ជាតិ
មន្ត្រីយុត្តិធម៌៖ ការដោះលែងអ្នកជាប់ឃុំ ដើម្បីដោះស្រាយការឆ្លងកូវីដ-១៩ នឹងប៉ះពាល់សន្តិសុខមូលដ្ឋាន
26, May 2021 , 4:42 pm        
រូបភាព
ភ្នំពេញ៖ សង្គមស៊ីវិលជាតិនិងអន្តរជាតិ អំពាវនាវឲ្យកម្ពុជា ដោះលែងអ្នកជាប់ឃុំ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពិសេសអ្នកអនុវត្តទោសជិតចប់សាលក្រម និងកំពុងរង់ចាំការកាត់ទោស ដើម្បីទប់ស្កាត់ភាពចង្អៀតណែន និងការរាលដាលកូវីដ-១៩ កាន់តែច្រើនឡើង។ ប៉ុន្តែលោក​​ ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា មិនអាចដោះលែងបែបនេះទេ ព្រោះវានឹងបង្កផលប៉ះពាល់ដល់សន្តិសុខមូលដ្ឋាន។

 

 
លោក ជិន ម៉ាលីន បានបញ្ជាក់ថា កម្ពុជាមិនអាចដោះលែងអ្នកទោស ដោយគ្មានហេតុផល ឬតាមការស្នើសុំណាមួយឡើយ។ ចំពោះករណីឆ្លងកូវីដ-១៩ចូលពន្ធនាគារនេះវិញ លោក ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា អគ្គនាយកដ្ឋានពន្ធនាគារ មានវិធានការដោះស្រាយនិងគ្រប់គ្រងរួចហើយ ដោយមិនចាំបាច់ដោះលែងអ្នកជាប់ឃុំ តាមការស្នើសុំណាមួយនោះទេ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ អះអាងថា៖ «ការដោះលែងអ្នកជាប់ឃុំដូចដែលអង្គការសង្គមស៊ីវិលលើកឡើង មិនមែនជាការដោះស្រាយបញ្ហាកូវីដ-១៩នៅពន្ធនាគារទេ។ ប៉ុន្តែវាទៅជា ប៉ះពាល់ទៅដល់កត្តាសុវត្ថិភាពភូមិឃុំ ពាក់ព័ន្ធនឹងកត្ដាសន្តិសុខវិញ»។ 
 
ការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជានេះ គឺឆ្លើយតបនឹងអង្គការលើកលែងទោសអន្តជាតិ(Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) ដែលបានចេញសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី២៣ឧសភា ដែលអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ ដើម្បីការពារសិទ្ធិសុខុមាលភាពរបស់អ្នកជាប់ឃុំនិងមន្រី្តពន្ធានាគារ។ 
 
«យើងអំពាវនាវឲ្យតុលាការនិងអាជ្ញាធរពិនិត្យសំណុំរឿងក្នុងពន្ធនាគារទាំង២៨នៅទូទាំងប្រទេស ដោយអនុវត្តដូចករណីនៅពន្ធនាគារខេត្តព្រះសីហនុ ដែលបានឈានទៅដោះលែងអ្នកជាប់ឃុំប្រមាណ១០០នាក់ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ អាជ្ញាធរកម្ពុជា ក៏គួរតែដោះលែងអ្នកជាប់ឃុំបណ្តោះអាសន្នដែលកំពុងរង់ចាំកាត់ទោស ចេញពីពន្ធនាគានៅទូទាំងប្រទេសផងដែរ»។ នេះបើតាមសេចក្ដីថ្លែងការរបស់អង្គការទាំងពីរ ដោយបន្ថែមថា អ្នកជាប់ឃុំ ៣៥ភាគរយ នៃអ្នកជាប់ឃុំសរុប៣៩,០០០នាក់ ក្នុងពន្ធនាគារកម្ពុជា គឺជាអ្នកជាប់ឃុំបណ្តោះអាសន្ន សម្រាប់រង់ចាំឡើងសវនាការកាត់ទោស។
 
លោក អំ សំអាត ក៏យល់ឃើញដូចអង្គការអន្តរជាតិទាំងពីរខាងលើដែរថា តុលាការ គួរពិនិត្យមើលស្ថានភាពជាក់ស្តែង អំពីអ្នកទោស ដែលអាចអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយលើកលែងទោសដល់ទណ្ឌិត ដែលបានអនុវត្តទោសជិតចប់ ដើម្បីធនាសុវត្ថិភាពពួកគេ។ 
 
បើតាមនាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូរូបនេះ ក្នុងពន្ធនាគារនីមួយៗ មានភាពចង្អៀតណែន និងមានហានិភ័យខ្ពស់ ដែលងាយស្រួលឆ្លងជំងឺកូវីដ-១៩ បើសិនមិនបង្កើនយន្តការការពារ និងការទប់ស្កាត់បន្ថែមទៀត។ 
 
ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅអំឡុងពេលឆ្លងកូវីដ-១៩ ចូលពន្ធនាគារនេះ មន្ត្រីជាន់ខ្ពស់លីកាដូរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាវិធានការមួយ ដែលអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។ ដើម្បីអាចកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារមានដូចជា ការមិនឃុំខ្លួនចំពោះបទល្មើសណា ដែលមិនគួរឃុំខ្លួន ការព្យួរទោស និង ការអនុវត្តទោសសហគមន៍ជាដើម»។  
 
តែយ៉ាងលោក ជិន ម៉ាលីន ព្យាយាមពន្យល់វិញថា ការលើកលែងទោស ឬបន្ធូរបន្ថយទោស គឺមានតែក្នុងពិធីបុណ្យសំខាន់ៗនៅកម្ពុជាប៉ុណ្ណោះ។ ចំពោះការអនុញ្ញាតឱ្យអ្នកណាម្នាក់នៅក្រៅឃុំ គឺអាស្រ័យលើយន្តការដោះស្រាយការកកស្ទះសំណុំរឿង។ 
 
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានពន្យល់ថា៖ «យន្តការដោះស្រាយការកកស្ទះសំណុំរឿងនេះ ក្រៅពីពន្លឿននីតិវិធីហើយ ក៏អនុវត្តគោលការណ៍ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ចំពោះបទល្មើសស្រាល បទមជ្ឈឹម រួមទាំងផ្អែកលើគោលការណ៍មនុស្សធម៌ ពិសេសស្រី្ត ជនចាស់ជរា កុមារជាដើម។ យើងបានអនុវត្តជាហូរហែរួចមកហើយ»។ 
សារព័ត៌មានថ្មីៗ បានព្យាយាមទាក់ទងលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ជាបន្តបន្ទាប់ដែរ ដើម្បីសាកសួរពីករណីគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ នៅពន្ធនាគារ ឬយន្តការនានា ដើម្បីសុវត្ថិភាពអ្នកជាប់ឃុំ ប៉ុន្តែនៅតែទាក់ទងមិនទាន់បាន។
 
ដោយឡែកលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកពន្ធនាគារ បានបញ្ជាក់ថា ក្រោយឆ្លងរាលដាលកូវីដ-១៩ចូលពន្ធនាគារ ខាងអគ្គនាយកដ្ឋានលោក បានដាក់ចេញវិធានការផ្ទៃក្នុង ចំនួន១៤ចំណុចបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺនេះ។
 
 «វិធានការសំខាន់ៗទាំង១៤ចំណុចនោះ គឺតម្រូវឲ្យធ្វើតេស្តរកកូវីដ-១៩ លើអ្នកជាប់ឃុំដែលបញ្ជូនមកថ្មី។ ហើយយើងក៏បន្ថែមចំនួនចត្តាឡីស័ក ចាប់ពី១៤ថ្ងៃទៅ២០ថ្ងៃ។ ប៉ុន្តែយន្តការអនុញ្ញាតឱ្យអ្នកទោសនៅក្រៅឃុំសិន ដូចការស្នើរបស់អង្គការផ្សេងនោះ យើងមិនទាន់មានទេ»។ នេះបើតាមលោក នុត សវនា ដែលបានប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៥ ឧសភា ថា អ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់ ក្នុងនោះអ្នករង់ចាំឡើងសវនាការ ប្រមាណ២៦ភាគរយ។ 
 
បើតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ បច្ចុប្បន្នកម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ នៅទូទាំងប្រទេស ដោយក្នុងនោះ ស្ត្រីមានជាង២,៥ពាន់នាក់។ ទោះបីថ្នាក់ដឹកនាំពន្ធនាគារ បានណែនាំឲ្យអ្នកជាប់ឃុំ អនុវត្តវិធានការអនាម័យ ដូចជា ការលាងដៃដោយសាប៊ូ ជែល ឬអាល់កុល រួមទាំងការពាក់ម៉ាស់ការពារក្តី។ ប៉ុន្តែការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ក្នុងពន្ធនាគារ មិនទាន់អាចធ្វើបានឡើយ ដោយសារពន្ធនាគារមានភាពចង្អៀតណែន។  រដ្ឋាភិបាល ក៏ទទួលស្គាល់ថា ពន្ធនាគារនៅកម្ពុជា ពិតជាចង្អៀតណែនមែន ។ រដ្ឋាភិបាល កំពុងដោះស្រាយបញ្ហានេះ។
 
ការឆ្លងកូវីដ-១៩ចូលពន្ធនាគារ មិនមែនមាននៅតែកម្ពុជានោះទេ។ ជាក់ស្ដែងនៅប្រទេសថៃ ក៏មានអ្នកជាប់ឃុំជាង១ម៉ឺននាក់ បានឆ្លងកូវីដ-១៩ រហូតដល់រដ្ឋាភិបាលថៃ មានគម្រោងដោះលែងអ្នកជាប់ឃុំផងដែរ។ រដ្ឋាភិបាលថៃ នឹងដោះលែងអ្នកជាប់ឃុំជាបណ្ដោះអាសន្ន ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារភាពចង្អៀតណែន និងទប់ស្កាត់កូវីដ-១៩ក្នុងពន្ធនាគារ។ 
Reuters បានស្រង់សម្តីលោក Somsak Thepsuthin រដ្ឋមន្ត្រីយុត្តិធម៌ថៃ ដូច្នេះថា៖ «យើងមិនបណ្ដោយឲ្យអ្នកជាប់ឃុំឆ្លងកូវីដ-១៩ ចេញក្រៅឃុំនោះទេ ហើយពួកគេនឹងត្រូវធ្វើតេស្តមុនពេលដោះលែង។ ការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ នឹងត្រូវធ្វើឡើងដោយភាពត្រឹមត្រូវយុត្តិធម៌»៕
 

Tag:
 ពន្ធនាគារ
  អ្នកជាប់ឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com