COVID-19
ជាតិ
អាជ្ញាធរខេត្តសៀមរាបបិទផ្សារសាមគ្គីបណ្ដោះអាសន្ន
26, May 2021 , 11:59 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទការចេញ-ចូលផ្សារសាមគ្គី ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាបជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែឧសភា។

 
រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកវិជ្ជមានថ្មីចំនួន៣នាក់បន្ថែមទៀត ក្នុងនោះមានអាជីវករលក់កាហ្វេម្នាក់ នៅមុខផ្សារសាមគ្គី។ ការណ៍នេះ ទើបរដ្ឋបាលខេត្តសម្រេចបិទផ្សារសាមគ្គីបណ្ដោះអាសន្ន រហូទដល់មានសេចក្ដីសម្រេចជាថ្មី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ឧសភា។ 
 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អាជីវករលក់កាហ្វេ យីហោ ឧម៉ា ស្ថិតនៅមុខឆៀងខាងលិចផ្សារសាមគ្គី មានឈ្មោះ ស៊ុ សុធា ភេទស្រី អាយុ៥០ឆ្នាំ ដែលមានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង។ តាមប្រវត្តិ ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨ ដល់៩ ខែឧសភា និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ តាមរថយន្តក្រុង នៅថ្ងៃទី១០ ខែឧសភា។
 
ពាក់ព័ន្ធករណីនេះ  រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទិញកាហ្វេពីទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារសាមគ្គី ចាប់ពីថ្ងៃទី១១ ខែឧសភា ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ 
 
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com