COVID-19
ជាតិ
អ្នកជាប់ឃុំនិងមន្រី្តពន្ធនាគារជាង៥០នាក់នៅខេត្តកណ្ដាល ឆ្លងកូវីដ-១៩
25, May 2021 , 5:09 pm        
រូបភាព
រូបពីក្រសួងយុត្តិធម៌
រូបពីក្រសួងយុត្តិធម៌
ភ្នំពេញ៖ អ្នកជាប់ឃុំ និងមន្រី្តពន្ធនាគារជាង៥០នាក់នៅខេត្តកណ្ដាល បានឆ្លងកូវីដ-១៩ ។ នេះបើតាមលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ។


លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា តួលេខឆ្លងកូវីដ-១៩ជាង៥០នាក់ គឺជាតួលេខបឋមប៉ុណ្ណោះ ខណៈក្រុមការងារកំពុងបន្តធ្វើតេស្តអ្នកពាក់ព័ន្ធបន្ថែមទៀត។ 
 
«កាលពីថ្ងៃមិញរកឃើញជាង៥០នាក់ ជាអ្នកជាប់ឃុំហើយក៏មានមន្តី្រពន្ធនាគារដែរ។ ចំនួននេះ គឺជាតួលេខបឋមតាមការធ្វើតេស្តដោយឧបករណ៍ធ្វើតេស្តរហ័ស។ ហើយឥឡូវ កំពុងធ្វើតេស្តបន្ត»។ នេះបើតាមអភិបាលរងខេត្តកណ្ដាល ដោយបញ្ជាក់បន្ថែមថា អភិបាលខេត្តនិងក្រុមជំនាញផ្សេងទៀត កំពុងប្រជុំអំពីចំណាត់ការញែកអ្នកជាប់ឃុំនិងវិធាការគ្រប់គ្រងស្ថានការណ៍នេះ។ 
សារព័ត៌មានថ្មីៗ មិនទាន់ទាក់ទងលោក ចាត់ ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ជុំវិញករណីនេះបានឡើយ។
 
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ក្រោយឆ្លងរាលដាលចូលពន្ធនាគារនេះ អង្គភាពលោកបានដាក់ចេញនូវវិធានការផ្ទៃក្នុង ចំនួន១៤ចំណុចបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺនេះ។ បើតាមលោក សវនា វិធានការសំខាន់ៗទាំង១៤ចំណុចនោះ គឺតម្រូវឲ្យធ្វើតេស្តរកកូវីដ-១៩លើអ្នកជាប់ឃុំដែលបញ្ជូនមកថ្មី។ លើសពីនេះ គឺបន្ថែមចំនួនចត្តាឡីស័ក ចាប់ពី១៤ថ្ងៃទៅ២០ថ្ងៃ៕ 
 

Tag:
 ពន្ធនាគារ
  អ្នកជាប់ឃុំ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com