COVID-19
ជាតិ
អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល កើនឡើង១០៦នាក់ ដែលឆ្លងកូវីដ-១៩
26, May 2021 , 11:21 am        
រូបភាព
មន្ត្រីជំនាញបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងបន្ទប់ពន្ធនាគារខេត្តកណ្ដាល កាលពីឆ្នាំ២០២០កន្លងមក (រូបពីហ្វេសប៊ុកពន្ធនាគារខេត្តកណ្ដាល)
មន្ត្រីជំនាញបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងបន្ទប់ពន្ធនាគារខេត្តកណ្ដាល កាលពីឆ្នាំ២០២០កន្លងមក (រូបពីហ្វេសប៊ុកពន្ធនាគារខេត្តកណ្ដាល)
ភ្នំពេញ៖ អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល បានឆ្លងកូវីដ-១៩ កើនឡើងដល់១០៦នាក់ហើយនៅថ្ងៃទី២៦ ឧសភា។ នេះបើតាមលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ។



លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា អ្នកឆ្លងទាំង១០៦នាក់នេះ គឺមានមន្ត្រីពន្ធនាគារ៣នាក់ ក្រៅពីនេះ គឺជាពិរុទ្ធជន និងទណ្ឌិត។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលរងខេត្តកណ្ដាលរូបនេះ បញ្ជាក់ថា រដ្ឋបាលខេត្តមិនទាន់មានយន្តការជម្លៀសអ្នកជាប់ឃុំ ឬអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំបណ្ដោះអាសន្នឡើយ ខណៈអាជ្ញាធរកំពុងពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ តាមយន្តការរបស់ក្រសួងសុខាភិបាល។
 
លោក នូវប៉េង ច័ន្ទតារា មិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងពន្ធនាគារនេះឡើយ ស្របពេលមន្ត្រីជំនាញកំពុងស្រាវជ្រាវ និងធ្វើតេស្តលើអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។
 
ជុំវិញករណីនេះលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ថា ស្ថានភាពនៅក្នុងពន្ធនាគារនេះ គឺអាចគ្រប់គ្រងបាន ។ ដោយឡែកការជម្លៀស ឬអនុញ្ញាតឱ្យអ្នកទោសនៅក្រៅឃុំនោះ លោក ស៊ីនាង ក៏មិនទាន់ហ៊ានអារកាត់ដែរ ព្រោះមិនទាន់មានបញ្ជាពីថ្នាក់លើ។
 
ចំណែកលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៥ ឧសភាថា ក្រោយឆ្លងរាលដាលចូលពន្ធនាគារនេះ អង្គភាពលោកបានដាក់ចេញនូវវិធានការផ្ទៃក្នុង ចំនួន១៤ចំណុចបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺនេះ។ បើតាមលោក សវនា វិធានការសំខាន់ៗទាំង១៤ចំណុចនោះ គឺតម្រូវឲ្យធ្វើតេស្តរកកូវីដ-១៩លើអ្នកជាប់ឃុំដែលបញ្ជូនមកថ្មី។ លើសពីនេះ គឺបន្ថែមចំនួនចត្តាឡីស័ក ចាប់ពី១៤ថ្ងៃទៅ២០ថ្ងៃ។ ប៉ុន្តែយន្តការអនុញ្ញាតឱ្យអ្នកទោសនៅក្រៅឃុំសិននោះ គឺមិនទាន់មានទេ។
 
សារព័ត៌មានថ្មីៗ បានព្យាយាមទាក់ទងលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ជាបន្ទបន្ទាប់ដែរ ដើម្បីសាកសួរពីករណីគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ នៅពន្ធនាគារ ឬយន្តការនានា ដើម្បីសុវត្ថិភាពអ្នកជាប់ឃុំ ប៉ុន្តែនៅតែទាក់ទងមិនទាន់បាន។
 
ក្រៅពីអ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ១០៦នាក់ ឆ្លងកូវីដ-១៩ នេះ ក៏មានអ្នកជាប់ឃុំនៅខេត្តព្រះសីហនុ ៣៤នាក់ និងភ្នំពេញ១៨នាក់ (រួមទាំងមន្ត្រីពន្ធនាគារ) កើតជំងឺសាហាវនេះដែរ។ នេះបើតាមការបញ្ជាក់របស់លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី២១ ឧសភា៕

Tag:
 អ្នកទោស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com