តកូវីដ-១៩ តាមខ្យល់ដង្ហើម ដែលត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Breathonix ដែលផ្នែកមួយរបស់សកលវិទ្យាល័យជាតិសិង្ហបុរី (NUS) និងជាបច្ចេកវិទ្យាធ្វើតេស្តកូវីដ-១៩ តាមខ្យល់ដង្ហើមដំបូង ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ននៅសិង្ហបុរី។ 
 
តាមការប្រកាសរបស់សកលវិទ្យាល័យជាតិសិង្ហបុរី និងក្រុមហ៊ុន Breathonix នៅថ្ងៃទី២៤ ខែឧសភា ក្រុមហ៊ុន Breathonix នឹងសហការជាមួយក្រសួងសុខាភិបាលសិង្ហបុរី ដើម្បីធ្វើតេស្តសាកល្បងប្រព័ន្ធធ្វើតេស្តតាមខ្យល់ដង្ហើមនេះ នៅមជ្ឈមណ្ឌលជាតិទប់ស្កាត់ជំងឺឆ្លង និងច្រកត្រួតពិនិត្យ នៅអាកាសយានដ្ឋាន Changi។ ការធ្វើតេស្តតាមរយៈខ្យល់ដង្ហើមនេះ ក៏ត្រូវបានភ្ជាប់ជាមួយឧបករណ៍ធ្វើតេស្តកូវីដ-១៩ លឿនផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។ 
 
ក្រៅពីធ្វើតេស្តនៅសិង្ហបុរី  ក្រុមហ៊ុន Breathonix បានសហការជាមួយអាជ្ញាធរសុខាភិបាលឌូបៃ និងសកលវិទ្យាល័យវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តសុខាភិបាល Mohammed Bin Rashid ដើម្បីធ្វើតេស្តសាកល្បងដែរ។ 
 
ក្នុងសេចក្តីប្រកាសដដែល ក្រុមហ៊ុន Breathonix និង NUS បានបន្តថា BreFence Go COVID-19 ដែលរកឃើញដោយក្រុមអ្នកជំនាញ NUS ផ្ទាល់ អាចពិនិត្យរកជំងឺកូវីដ-១៩ នៅក្នុងខ្លួនមនុស្សបានតាមរយៈ ការពិនិត្យភាគល្អិតៗ ដែលមនុស្សដកដង្ហើមចេញ។ NUS បានបកស្រាយថា ភាគល្អិតក្នុងខ្យល់ដង្ហើមរបស់មនុស្សមានសុខភាពល្អ គឺខុសគ្នាពីអ្នកជំងឺ។ 
 
បច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍចុងក្រោយនេះ មិនតម្រូវឱ្យបណ្តុះបណ្តាលបែបបច្ចេកទេសឡើយ ពោលគឺបែបធម្មតាៗប៉ុណ្ណោះ។ «ការធ្វើតេស្តតាមខ្យល់ដង្ហើម មានភាពសាមញ្ញក្នុងការគ្រប់គ្រង និងមិនចាំបាច់ទាមទារការបណ្តុះបណ្តាលតាមបែបវេជ្ជសាស្រ្ត ឬពិសោធន៍ឡើយ»។ ក្រុមហ៊ុន Breathonix និង NUS បានបន្ថែមបែបនេះ។ 
 
ក្នុងការធ្វើតេស្ត អ្នកដំណើរ ឬមនុស្សម្នាក់ តម្រូវឱ្យផ្លុំខ្យល់ចូលទៅក្នុងឧបករណ៍នោះ ហើយវានឹងវិភាគរកលទ្ធផល ក្នុងរយៈពេល ត្រឹមតែ ១នាទីប៉ុណ្ណោះ។ ខ្យល់ត្រូវផ្លុំដោយប្រើទុយោផ្លាស់ប្ដូរបាននៅក្រោយការប្រើប្រាស់នីមួយៗ។ បន្ទាប់ពីចេញលទ្ធផលវិជ្ជមាន បុគ្គលនោះ នឹងពិនិត្យរកជំងឺកូវីដ-១៩ ម្តងទៀតតាមតេសត្ត PCR ដើម្បីបញ្ជាក់។
 
ឧបករណ៍នេះ ត្រូវរកឃើញដោយវេជ្ជបណ្ឌិត  Jia Zhunan, លោក Du Fang និងលោកសាស្រ្តចារ្យ Freddy Boey នៃសាកលវិទ្យាល័យ NUS ៕
 

Tag:
 កូវីដ-១៩
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com