ជាតិ
សុខភាព
កូវីដ-១៩៖ ៦០ករណីថ្មី​នៅបន្ទាយមានជ័យ ភាគច្រើនជាអ្នកក្រុង​ប៉ោយប៉ែត
26, May 2021 , 3:32 pm        
រូបភាព
រដ្ឋបាលខេត្តសៀមរាប កោះកុង ព្រៃវែង  និងកំពង់ស្ពឺ បន្តរកឃើញអ្នកជំងឺកូវីដ-១៩ សរុប៥៣នាក់ទៀត ដោយក្នុងនោះសៀមរាប មាន៣នាក់, កំពង់ស្ពឺមាន១៣, កោះកុង មាន១៥នាក់ និងព្រៃវែងមាន២២នាក់។ ចំពោះអ្នកជំងឺកូវីដ-១៩ប្រចាំថ្ងៃទី២៥ឧសភា របស់ខេត្តទាំងបួននេះ គឺមានអាយុពី៣ខែ រហូតដល់ ៧៣ឆ្នាំ។ តាកែវ ស្វាយរៀង ​បាត់ដំបង បន្ទាយមានជ័យ ក៏បាន​ចេញផ្សាយ​របាយការណ៍ជាបន្តបន្ទាប់ផងដែរ។

 
ព្រៃវែង៖ ២២នាក់ ដោយ៥នាក់ជាពលករពីថៃ
ខេត្តព្រៃវែង ក៏ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀត ផងដែរ។ ក្នុងនោះ មាន៥នាក់ ជាពលករមកពីថៃ និងមាន២នាក់ជាពលរដ្ឋទើបត្រលប់មកពីភ្នំពេញ។ ក្រៅពីនេះ គឺជាពលរដ្ឋរស់នៅក្នុងស្រុកព្រះស្តេច មាន៥នាក់, ស្រុកពារាំង មាន៨នាក់, ស្រុកពាមជរ មាន២នាក់, ស្រុកបាភ្នំម្នាក់ និងស្រុកស៊ីធរកណ្តាលក៏មានម្នាក់ ដែរ។ 
 
ការរកឃើញអ្នកឆ្លងកូវីដ-១៩បន្ថែម២២នាក់នេះ បានធ្វើឱ្យខេត្តព្រៃវែងកើននូវអ្នកជំងឺកូវីដ-១៩ដល់៣០៥នាក់ ដោយក្នុងនោះ មាន១៤៣នាក់ បានជាសះស្បើយ និង១៥៨នាក់កំពុងព្យាបាល ខណៈមនុស្ស៤នាក់ បានបាត់បង់ជីវិតដោយសារតែជំងឺនេះ។ 
 
កោះកុង៖ ១៥ករណី ដែលសុទ្ធតែជាអ្នកស្រុកស្រែអំបិល
អ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១៥នាក់ របស់ខេត្តកោះកុង គឺសុទ្ធសឹងជាពលរដ្ឋមានអាសយដ្ឋាននៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ 
 
កំពង់ស្ពឺ៖ ១៣នាក់ ភាគច្រើននៅសំរោងទង
រដ្ឋបាលខេត្តកំពង់ស្ពឺប្រកាសពីការតេស្តវិជ្ជមាន១៣នាក់ទៀត។ នៅស្រុកសំរោងទងមាន ៦នាក់, ស្រុកឧដុង្គ២នាក់, ស្រុកថ្ពង ២នាក់, ស្រុកបសេដ្ឋ១នាក់ និងក្រុងច្បារមន១ ខណៈអ្នកជំងឺកូវីដ-១៩ ១ទៀត ជាពលរដ្ឋធ្វើដំណើរមកពីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 
 
សៀមរាប៖ ៣ករណី ដោយ២នាក់ទៅពីភ្នំពេញ
 
 ខេត្តសៀមរាបដែលមានមនុស្ស៣នាក់ទៀតឆ្លងកូវីដ-១៩ ដែរនោះ មាន២នាក់ ជាអ្នកដំណើរ មកពីខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈម្នាក់ទៀត ជាពលរដ្ឋរស់នៅក្នុងភូមិក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង។
 
តាកែវ​៖ ឆ្លង​ថ្មី​៣៧​នាក់ ភាគច្រើន​ជា​កម្មករ
 
​រដ្ឋបាល​ខេត្តតាកែវ បន្ត​រកឃើញ​អ្អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៧​នាក់​ទៀត ភាគច្រើន​ជា​កម្មករ​រោងចក្រ​សាន់​បូរ និង​៨​នាក់​ជា​ពលករ​មកពី​ប្រទេស​ថៃ​។ បើតាម​រដ្ឋបាល​ខេត្តតាកែវ ក្នុងចំណោម​មនុស្ស​៣៧​នាក់​នេះ មាន​ពលរដ្ឋ ២២​នាក់ មាន​អាសយដ្ឋាន​នៅ​ស្រុក​បាទី ,​ស្រុក​សំរោង ស្រុក​កោះអណ្ដែត និង​ស្រុក​ទ្រាំង​រកឃើញ​៤​នាក់​រៀងខ្លួន ខណៈ​ស្រុក​ជុំ​គិរី ស្រុក​ដូន​កែវ​១​នាក់ និង​ស្រុក​ព្រៃកប្បាស ក៏មាន​១​នាក់​រៀងខ្លួន​ដែរ​។​
 
​ស្វាយរៀង​៖ រកឃើញ​២១​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​
​រដ្ឋបាលខេត្ត​ស្វាយរៀង បន្ត​រកឃើញ​មនុស្ស​២១​នាក់ មាន​វិជ្ជមាន​កូ​វីដ​-១៩ ភាគច្រើន​អ្នក​ធ្លាប់​ប៉ះពាល់​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩​។ បើតាម​រដ្ឋបាលខេត្ត មនុស្ស​ទាំង​២១​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ១៨​នាក់​, មណ្ឌល​សុខភាព​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បាវិត​២​នាក់ និង​មន្ទីរពេទ្យបង្អែក​ស្វាយជ្រុំ​១​នាក់​។​
 
​បាត់ដំបង​៖ រកឃើញ​១៣​នាក់ ភាគច្រើន​ជា​ពលករ​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​


 ​រដ្ឋបាលខេត្ត​បាត់ដំបង រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ១៣​នាក់​ទៀត ក្នុងនោះ​១០​នាក់ ជា​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ និង​៣​នាក់​បានធ្វើ​ដំណើរ​ទៅ​ពី​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​សរុប ១៦៨​នាក់ អ្នកជា​សះស្បើយ ៦០​នាក់ និង​១​ករណី​ស្លាប់​។ កាលពី​ថ្ងៃទី​២៥ ឧសភា រដ្ឋបាលខេត្ត​បាត់ដំបង ក៏បាន​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន ផ្ទះ​ចំនួន​២​ខ្នង ស្ថិតនៅ​ក្រុមទី​២៦ ភូមិ​វត្ត​លៀប ស​ង្តា​ត់​ចំការ​សំរោង  និង​ទីតាំង​ផ្ទះ​ចំនួន​២​ខ្នង​ទៀត នៅ​ក្រុមទី​៤ និង​ក្រុមទី​៤០ ភូមិ​ដាំ​ស្ពៃ ស​ង្តា​ត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ 
 
រដ្ឋបាលខេត្តនីមួយៗ បន្តអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ សូមរួសរាន់មកធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័ក១៤ថ្ងៃឱ្យបានត្រឹមត្រូវ។ 

បន្ទាយមានជ័យ៖ ឆ្លងថ្មី៦០នាក់ ភាគច្រើននៅក្រុងប៉ោយប៉ែត ខណៈអ្នកសះស្បើយមាន៩៤នាក់

បន្ទាយមានជ័យ បន្តឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦០ករណីទៀត ក្នុងនោះ មាន៤៧ករណី ជាអ្នកមានអាសយដ្ឋានរស់នៅក្រុងប៉ោយប៉ែត។ ក្រៅពីនេះ ស្រុកព្រះនេត្រព្រះមាន៣ករណី, ស្រុកស្វាយចេកមាន ៣ករណី, ស្រុកអូរជ្រៅមាន២ករណី, ស្រុកភ្នំស្រុកមាន២ករណី, ស្រុកថ្មពួកមាន១ករណី និងក្រុងសិរីសោភ័ណមាន២ករណីផងដែរ។

ក្នុងចំណោមមនុស្ស៦០នាក់ដែលឆ្លងកូវីដ-១៩នេះ មាន៤៧នាក់ ទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយឧបករណ៍ធ្វើតេស្តរហ័ស( Rapid Test) និង១៣នាក់ទៀត ទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស័្ទរកម្ពុជា។  រដ្ឋបាលខេត្តនេះបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ទាំងនេះ គឺជាពលករមកពីប្រទេសថៃ, កម្មករ, បុគ្គលិកសហគ្រាស និងអ្នកលក់បាយជាដើម។

ក្នុងថ្ងៃទី២៦ឧសភា ឆ្នាំ២០២១ ក្រៅពីរកឃើញករណីឆ្លងថ្មីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ប្រកាសដំណឹងល្អដែលមានមនុស្ស៩៤នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩វិញ ផងដែរ៕

 
​របាយការណ៍​ទូទាំងប្រទេស​
​គិត​មក​ពេលនេះ​កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២៦ ៩៨៩​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន ១៩ ៧៧២​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ ១៩០​នាក់​៕

Tag:
 សៀមរាប
  កោះកុង
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com