អន្តរជាតិ
អតីតកីឡាកាស ចន ស៊ីណា សុំទោសចិន ចំពោះការហៅតៃវ៉ាន់ ថាជា«ប្រទេស»
26, May 2021 , 9:39 am        
រូបភាព
លោក ចន ស៊ីណា អតីតកីឡាករចំបាប់ដ៏ល្បី និងជាតារាភាពយន្ត។ រូបភាព៖ AFP
លោក ចន ស៊ីណា អតីតកីឡាករចំបាប់ដ៏ល្បី និងជាតារាភាពយន្ត។ រូបភាព៖ AFP
លោក ចន ស៊ីណា អតីតកីឡាករនៅស្ថាប័ន WWE ដ៏ល្បី និងជាតារាភាពយន្តផងនោះ បានចេញមុខសុំទោសប្រជាជនចិនដោយផ្ទាល់ បន្ទាប់ពីបានហៅតៃវ៉ាន់ជាប្រទេស។

 
ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ TVBS ដែលចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា លោកចន ស៊ីណា បានអះអាងថា តៃវ៉ាន់ គឺជាប្រទេសដំបូង ដែលអាចទស្សនាភាពយន្ត Fast and Furious 9 បានមុនគេ។ ការលើកឡើងបែបនេះ ធ្វើឱ្យប្រជាជនចិនរិះគន់យ៉ាងខ្លាំង។ ស៊ីណា ក៏បានចេញមុខសុំទោសចំពោះកំហុសរបស់ខ្លួន។ 
 
«ខ្ញុំពិតជាសំទោសចំពោះកំហុសរបស់ខ្ញុំ»។ លោក ចន ស៊ីណា បានថ្លែងបែបនេះជាភាសាចិននៅក្នុងវីដេអូមួយ ដែលបានបង្ហោះក្នុងបណ្តាញសង្គម Weibo នៅក្នុងថ្ងៃដដែលនោះ។
 
បើទោះចេញវីដេអូសំទោសក្តី អ្នកប្រើបណ្តាញសង្គម Weibo មួយចំនួន មិនអស់ចិត្តឡើយ និងទាមទារតារាភាពយន្តរូបនេះ ចេញមុខនិយាយលើសពីនេះ ខណៈគណនីផ្សេងទៀតទទួលយកពាក្យសុំទោស។ «សូមនិយាយថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន បើមិនដូច្នេះទេ យើងមិនទទួលពាក្យសុំទោសឡើយ»។ គណនីមួយលើ Weibo បានសរសេរបែបនេះ។ គណនីផ្សេងទៀត សរសេរ លោកពិតជាចូលចិត្តចិនមែន និងបានទទួលស្គាល់កំហុស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ 
 
គួរបញ្ជាក់ថា តាមរយៈគោលនយោបាយចិនតែមួយ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកដែនកោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ខ្លួន បើទោះបីរដ្ឋាភិបាលក្រុងតៃប៉ិបង្ហាញពីឯករាជ្យភាពរបស់ខ្លួននៅចំពោះមុនចិនក៏ដោយ។ កន្លងមក ថ្នាក់ដឹកនាំចិន ព្រមានជាញឹកញាប់ថា ចិន អាចនឹងវាយសង្គុ្របលើដែនកោះនេះ បើសិនបើស្ថិតក្នុងករណីចាំបាច់៕
 

Tag:
 ចិន
  តៃវ៉ាន់
  ចន ស៊ីណា
© រក្សាសិទ្ធិដោយ thmeythmey.com