COVID-19
អន្តរជាតិ
វ៉ាក់សាំងកូវីដ-១៩ រាប់លានដូសនៅហុងកុង អាចត្រូវបោះចោល ព្រោះជិតផុតសុពលភាព
25, May 2021 , 8:59 pm        
រូបភាព
មន្រ្តីរដ្ឋាភិបាលហុងកុង នៅថ្ងៃទី២៥ ខែឧសភា បានព្រមានថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាចនឹងបោះចោល ដោយសារមិនសូវមានអ្នកចុះឈ្មោះចាក់វ៉ាក់សាំង ស្របពេលសុពលភាពប្រើប្រាស់ជិតផុត។

 
ហុងកុង ស្ថិតក្នុងចំណោមដែនដី ឬប្រទេសតិចតួចផ្សេងទៀត ដែលមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ ឱ្យប្រជាជនចំនួន ៧,៥ លាននាក់។ ដោយខ្វះទំនុកចិត្តលើរដ្ឋាភិបាល រួមផ្សំទាំងព័ត៌មានមិនពិតលើបណ្តាញអ៊ីនធឺណិត និងខ្វះការជំរុញពីរដ្ឋាភិបាលទីក្រុងផងដែរ ប្រជាជនជាច្រើននាក់ ស្ទាក់ស្ទើរ និងមិនចង់ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ឡើយ។ ពេលនេះ វ៉ាក់សាំងក្រុមហ៊ុន Pfizer ជាច្រើនលានដូស ជិតដល់ថ្ងៃផុតកំណត់ប្រើប្រាស់ហើយ។ 
 
សមាជិកក្រុមការងារវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ហុងកុង បានព្រមានថា សុពលភាពវ៉ាក់សាំងរបស់ Pfizer ដែលស្តុកក្នុងឃ្លាំងនៅសល់ត្រឹមតែ ៣ខែប៉ុណ្ណោះ។ វ៉ាក់សាំងទាំងនេះ ជាវ៉ាក់សាំងជំហានទីមួយដែលហុងកុងទិញពី Pfizer ។ 
 
«វ៉ាក់សាំងទាំងអស់ មានថ្ងៃផុតកំណត់»។ លោក  Thomas Tsang អតីតអ្នកគ្រប់គ្រងមជ្ឈមណ្ឌលសុខាភិបាលហុងកុង បានលើកឡើងបែបនេះប្រាប់វិទ្យុហុងកុង RTHK។ បើតាមលោក Tsang ប្រសិនបើវ៉ាក់សាំងត្រូវផុតកំណត់ ហុងកុង នឹងមិនវ៉ាក់សាំងសម្រាប់ចាក់ទៀតឡើយ ប៉ុន្តែត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ។ ចំណែកមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំង ក៏បញ្ចប់ប្រតិបត្តិការនៅក្រោយខែកញ្ញាខាងមុខផងដែរ។ 
 
ហុងកុង បានទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៧,៥លានដូស ពីក្រុងហ៊ុន Pfizer ដែលសហការផលិតជាមួយក្រុមហ៊ុន BioNTech និង៧,៥លានដូសទៀតវ៉ាក់សាំងក្រុមហ៊ុន Sinovac។ ដែនដីមួយនេះ ក៏បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ផងដែរ ប៉ុន្តែក្រោយមកត្រូវលុបចោលវិញ ដោយអាជ្ញាធរហុងកុង អះអាងថា ទុកលុយទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ជំនាន់ទីពីរនៅឆ្នាំក្រោយ។ 
 
ដោយសារប្រជាជនហុងកុងជាច្រើនលាននាក់ មិនទៅទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ លោក Tsang បានបន្ថែមថា វាមិនត្រឹមត្រូវឡើយ ដែលប្រជាជនហុងកុងព្រងើយកន្តើយ មិនចង់ចាក់វ៉ាក់សាំង ខណៈពេលពិភពលោក កំពុងតែខ្វះខាត។ 
 
មិនត្រឹមតែប្រជាជនប៉ុណ្ណោះទេ ដែលមិនចង់ចាក់វ៉ាក់សាំង សូម្បីតែគ្រូពេទ្យក៏ស្ទាក់ស្ទើរផងដែរ។ អាជ្ញាធរមន្ទីរពេទ្យហុងកុងបានបង្ហាញថា គ្រូពេទ្យចំនួន១ភាគ៣ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងនៅដើមខែឧសភា។ គិតមកទល់ពេលនេះ ប្រជាជនហុងកុង១៩ភាគរយ បានទទួលវ៉ាក់សាំង ១ដូស និង១៤ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។  
 
ដោយមើលឃើញថា វ៉ាក់សាំងនៅសល់ចំនួនច្រើន អ្នកនយោបាយហុងកុង បានស្នើថា វ៉ាក់សាំងដែលមិនទាន់ប្រើគួរតែ បរិច្ចាគទៅបរទេស ឬប្រទេសមួយចំនួន ដែលកំពុងខ្វះខាត។ 
 
កន្លងមក អាជ្ញាធរហុងកុង បានដាក់កាតព្វកិច្ចឱ្យក្រុមហ៊ុនជំរុញបុគ្គលិកពួកគេទៅចាក់វ៉ាក់សាំង ប៉ុន្តែវាបានតែមួយផ្នែកតូចប៉ុណ្ណោះ។ ប្រជាជនហុងកុង បានបាត់បង់ជំនឿលើរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ ២០១៩ ដែលបានបង្រ្កាបលើបាតុកម្មយ៉ាងខ្លាំង រួមទាំងច្បាប់សន្តិសុខជាតិផង។ ជាមួយគ្នាដែរ អត្រាឆ្លងនៅក្នុងទីក្រុងហុងកុងមានកម្រិតទាប ក៏ជាកត្តាជំរុញឱ្យប្រជាជន មិនចង់ទៅចាក់វ៉ាក់សាំងផងដែរ៕
 

Tag:
 ហុងកុង
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com