អន្តរជាតិ
ជំងឺ​កូវីដ១៩​បាន​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ការ​លុបបំបាត់​ជំងឺ​ត្រូពិច​ដែលមិន​​ត្រូវ​បាន​គេ​អើពើ
26, May 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ អ្នកស្រាវជ្រាវ​លោក Hamid Darba ធ្វើការ​នៅ​វិទ្យាស្ថាន Karolinska ក្នុង​ទីក្រុង Stockholm ដើម្បី​សិក្សា​លើ​វ៉ាក់សាំង​ថ្មី​មួយ​ដែល​អាច​បង្ការ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីត​​ដ៏សាហាវ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៥។
រូបឯកសារ៖ អ្នកស្រាវជ្រាវ​លោក Hamid Darba ធ្វើការ​នៅ​វិទ្យាស្ថាន Karolinska ក្នុង​ទីក្រុង Stockholm ដើម្បី​សិក្សា​លើ​វ៉ាក់សាំង​ថ្មី​មួយ​ដែល​អាច​បង្ការ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីត​​ដ៏សាហាវ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៥។
ដោយ: VOA
អង្គការ​សុខភាព​ពិភពលោក​ WHO ​បាន​រាយការណ៍​ថា​ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ បាន​ប៉ះពាល់​ដល់​ការ​វិវត្តន៍​នៃ​កិច្ចប្រឹង​ប្រែង​ជាច្រើន​ឆ្នាំ​ដើម្បីលុប​បំបាត់​ជំងឺ​ត្រូពិចដែល​មិន​ត្រូវ​បាន​គេ​អើពើ។ ជំងឺ​ត្រូពិច​ទាំង​នេះ​ រួម​មាន​ជំងឺ​ទាំង២០​ប្រភេទ ​ដែល​ប៉ះពាល់​ដល់​សហគមន៍​ក្រីក្រ​នានា​នៅ​តំបន់​ត្រូពិច។

 
ជំងឺ​ត្រូពិច​ដែល​ត្រូវ​បាន​គេ​ធ្វេសប្រហែស​ឬ​ហៅ​កាត់​ថា​ NTD ​បាន​ប៉ះ​ពាល់​ដល់​មនុស្ស​១,៧ពាន់លាន​នាក់​នៅ​ទូទាំង​សាកលលោក។ ក្នុង​ចំណោម​អ្នក​រង​ផល​ប៉ះ​ពាល់​ទាំង​នេះ​ ៤០​ភាគរយ​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​ ដែល​ជា​ទ្វីប​មាន​ប្រទេស​ចំនួន១០​មាន​ផ្ទុក​ជំងឺ​នេះ​ខ្លាំង​ជាង​គេ​បំផុត​នៅ​ទូទាំង​ពិភពលោក។
 
ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ អង្គការ​សុខភាព​ពិភព​លោក​បាន​រាយការណ៍​ពី​ការ​វិវត្តន៍​យ៉ាង​ខ្លាំង​នៃ​ការ​ព្យាបាល​ជំងឺ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ និង​ ជំងឺ​បង្ក​ឲ្យ​មាន​ពិការភាព​ទាំង​នេះ។ អង្គការ​សុខភាព​ពិភពលោក​កត់​សម្គាល់​ឃើញ​ថា​ ប្រទេស​ចំនួន​៤២​ នៅ​ជុំវិញ​ពិភព​លោក​បាន​លុប​បំបាត់​យ៉ាង​ហោច​ណាស់​មួយ​ប្រភេទ​នៃ​ជំងឺ​ទាំង​នេះ។
 
យ៉ាងណាក្ដី​ អ្នក​ស្រី​ Mwelecele Malecela​ ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ​ត្រូពិច​ដែល​ត្រូវ​បាន​គេ​ធ្វេសប្រហែស​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ថា​ អ្នកស្រី​មាន​ការ​បារម្ភ​ថា​ កិច្ច​ប្រឹងប្រែង​ទាំង​នោះ​មិន​អាច​ធ្វើ​ទៅ​បាន​ ដោយ​សារ​តែ​ផល​ប៉ះពាល់​អវិជ្ជមាន​បង្ក​ដោយ​ជំងឺ​កូវីដ​១៩។
 
អ្នក​ស្រី​និយាយ​ថា​ ជំងឺ​រាតត្បាត​សាកល​បាន​បង្ក​នូវ​ការ​រំខាន​ និង​ធ្វើ​ឲ្យ​យឺត​យាវ​ដល់​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ទាំង​នេះ។ យុទ្ធនាការ​ព្យាបាល​ធំៗ​ជា​ច្រើន​ ការ​ស្ទង់​មតិ​នានា​នៅ​តំបន់​រង​ផល​ប៉ះពាល់​ និង​ការ​ដឹក​ជញ្ជូន​ ក៏​ដូច​ជា​ការ​ចែក​ចាយថ្នាំ​សង្កូវ​ក៏​រង​ការ​រំខាន​ផង​ដែរ។
 
អ្នក​ស្រី​មាន​ប្រសាសន៍​ដូច្នេះ​ថា៖«​កិច្ច​ប្រឹងប្រែង​ទាំងអស់​ដែល​បាន​ធ្វើ​ដើម្បី​គ្រប់​គ្រង​ជំងឺ​ត្រូពិច​ដែល​មិន​ត្រូវ​បាន​គេអើពើ​ដើម្បី​លុប​បំបាត់​ជំងឺ​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​នានា​ដែល​រង​ប៉ះពាល់​ខ្លាំង​ជាង​គេ ​ នឹង​ត្រូវ​ធ្លាក់​ចុះ​ ប្រសិន​បើ​មិន​រក្សា​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ការ​ផ្តោត​ទៅ​លើ​ការ​ឃ្លាំ​មើល​ ការ​បន្ត​កិច្ច​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​មួយចំនួន​ដែល​ជិត​សម្រេច​បាន​នូវ​ការ​លុប​បំបាត់​ជំងឺ​ទាំង​នោះ»។
 
អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា​ជំងឺ​ប៉ារ៉ាស៊ីត​ដែល​ឆ្លង​ពី​ដង្កូវ​ហ្គីណេ​ ស្ថិត​ក្នុង​ចំណុច​មួយ​ឈាន​ទៅ​រក​ការ​លុប​បំបាត់​ទាំង​ស្រុង​ ដោយ​ក្នុង​នោះ​មាន​ករណី​ឆ្លង​ជំងឺ​នេះ​តែ​២៧​ករណី​ប៉ុណ្ណោះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​ចំនួន៥​នៅ​ទ្វីប​អាហ្វ្រិក​ កាល​ពី​ឆ្នាំ​មុន។ កាល​ពី​ឆ្នាំ​១៩៨៦​ មនុស្ស​ចំនួន​៣លាន៥សែន​នាក់​ក្នុង​ប្រទេស​ចំនួន២១​ក្នុង​ទ្វីប​អាហ្វ្រិក​និង​អាស៊ី​បាន​ឆ្លង​ជំងឺ​នេះ​ជា​រៀង​រាល់​ឆ្នាំ។
 
អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ជំងឺ​ឆ្លង​រ៉ាំរ៉ៃ​ឈ្មោះ​ Yaws ​ដែល​ជា​ជំងឺ​ឆ្លង​លើ ​ស្បែក​រ៉ាំរ៉ៃ​ គឺ​ជា​ជំងឺ​ដែល​អាច​លុប​បំបាត់​បាន​នៅ​ក្នុង​ឧបទ្វីប​ឥណ្ឌា។
 
អ្នកស្រី​ Malecela ក៏​បាន​លើក​ឡើង​នូវ​រឿងរ៉ាវ​ជោគជ័យ​មួយ​ចំនួន​ដោយ​អ្នក​ស្រី​ថ្លែង​ដូច្នេះ​ថា៖ «ពាក់ព័ន្ធ​នឹង​ការ​លុប​បំបាត់​ជំងឺ​រលាក​ភ្នែក​ យើង​ឃើញ​មាន​នៅ​ប្រទេស​ម៉ារ៉ុក​ និងហ្គាណា​ ហើយ​នា​ពេល​ថ្មីៗ​នេះ​ នៅ​ប្រទេស​ហ្គំប៊ី។ យើង​បាន​លុប​បំបាត់​ជំងឺ​ហើម​ស្បែក​ឡាំ​ហ្វាទិក Lymphatic ​នៅ​ប្រទេស​តូហ្គោម៉ាឡាវី​ និង​ប្រទេស​យេម៉ែន​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្រៅ​ទ្វីប​អាហ្វ្រិក។ យើង​បាន​លុប​បំបាត់​ជំងឺ​ហើម​ស្បែក​ឡាំ​ហ្វាទិក Lymphatic ​ នេះ​ទាំង​លំបាក​ ប៉ុន្តែ​ពួក​គេ​អាច​ជម្នះ​វា​បាន​ ហើយ​នោះ​គឺ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ»។
 
កាល​ពី​ចុង​ខែ​មករា​ អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​ចេញ​នូវ​គោលដៅ​ថ្មី​មួយ​ ក្នុង​គោលបំណង​ជំរុញ​ការ​វិវត្តន៍​នេះ ​ឆ្ពោះ​ទៅ​រក​ពិភពលោក​មួយ​ដែល​គ្មាន​ជំងឺ​ ត្រូពិចឬ NTD ​នៅ​ត្រឹម​ឆ្នាំ​២០៣០។ ក្រុម​មន្ត្រី​សុខាភិបាល​ចាត់​ទុក​គោលដៅ​ថ្មី​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធានាឲ្យ​បាន​ថា​ប្រទេស​នានា​នឹង​ស្ដារ​ឡើង​វិញ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​បន្ទាប់​ពី​ឆ្លង​ផុត​វិបត្តិ​ជំងឺ​កូវីដ១៩​ តាម​រយៈ​ការ​ផ្តោត​លើ​ការ​បង្កើត​ប្រព័ន្ធ​សុខាភិបាល​ដែល​មាន​ភាពធន់​ និង​រឹងមាំ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com